ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជានិង​ចិន​សន្យា​រក្សា​សន្តិភាព​នៅ​ដែន​សមុទ្រចិន​ខាង​ត្បូង


ប្រធានាធិបតី​ចិន ​លោក ​ហ៊ូ ​ជិនតាវ​ បញ្ចប់​ដំណើរទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ។
ប្រធានាធិបតី​ចិន ​លោក ​ហ៊ូ ​ជិនតាវ​ បញ្ចប់​ដំណើរទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ។

ប្រទេស​កម្ពុជា ​និង​ចិន​បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ក្រុង​ប៉េកាំង ​និង​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​សមាគម​ប្រជាជាតិអាស៊ី​អាគ្នេយ៍ ​ហៅ​ថា​អាស៊ាន​ ត្រូវ​តែ​រក្សា​តំបន់​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ឲ្យ​ស្ថិត​ក្នុង​សន្ដិភាព។ កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​រវាង​កម្ពុជា ​និង​ចិន​ នៅ​ចំពេល​ដែល​ប្រធានាធិបតី​ចិន ​លោក ​ហ៊ូ ​ជិនតាវ​ បញ្ចប់​ដំណើរទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ។ រដ្ឋមន្ដ្រី​ការបរទេស​របស់​វៀតណាម ​និង​ ហ្វ៊ីលីពីន​បាន​លើក​ពី​ចំណោទ​នៃ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បួង​នេះ។ សេចក្ដីថ្លែងការណ៍​រួម​បាន​សរសេរ​ថា ៖

«ប្រទេស​ចិន ​និង​បណ្ដា​ប្រទេស​អាស៊ាន​គួរតែ​ប្រឹងប្រែង​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង ​ការពារ​សនិ្តភាព​ និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បួង»។

លោក ​ហោ ​ណាំហុង ដែល​ជា​រដ្ឋមន្ដ្រី​ការបរទេស​កម្ពុជា ​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​ពី​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការបរទេស​ នៃ​ប្រទេស​អាស៊ាន​ទាំង​ដប់​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​មិញ​ថា​ ប្រទេស​ចិន​កំពុង​មាន​ឆន្ទៈ​ ក្នុង​ការ​ជជែក​រកដំណោះស្រាយ​ជម្លោះ​នេះ​ជាមួយ​សមាគម​អាស៊ាន។

«ពេល​ចិន​យល់ព្រម​ថា​នឹង​ត្រៀម​ពិភាក្សា​ពី​បញ្ហា​COC ហើយ។ ​យើង​គួរតែ​ឆ្លៀត​ឱកាស​នេះ​ ដើម្បី​ភិភាក្សា​ជាមួយ​ចិន។ ​ខ្ញុំ​និយាយ​ម្ដង​ទៀត​ថា ​ពេលណា​ដែល​ចិន​សម្តែង​នូវ​ឆន្ទៈ ​សម្តែង​នូវ​ការ​ត្រៀម​ចូលរួម យើង​គួរតែ​ចាប់​ផ្ដើម​ចរចា​ជាមួយ​ចិន»។

លោក​រដ្ឋមន្ដ្រីការបរទេស​ហ្វ៊ីលីពីន អលប៊ត ហ្វេ​ ដែល ឬោសារីយ៉ូ (Albert F. Del Rosario) បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​អាស៊ាន​ត្រូវ​តាក់តែង​ក្រុម​រួម​មួយ​ឲ្យ​រួចរាល់​សិន​ សឹម​ទៅ​ជជែក​ជាមួយ​ប្រទេស​ចិន។

«យើង​កំពុង​តស៊ូ​មតិ​ ដើម្បី​ឲ្យ​មាន​ការ​តាក់តែង​សេចក្ដីព្រាង​ក្រុម​ច្បាប់​មួយ​ មុន​នឹង​យើង​អង្គុយ​ជជែក​ជាមួយ​ប្រទេស​ចិន»។

ចិន​គឺ​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា ​ហើយ​ក៏​ជា​ប្រទេស​មួយដែល​មាន​ការ​បណ្ដាក់​ទុន​វិនិយោគ​ធំ​ជាង​គេ​នៅ​កម្ពុជា។

ទំហំ​វិនិយោគ​របស់​ប្រទេស​ចិន​កាល​ពី​ឆ្នាំ ​២០១១ ​បាន​កើន​ដល់​ជាង​១.១០០ ​លាន​ដុល្លារ​អាមេរិក។​ ហើយ​បណ្ដូរ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ មាន​ទំហំ​ជាង​២.៣០០ ​លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​មាន​ទំហំ​ត្រឹមតែ​ ១៨៤ ​លាន​ដុល្លារ ​តែ​ប៉ុណ្ណោះ។

ក្នុង​សេចក្ដីថ្លែងការណ៍​រួម​កម្ពុជាចិន​ដែល​មាន​ប្រាំបួន​ចំណុច​នៅ​ថ្ងៃ​នេះ ​ប្រទេស​ទាំង​ពីរ​បាន​ប្ដេជ្ញា​ជំរុញ​បណ្ដូរពាណិជ្ជកម្ម​រវាង​គ្នា​ឲ្យ​កើន​ដល់​៥.០០០ ​លាន​ដុល្លារ​នៅ​ឆ្នាំ ​២០១៧។

កិច្ចព្រមព្រៀង​ចំនួន​ដប់​ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក ​ហ៊ូ ​ជីនតាវ ​នេះ​ដែល​ជា​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​ និង​កិច្ចព្រមព្រៀង​ពាក់ពន្ធ័​នឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា​។ ​ចិន​បាន​ផ្ដល់​ជំនួយ​ជិត​៥០០​លាន​យុន ​ឬ​ ស្មើនឹង​ជាង​៧៥​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា៕

XS
SM
MD
LG