ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​សមាជិក​ចំនួន​២៣ ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ ចំពោះ​អំពើ​ហិង្សា​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ ​ដែល​បាន​កើត​ឡើង​ជា​បន្ត​នៅ​កម្ពុជា​ ហើយ​បាន​កត់​សម្គាល់​ថា ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ទាំង​នោះ​ជា​អ្នក​ការពារ​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​ឯកជន ​ជា​ជាង​ការពារ​ប្រជាពលរដ្ឋ​អ្នក​រងគ្រោះ។

ការថ្កោលទោស​របស់​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​មាន​ការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​ជា​បន្តបន្ទាប់​ចំនួន​១៥​នាក់​យក​ទៅ​ឃុំឃាំង​ជា​បណ្ដោះ​អាសន្ន និង​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ ​និង​ប្រាំមួយ​ខែ​កាល​ពី​សប្ដាហ៍​មុន​ដោយសារ​តែ​ជន​រងគ្រោះ​ទាំង​នោះ​ បាន​តវ៉ា​ជំរុញ​ឲ្យ​មាន​ការដោះស្រាយ​និង​បែងចែក​ដីធ្លី​សម្រាប់​ពួក​គេក្រុម​អង្គការ​សង្គមស៊ីវិល​បាន​លើក​ឡើង​ថា ​រយៈពេល​ប្រាំ​ខែ​ដើម​ឆ្នាំ​២០១២​នេះ​ មាន​ប្រជាពលរដ្ឋ​រងគ្រោះ​សរុប​ចំនួន ​២៤​នាក់ ​ដោយសារ​ការ​បណ្ដេញចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ ការ​បង្រ្កាប​បាតុកម្ម​ដោយ​សន្ដិវិធី​ ការ​បាញ់ប្រហារ​ក្រៅ​ច្បាប់​ជា​ដើម ​ហើយ​មិន​មាន​ការ​ស៊ើបអង្កេត​ត្រឹមត្រូវ​នោះ​ទេ។

ជន​រងគ្រោះ​ដល់​ស្លាប់​មាន​ចំនួន​ពីរ​នាក់​គឺ​លោក ​ឈុត ​វុទ្ធី ​សកម្មជន​ការពារ​បរិដ្ឋាន​ម្នាក់​ និង​កុមារី​ហេង ​ចន្ថា ​ក្នុង​ខេត្ត​ក្រចេះ ​ការ​បាញ់​លើ​កម្មការីនីរោងចក្រ​ដោយ​អភិបាល​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ រួមទាំង​អ្នក​ភូមិបឹង​កក់​ទាំង​១៥​នាក់​ផងដែរ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​២៣​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា​ដោយ​សន្ដិវិធី ​ស្នើឲ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ករណី​សម្លាប់​ក្រៅ​ច្បាប់​ និង​ទាមទារ​ឲ្យ​ដោះលែង​ជា​បន្ទាន់​នូវ​អ្នក​ភូមិ​បឹងកក់​ទាំង​ ១៥នាក់។

លោក​នី ​ចរិយា ​ប្រធាន​ផ្នែកស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​លើកឡើង​ថា មាន​ប្រជាពលរដ្ឋ​ យ៉ាងហោចណាស់​ចំនួន​៤២៧​នាក់ ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​ចោទប្រកាន់​ដោយ​តុលាការ​ក្នុង​ជម្លោះ​ដីធ្លី ​និង​អំពើ​ហិង្សា​ផ្សេង​ៗ​រហូត​ដល់​ដើម​ឆ្នាំ​២០១២។

លោក​នី ​ចរិយា ​មាន​ប្រសាសន៍​ថា​ប្រជាពលរដ្ឋ​ទាំង​នេះ​កំពុង​ស្ថិត​ភាព​មិនប្រាកដ​ប្រជា​ពី​សុវត្ថិភាព​របស់​ខ្លួន។

«អ្នក​ដែល​ត្រូវ​ចោទប្រកាន់​នោះ​ គឺ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​គ្មាន​សុវត្ថិភាព​ទាល់តែ​សោះ​ក្នុង​ការ​រស់​នៅ​ជា​អ្នក​មាន​សេរីភាព​ដូច​គេ​ដែរ»។

លោក​ទិត្យ ​សុធា ​អ្នក​នាំពាក្យ​មួយ​រូប​របស់​អង្គភាព​ព័ត៌មាន ​និង​ប្រតិកម្មរហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​មាន​ទិសដៅ​ច្បាស់លាស់​ក្នុង​ការដោះស្រាយ​បញ្ហា​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់។ ​ក៏ប៉ុន្ដែ​ឧបទេ្ទហេតុ​មួយ​ចំនួន​ជា​រឿង​ចៃដន្យ ​ហើយ​លោក​ទិត្យ ​សុធា ​បាន​ហៅ​ប្រជាពលរដ្ឋ​នៃ​សហគមន៍​មួយ​ចំនួន​មាន​ការ​តាំងលំនៅ​ដោយ​ខុស​ច្បាប់។

«ការបង្រ្កាប​បទល្មើស​ដែល​មាន​ការ​តដៃគ្នា​គឺ​មាន​គ្រោះថ្នាក់​ចៃដន្យ​កើតឡើង​ ដូច្នេះ​រឿង​នេះ​មិន​អាច​ចាត់​ចូល​ជា​ចេតនា​របស់​សមត្ថកិច្ច​រាជរដ្ឋាភិបាល​ ក្នុង​ការសម្លាប់​មនុស្ស​ក្រៅ​ច្បាប់​ទេ​។​ បញ្ហា​បឹងកក់​ ដែល​មាន​ការចោទប្រកាន់​ទៅ​តុលាការ​នោះ​ជា​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​កម្ពុជា​ទៅ​លើ​អ្នក​ទាំងឡាយ​ណា​ដែល​ប្រព្រឹតិ្ត​ខុស​ច្បាប់»។

ទោះជា​យ៉ាង​ណា​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​បាន​ជំរុញ​បន្ថែមទៀត​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​ជនជាប់​សង្ស័យ​នានា​ក្នុង​ការ​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ក្រៅ​ច្បាប់​យក​មក​កាត់​ទោស៕

XS
SM
MD
LG