ទំនាក់ទំនងចិននិងកម្ពុជាត្រូវបង្ហាញឲ្យឃើញថាដល់កម្រិតកំពូលនៅក្រោយពេលមានការផ្លាស់ប្តូរលិខិតទៅវិញទៅមករវាងមេដឹកនាំកំពូលៗរបស់ចិននិងកម្ពុជា។ ក្រុមមេដឹកនាំកំពូលចិនរួមទាំងលោកប្រធានាធិតី ស៊ី ជីនពីន និង លោកនាយករដ្ឋមន្ត្រី លី ខឺឈាង និង មេដឹកនាំកំពូលកម្ពុជាគឺព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើរលិខិតជូនពរគ្នាទៅវិញទៅមកក្នុងពេលប្រទេសទាំងពីរប្រារព្វខួបលើកទី៦០ នៃទំនាក់ទំនងការទូត។ ក្រុមមេដឹកនាំនៃប្រទេសទាំងពីរបានប្រើប្រាស់ភាសាការទូតដើម្បីសម្តែងការអរគុណនិងការតាំងចិត្តជួយគ្នាទៅវិញទៅមកបន្តទៀត មុនពេលបោះឆ្នោតក្នុងប្រទេសកម្ពុជាដែលគេជឿថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីនឹងទទួលបានជ័យជម្នះកាន់កាប់ រដ្ឋាភិបាលបន្តដោយសារតែគណបក្សជំទាស់គឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ ក្រុមអ្នកវិភាគកម្ពុជាខ្លះបង្ហាញឲ្យឃើញអំពី រូបភាពផ្សេងគ្នាចំពោះទំនាក់ទំនងចិនកម្ពុជាចុងក្រោយនេះ។
លោកបណ្ឌិត មាស នី អ្នកវិភាគក្នុងប្រទេសកម្ពុជាបានថ្លែងឲ្យដឹងអំពីភាពខុសគ្នានៃផល ប្រយោជន៍ដែលប្រទេសទាំងពីរអាចទាញយកពីគ្នាទៅវិញទៅមកចេញពីទំនាក់ទំនង៦ ទសវត្សរ៍នេះ។
«ទំនាក់ទំនងរវាងកម្ពុជាចិននេះ ចិនគេមើលមកទំនាក់ទំនងរបស់គេជាមួយកម្ពុជាក្នុងបំណង ផ្សេងគឺ ចិនជាយុទ្ធសាស្ត្រនយោបាយក្នុងការពង្រីកនូវទីធ្លានយោបាយផងនិង ទីធ្លាសេដ្ឋកិច្ច របស់គេផង។ តែយើងគឺ យើងមើលទៅ ទំនងដូចជាយើងនៅមានកម្រិតក្នុងការថាតើធ្វើម៉េច ដើម្បីឲ្យយើងអាចទទួលបានប្រយោជន៍ពីចិននេះ ក្រៅពីយើងធ្វើម៉េចឲ្យតែយើងនៅរក្សា អំណាចបានសិន»។
អ្នកវិភាគរូបនេះបានអះអាងថា ចាប់តាំងពីការផ្តល់ជំនួយរាប់រយលានដុល្លារ ជាច្រើនឆ្នាំ ចុងក្រោយនេះពីចិន ការបោះទុនវិនិយោគនិងពាណិជ្ជកម្មរាប់ពាន់លានដុល្លារ ហើយនឹងការផ្តល់ជំនួយផ្នែកបោះឆ្នោត ទន្ទឹមគ្នានឹងការធ្វើទំនាក់ទំនងល្អនេះបានបង្ហាញឲ្យឃើញពីការជួយធានាថា គណបក្សកាន់អំណាចនឹងឈ្នះការបោះឆ្នោតជាតិសម្រាប់អាណត្តិទី៦ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិដែល មានកម្លាំងប្រហាក់ប្រហែលគ្នានឹងបក្សកាន់អំណាច ហើយមាននិន្នាការទៅរកលោកសេរី ត្រូវរំលាយដោយពាក្យចោទប្រកាន់ថា ក្បត់ជាតិនិងប៉ុនប៉ងផ្តូលរំលំរដ្ឋាភិបាលកម្ពុជា។
«មកដល់ថ្ងៃនេះដូចជាមិនឃើញថាមិនច្បាស់ទៀតទេថា គឺថាការបោះឆ្នោតក្នុងរយៈពេលមួយអាទិត្យជាងខាងមុខទៀតនេះគឺជ័យជម្នះគឺត្រូវតែបានទៅគណបក្សកាន់អំណាចរួចស្រេច ហើយបាទ អញ្ចឹងមិនមានការសង្ស័យថាមានគណបក្សណាមកប្រជែង ហើយអ្វីដែល គេចាំមើលថាតើគណបក្សតូចៗមានសំណាងនឹងបានអាសនៈខ្លះឬអត់»។
លោក មាស នី ក៏បានបន្ថែមថាពលរដ្ឋកម្ពុជាជាអ្នកសម្រេចជោគវាសនាប្រទេសកម្ពុជា ដែលលោកថាជាប្រទេសដែលមិនអាចទាន់រលាស់ខ្លួនរួចពីចិននេះ។
លោក ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ បានអះអាងថាការផ្លាស់ប្តូរលិខិតរវាង មេដឹកនាំ ចិននិងកម្ពុជាគឺបង្ហាញពីកម្រិតកំពូលនៃទំនាក់ទំនងប្រទេសទាំងពីរ។
«កម្រិតកំពូលហ្នឹង ខ្ញុំចង់និយាយអំពីការជឿទុកចិត្តជាយុទ្ធសាស្ត្រ ពីព្រោះក្នុងទំនាក់ទំនង អន្តរជាតិ ការជឿទុកចិត្តជាយុទ្ធសាស្ត្រហ្នឹងសំខាន់ រវាងថ្នាក់ដឹកនាំទាំងពីរ»។
លោកបានបន្តថាមានកត្តាជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម មនុស្ស សន្តិសុខ ការជួយគ្នាទៅវិញទៅមកលើវិស័យផ្សេងៗដែលជាកត្តាទ្រទ្រង់និងជាសរសរនៃទំនាក់ទំនងជាយុទ្ធសាស្ត្រនេះ។
នៅក្នុងលិខិតអបអរសាទររបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីន ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិង កម្ពុជា ផ្ញើថ្វាយព្រះមហាក្សត្រកម្ពុជាគឺសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីដែល VOA ទទួលបាននោះ បានបញ្ជាក់ពីការឈរជាមួយគ្នា ការជួយគ្នានិងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រា លំបាក លើបញ្ហាផលប្រយោជន៍ស្នូល ដែលបានបង្កើនមិត្តភាពយ៉ាងស៊ីជម្រៅ វឌ្ឍនភាព យូរអង្វែងនិងមានភាពរឹងមាំខ្លាំងក្លាលើសពីមុនទៅទៀត បង្ហាញពីកំណើននៃទំនុកចិត្តផ្នែក នយោបាយនិងទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មីពាក់ព័ន្ធនឹងផ្លូវមួយ ខ្សែក្រវ៉ាត់មួយផងដែរ៖
«កិច្ចសហប្រតិបត្តិការផ្លូវមួយខ្សែក្រវ៉ាត់មួយ ទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់ ហើយកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន កម្ពុជា ក៏ត្រូវបាន បន្តពង្រឹងពង្រីក ដែលមិនត្រឹមតែនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃ ប្រទេសយើងទាំងពីរប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកកាន់តែច្រើនដល់ស្ថិរភាពនិង វិបុលភាព នៅក្នុងតំបន់និងពិភពលោកផងដែរ»។
នៅក្នុងព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រទៅកាន់លោក ស៊ី ជីនពីង ព្រះអង្គមានព្រះរាជ បន្ទូលផ្តល់តម្លៃយ៉ាងសំខាន់ចំពោះទំនាក់ទំងចិន និង កម្ពុជា ដែលនាំមកនូវការរីកចំរើន ការអភិវឌ្ឃន៍ ស្ថិរភាព សន្តិភាព និងវិបុលភាពតំបន់និងអន្តរជាតិ។
«ការប្រារព្វខួបអនុស្សាវរីយ៍លើកទី៦០នៃទំនាក់ទំនងការទូតរបស់យើងឆ្នាំនេះ នឹងពង្រឹង ចំណងទាក់ទងជាបងប្អូនរវាងប្រជាជនយើងទាំងពីរ ហើយនឹងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត នូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសយើងទាំងពីរ»។
លិខិតអបអរសាទរ របស់លោកនាយករដ្ឋមន្ត្រី លី ខឺឈាង នៃប្រទេសចិន ផ្ញើរជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាបានបញ្ជាក់ពីតម្លៃនៃទំនាក់ទំនង ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរក្រៅពីប្តេជ្ញាថានឹងបង្កើនកិច្ចសហប្រតិបត្តិការ។
«ចិននឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងការប្រកាន់យកមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅតាមលក្ខខណ្ឌរបស់ខ្លួន។ ខ្ញុំចង់ធ្វើការជាមួយសម្តេចដើម្បីបន្តពង្រឹងមិត្តភាពជា ប្រពៃណីរវាងចិន កម្ពុជា ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការតាមការអនុវត្តជាក់ស្តែងលើ គ្រប់វិស័យ ហើយនឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅកម្រិតថ្មីមួយ ទៀត»។
ប្រទេសចិនបានក្លាយជាប្រទេសដែលផ្តល់ជំនួយធំជាងគេបំផុតដល់កម្ពុជាជាអ្នកវិនិយោគ ដ៏ធំជាងគេផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលកម្ពុជាប្រកាសគាំទ្រនយោបាយចិនតែមួយនិងគាំទ្រគោលនយោបាយចិនលើការវាតទីកាន់កាប់ដែនទឹកប្រវត្តិសាស្ត្រ ក្នុងសមុទ្រចិនខាងត្បូង ដែលមានប្រទេសជាច្រើនក្នុងតំបន់រួមទាំង វៀតណាម ផងដែរដែលទាមទារជាកម្មសិទ្ធដ៏ចម្រូងចម្រាសផងនោះ៕