ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ចិន​គ្រោង​ចុះ​ហត្ថលេខា​លើ​«មូលនិធិ​ពិសេស»​ស្តីពី​កិច្ច​ព្រមព្រៀង​មេគង្គ-ឡានឆាង


រូបឯកសារ៖ គណៈប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​ជាមួយនឹង​គណៈប្រតិភូ​ចិន ដែល​ដឹកនាំ​ដោយ​​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩។ (AP Photo/Ng Han Guan, Pool)
រូបឯកសារ៖ គណៈប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​ជាមួយនឹង​គណៈប្រតិភូ​ចិន ដែល​ដឹកនាំ​ដោយ​​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩។ (AP Photo/Ng Han Guan, Pool)

ប្រទេស​កម្ពុជា និង​ចិន​នឹង​ចុះ​ហតុ្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ស្តីពី​«មូលនិធិ​ពិសេស»​សម្រាប់​គម្រោង​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ-ឡានឆាង​ឆ្នាំ​២០២០​នៅ​ថ្ងៃ​អង្គារ​ ទី​២៣​ ខែ​មិថុនា​នេះ​ ប៉ុន្តែ​មិន​បាន​បង្ហាញ​លម្អិត​អំពី​មូលនិធិ​ពិសេស​នោះ​ទេ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិចុះ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​បញ្ជាក់​ថា ​លោក ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​និង​លោក​វ៉ាង វិនធាន​ (Wang Wentian) ​ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​កម្ពុជា​ នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​មូលនិធិ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ៧ ​លាន​ដុល្លារ​អាមេរិក​នេះ។​

កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​មាន​របាយ​ការណ៍​រិះគន់​នៅ​ពេល​ថ្មីៗ​នេះថា​ ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​មុន​បាន​ទប់​ទំនប់​ដែល​ខ្លួន​បាន​សង់​លើ​ទន្លេមេគង្គ​ដែល​ចិន​ហៅ​ថា​ ឡាន​ឆាង​នោះ​ ដែលធ្វើ​ឲ្យ​កម្រិត​ទឹក​ចុះ​ទាប​ខុស​ធម្មតា ​និង​មានភាព​រាំង​ស្ងួត​ក្នុង​បណ្តា​ប្រទេស​ជាប់​ទន្លេ​មេគង្គ​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ដូច​ជា​ថៃ ឡាវ កម្ពុជា​និង​វៀតណាម។​

ក្រសួង​ការ​បរទេស​កម្ពុជា​លើកឡើង​ថា​ ​គម្រោង​កម្ពុជា​ចំនួន​២០​ត្រូវ​បាន​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​នេះ ​ភាគច្រើន​ផ្តោត​ទៅ​លើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​វិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម អភិវឌ្ឍន៍​ធនធាន​មនុស្ស សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ឺនធើណិត​ និង​វិស័យ​មួយ​ចំនួន​ទៀត​ តែមិន​បាន​បញ្ជាក់​លម្អិត​អំពី​សកម្មភាព​ទៅ​លើ​វិស័យ​ទាំង​នោះ​ទេ៕

XS
SM
MD
LG