ភ្នំពេញ៖ មួយថ្ងៃមុនពេលរដ្ឋាភិបាលកម្ពុជាបើកកិច្ចប្រជុំជាមួយតំណាងប្រទេសម្ចាស់ជំនួយ ក្រុមអង្គការសង្គមស៊ីវិលបានទាមទារឲ្យរដ្ឋាភិបាលធ្វើឲ្យប្រសើរថែមទៀតក្នុងការដឹកនាំរដ្ឋ លើផ្នែកប្រជាធិបតេយ្យ ការកែទម្រង់តុលាការនិងការគ្រប់គ្រងធនធានធម្មជាតិ។
សំណើនេះបានធ្វើឡើងក្រោយពីមន្ត្រីតំណាងអង្គការក្រៅរដ្ឋាភិបាល សរុបចំនួនប្រមាណជា១០០នាក់ បានជួបប្រជុំគ្នានៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះដើម្បីបង្ហាញជំហររបស់ខ្លួនដាក់ជូនកិច្ចប្រជុំលើកទី១៩នៃគណៈកម្មការសម្របសម្រួលរវាងរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍នៅថ្ងៃពុធស្អែកនេះ។
ក្រុមមន្ដ្រីមកពីអង្គការ ដែលធ្វើការលើវិស័យដោយឡែកៗពីគ្នាចំនួន២០ បានស្នើឲ្យរដ្ឋាភិបាលបង្ហាញតម្លាភាពក្នុងការចាត់ចែងថវិការបស់ខ្លួនដូចជាត្រូវបង្ហាញជាសាធារណៈរបាយការណ៍សវនកម្ម បង្ហាញឲ្យបានមុននូវព្រឹត្តិប័ត្រស្តីពីបំណុលជាដើម។ ជាមួយនេះដែរ តំណាងសង្គមស៊ីវិលមានការសោកស្តាយចំពោះភាពយឺតយ៉ាវក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយបានទទូចឲ្យមានការអនុម័តច្បាប់សំខាន់ៗមួយចំនួន ដូចជាច្បាប់ស្តីពីការរៀបចំតុលាការនិងការកាត់ទោសនិងច្បាប់ស្តីពីលក្ខខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញាជាដើម។
នៅក្នុងក្របខ័ណ្ឌច្បាប់នេះដែរ ក្រុមអង្គការក្រៅរដ្ឋាភិបាលក៏បានទទូចឲ្យកែទម្រង់ច្បាប់បោះឆ្នោត ដោយសារច្បាប់នេះមានភាពសាំញ៉ាំពេកនិងខ្វះនូវយន្តការពង្រឹងនិងការដាក់បណ្តឹងសមស្រប។
នៅក្នុងការលើកពីគោលជំហររួមនេះដែរ ក្រុមអង្គការបានទាមទារឲ្យមានការយកចិត្តទុកដាក់លើការគ្រប់គ្រងចំណូលធនធានប្រេង ឧស្ម័ន និងរ៉ែ និងស្នើឲ្យពិគ្រោះយោបល់ជាមួយមហាជនឲ្យបានច្រើនថែមទៀតជុំវិញសេចក្ដីព្រាងច្បាប់និងបទដ្ឋាន។
លោកឈិត សំអាត នាយកប្រតិបត្តិនៃវេទិការអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (Ngo Forum) មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ក្រោយពីកិច្ចប្រជុំរវាងក្រុមអង្គការក្រៅរដ្ឋាភិបាលថា សំណើទាំងនេះគឺមានគោលដៅជួយកែលំអការគ្រប់គ្រងប្រទេសឲ្យបានប្រសើរ។
«ក្នុងឯកសារគោលជំហរអង្គការមិនមែនរដ្ឋាភិបាលនេះ មិនមែនក្នុងន័យទិតៀនទេគឺក្នុងន័យរិះគន់ស្ថាបនា»។
ដោយឡែក លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតសេរីនិងយុត្តិធម៌នៅកម្ពុជា (Comfrel) បានសង្កត់ធ្ងន់លើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
«ក្នុងនេះគឺដើម្បីផ្តល់ព័ត៌មានទៅដល់ការពិភាក្សាដល់ម្ចាស់ជំនួយជាមួយរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលថា ត្រូវយកចិត្តទុកដាក់ក្នុងកំណែទម្រង់បោះឆ្នោត ហើយក្នុងចំណុចសំខាន់នៃកំណែទម្រង់បោះឆ្នោតគឺការពិនិត្យមើលអំពីរចនាសម្ព័ន្ធសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ពីព្រោះដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយមានការទទួលស្គាល់ មានការចូលរួមពេញលេញ មានការទុកចិត្តគឺការរៀបចំអាជ្ញាកណ្តាលនេះឯង»។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ដ្រីមានប្រសាសន៍ដោយចាត់ទុកថា សំណើរបស់ក្រុមអង្គការសង្គមស៊ីវិលគឺជាការតស៊ូមតិមួយ។ ហើយលោកបានលើកពីការជឿនលឿនលើការកែទម្រង់ច្បាប់និងប្រព័ន្ធតុលាការ រួមទាំងដីធ្លី និងការរីកចម្រើនសេដ្ឋកិច្ច ជាទូទៅ។
«វាជាចំណាំងនៃការចង់ដឹង នៃការយល់របស់មហាជន។ នេះគឺជាដំណាក់កាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលយើងកំពុងប្រឹងប្រែងធ្វើ។ ហើយអ្វីដែលជាសន្ទុះដែលយើងទទួលបាន យើងឃើញលើចំណូលផលិតផលសរុបនៅក្នុងស្រុកគឺឡើង៧,១ភាគរយ ហើយការកាត់បន្ថយភាពក្រីក្ររបស់យើងបានជាង៧០ភាគរយ»។
ក្រុមអង្គការសង្គមស៊ីវិលបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងសកម្មភាពសង្គមនៅកម្ពុជា ជាពិសេសក្រោយពីការរៀបចំការបោះឆ្នោតដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣ ហើយអង្គការទាំងនេះបានរួមចំណែកជាទឹកប្រាក់ប្រមាណជា៥៥០លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំ២០១១។ នេះបើយោងតាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាល៕