ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្សជំទាស់៖​​ គណបក្ស​គ្រប់គ្រង​ប្រទេស​មាន​ល្បិចកល​យក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​


គណបក្ស​សម រង្ស៉ី​​ឈ្នះ​អាសនៈ​ចំនួន​២៦​និង​គណបក្ស​សិទ្ធិ​មនុស្ស​ឈ្នះ​អាសនៈ​ចំនួន​៣​ក្នុង​សភា ​ក្រោយការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០០៨។​
គណបក្ស​សម រង្ស៉ី​​ឈ្នះ​អាសនៈ​ចំនួន​២៦​និង​គណបក្ស​សិទ្ធិ​មនុស្ស​ឈ្នះ​អាសនៈ​ចំនួន​៣​ក្នុង​សភា ​ក្រោយការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០០៨។​
​វ៉ាស៊ីនតោន​៖ ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​បាន​ថ្លែង​ថា​ ការ​ប្រឹងប្រែង​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​តាម​វិធី​ផ្សេងៗ​ ដើម្បី​ទប់ស្កាត់​ការ​បង្រួប​បង្រួម​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការ​ទប់ស្កាត់​ការ​ចូលរួម​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ក្នុង​ពេល​បោះឆ្នោត​ជាតិ​ខាងមុខ​ គឺជា​សញ្ញា​ខ្លាច​ចាញ់។​

គណបក្ស​ជំទាស់ថ្លែង​ដូច្នេះ​ដោយ​សំអាង​ថា​ បើ​គណបក្ស​គ្រប់គ្រង​ប្រទេសអនុញ្ញាត​ឲ្យ​លោក​សម រង្ស៉ី​ចូលរួម​ការបោះឆ្នោត​ដែល​មាន​ការរួមគ្នា​ជាមួយ​គណបក្ស​ជំទាស់​ផ្សេងទៀត​ យល់ព្រម​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​អាច​ទទួល​យកបាន​ពីគ្រប់​ភាគី​ផង​ គណបក្ស​សង្គ្រោះជាតិ​នឹង​ទទួល​បាន​ជ័យជម្នះ​ ហើយ​សម្លេង​ក្រុម​ជំទាស់​ក្នុងសភា​នឹង​កើនឡើង។​ ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​ចាត់ទុក​ថា ​រឿង​នេះ​ហើយ​ ដែល​គណបក្ស​គ្រប់គ្រង​ ប្រទេស​ព្យាយាម​ទប់ទល់​មុនការ​បោះឆ្នោត​ខាងមុខ។​
លោក​កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ និង​ជា​អនុប្រធាន​គណបក្ស​ សង្រ្គោះ​ជាតិ​ បាន​អះអាង​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​ចង់​បំផ្លាញ​ជោគជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​
«ដូច្នេះ​គេធ្វើអី​បាន​ដើម្បីកាត់​បន្ថយ​នូវ​ជ័យ​ជម្នះ​របស់យើង​ ​គេធ្វើ​ហើយ។​ ហើយ​ការ​អត់មាន​វត្តមាន​លោកសម រង្ស៉ី​ចូលមក​ក្នុង​ប្រទេស​ហ្នឹង​គឺ​ជា​ការ​ កាត់​បន្ថយ​នូវ​ជ័យ​ជម្នះ​យើង​មួយ​ផ្នែក​ហើយ។​ តែយើង​នៅតែ​គិត​ថា​ គណបក្ស​ប្រជាជន​ហ្នឹង​ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គាត់​នៅ​មិនទាន់​ហ៊ាន​ប្រកួត​ជាមួយ​លោក​សម រង្ស៉ី​នៅ​ឡើយ​ទេ»។​
គណបក្ស​សម រង្ស៉ីឈ្នះ​អាសនៈ​ចំនួន​២៦​និង​គណបក្ស​សិទ្ធិ​មនុស្ស​ឈ្នះ​អាសនៈ​ចំនួន​៣​ក្នុង​សភា ​ក្រោយការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០០៨​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​៩០​អាសនៈ។​

តាមច្បាប់​ គណបក្ស​ជំទាស់​ទាំង​នេះ​ត្រូវការ​សម្លេង​៣០​អាសនៈ​នៅ​សភាដើម្បី​កោះហៅ​សមាជិក​រដ្ឋាភិបាល​ ឬ​នាយក​រដ្ឋមន្ត្រី​មក​សាកសួរ​ ឬ​ស្តីបន្ទោស​ ហើយ​នឹង​សម្លេង​៤២​អាសនៈ​ដើម្បី​ធ្វើ​ឲ្យ​ខ្វះ​កូរ៉ុម​ប្រជុំ​ ធ្វើ​ឲ្យ​គាំង​ដំណើរ​ប្រជុំ​សភា​និង​អនុម័ត​នូវអ្វី​ដែលពួកគេយល់​ថា ​ជា​រឿង​ខាត​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​និង​ប្រជាជាតិ។​ លោក​កឹម សុខា​ថ្លែង​ថា៖​
«ហើយ​បើសិន​ជា​យើង​ឈ្នះ​បាន​ដល់​កៀកគ្នា​មែនទែន ​ចាប់ពី​៥០​ទៅ​៦០​ដូច​គ្នា​នោះ ​យើង​មាន​គណបក្ស​ប្រឆាំង​មួយ​ដ៏ធំ​ដែល​យើង​ជឿង​ថា​គណបក្ស​កាន់​អំណាច​មាន​ការ​ភ័យព្រួយ។​ តែ​បើ​យើង​មើល​សន្ទុះ​នៃ​ការ​គាំទ្រ​របស់​ប្រជា​ពលរដ្ឋ​បច្ចុប្បន្ន​ ហើយ​មាន​ការ​បោះឆ្នោត​ឲ្យមាន​លក្ខណៈ​សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​អាច​ទទួល​យកបាន​ត្រឹមតែ​កម្រិត​ស្តង់ដារ​អន្តរជាតិ​ល្មម​ចុះ​ យើង​ក៏នឹង​អាច​ទទួល​ជ័យជម្នះ​នៅឆ្នាំ​២០១៣​នេះ​ពិត​ប្រាកដ»។​
ក្រុម​គណបក្ស​ជំទាស់​ធ្លាប់​ខកខាន​ក្នុង​ការ​ទប់ស្កាត់​ការ​អនុម័ត​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៣​ដែល​គេ​ចង់ឲ្យ​មាន​ការ​កែ​សម្រួល​ ហើយនឹង​ខកខាន​ក្នុងការ​រារាំង​ការ​ដក​អភ័យ​ឯក​សិទ្ធិ​លោក​សម រង្ស៉ី​ និង​តំណាង​រាស្ត្រ​គណបក្សជំទាស់​មួយ​ចំនួន​ទៀត​ផង​ដែរ ​ដោយសារ​តែ​ខ្វះ​សំឡេង​សមាជិក​សភា​នោះ។​
លោក​យឹម សុវណ្ណ​ តំណាងរាស្ត្រ ​និង​ជា​អ្នក​នាំពាក្យគណបក្ស​សម រង្ស៉ី​ បាន​អះអាង​ថា​ នៅ​ពេល​គណបក្ស​ជំទាស់​ខ្លាំង​ វាល្អ​សម្រាប់​ប្រទេស​ជាតិ​ ដែល​មិន​បណ្តោយ​ឲ្យ​គណបក្ស​កាន់​អំណាច​ធ្វើអ្វី​ស្រេចតែ​អំពើ​ចិត្ត។​
«ហើយ​កាលណាប្រព័ន្ធ​ត្រួតពិនិត្យ​និងតុល្យភាព​កាន់តែ​រឹងម៉ាំ​គឺជា​ឧបសគ្គ​ធំ​ណាស់​ចំពោះ​អ្នក​ដឹកនាំ​ផ្តាច់ការ។​ ដូច្នេះ​ហើយ​បាន​ជាគេ​ខំ​ប្រឹងប្រែង​ទប់ស្កាត់​គ្រប់​មធ្យោបាយ​ទាំងអស់»។​
លោក​យឹម សុវណ្ណ​អះអាង​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​ភ័យខ្លាច​ដោយសារ​សភា​ប្រើប្រាស់​ប្រព័ន្ធ​៥០​ភាគ​រយ​បូក​១​ ឬ​៦៣​សម្លេង​នៃ​១២៣ ​សម្លេង​ក្នុង​ចំណោម​អាសនៈ​ក្នុងសភា​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ឬ​អនុម័ត​ច្បាប់​និង​បញ្ហា​នានា។​ មន្ត្រី​គណបក្ស​ជំទាស់​អះអាង​ថា ​រឿង​ទាំងនេះ​ហើយ​ដែល​ជា​បញ្ហា​គណបក្ស​កាន់​អំណាច​មិនព្រម​ចរចា​ដើម្បីឲ្យ​លោក​សម រង្ស៉ី​ដែល​ជាប់ទោស​នយោបាយ​នោះ ​បាន​ចូល​ស្រុក​វិញ​ ហើយ​មិន​ព្រម​កែ​ទម្រង់​គ.ជ.ប​.ឲ្យ​មាន​សមាភាព​គណបក្ស​ជំទាស់​នៅថ្នាក់ជាតិ​និងថ្នាក់​មូលដ្ឋាន។​
«គណបក្ស​កាន់អំណាច​សព្វថ្ងៃ​ដឹង​ច្បាស់​ណាស់​ បើ​បោះឆ្នោត​ត្រឹមត្រូវ​ សេរី​ និង​យុត្តិធម៌​ប្រាកដ​ជា​មិន​ឈ្នះ​គណបក្ស​សង្រ្គោះជាតិ​ទេ។​ បើ​លោក​សម រង្ស៉ី​ចូល​មកទៀត​គឺថា ​ប្រជា​ប្រិយ​ភាព​នឹង​កាន់​តែកើន​ឡើង​ខ្លាំង​ក្លា​ជាទី​បំផុត»។​
ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ជាម យៀប ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​តំណាងរាស្ត្របាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​ដោយ​អះអាង​ថា៖​

«ខ្ញុំ​សូម​ជំរាប​ថា​ បុគ្គល​សម រង្ស៉ី​មិន​មែន​ជា​បុគ្គល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាច​ឈ្នះ​ទេ។​ ឈ្នះៗ​ទៅ​ ជា​ធម្មតា​ទេ។​ យើង​អត់មាន​កោត​ញញើត​ ខ្លា​ចក្រែង​នោះ​ទេ។​ តែ​កន្លង​ទៅ​លោក​ពិនិត្យ​មើល​តាំងពី​សម រង្ស៉ី​បង្កើត​គណបក្ស​សម រង្ស៉ី​នៅ​អាណត្តិ​ទី២​មក​ តើ​គណបក្ស​សម រង្ស៉ី​ហ្នឹង​ធ្វើអ្វី​បាន​ខ្លះ ហើយ​ប្រជាជន​ជឿជាក់​លើគាត់​លើស​លុប​យ៉ាង​ម៉េច​ខ្លះ?​ បើ​ប្រៀប​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​បច្ចុប្បន្ន​នេះ»។​
លោក​ជាម យៀប​ថ្លែង​ដូច្នេះ​ ដោយយោង​ថា ​សមាជិក​គណបក្ស​លោក​មាន​ជាង​៥​លាន​នាក់​ ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​បើ​ប្រៀប​ធៀប​ទៅ​នឹង​គណបក្ស​សម រង្ស៉ី​មាន​តែ​ជាង​១លាន​នាក់​ប៉ុណ្ណោះ។​
«ហើយ​ខ្ញុំ​មាន​ជំនឿ​ថា​ មិនចាញ់​គណបក្ស​ណា​ទេ​ មិនមែន​តែ​សម រង្ស៉ី​ទេ​ គណបក្ស​ណាក៏​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ចាញ់ឆ្នោត​បាន​ដែរ​នៅ​ក្នុង​អាណត្តិ​ក្រោយៗ​ទៀត​នេះ»។​
លោក​បាន​ប្រៀប​ធៀប​គណបក្ស​របស់​លោក​ទៅនឹង​មាស​ដែល​នៅតែ​ជា​មាស។ ​លោក​បានវាយ​ប្រហារ​គណបក្ស​ជំទាស់ថា​ ជា​ទម្លាប់​តាំងពី​អណត្តិ​មុនៗ​ ដែល​មាន​ការ​តវ៉ា​ ការ​ធ្វើពិហិការ ​មិនចូលរួម​បង្កើត​រចនា​សម្ព័ន្ធ​សភា​ជាដើម ​ក្រោយ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​ភ្លូកទឹក​ភ្លូកដី។
លោក​បាន​អះអាង​ថា ​ករណី​លោក​សម រង្ស៉ី​ជារឿង​របស់​តុលាការ​ មិនមែន​ជា​រឿង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ក៏មិនមែន​ជារឿង​នយោបាយ​ដែរ។​
ក៏​ប៉ុន្តែ​លោក​យឹម សុវណ្ណ​បាន​អះអាង​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​ប្រើ ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ដើម្បី​ចាត់ការ​ក្រុម​ជំទាស់​ ជាពិសេសលោក​សម រង្ស៉ី​ដោយ​មិន​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រកប​ដោយ​កិត្តិយស។​
« ពីព្រោះ​អត់សេរី ​និង​អត់​យុត្តិធម៌។​ យើង​(គណបក្ស​កាន់អំណាច)​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​គេ​មើល​ឃើញ​ថា ​ជា​ប្រព័ន្ធ​តុលាការ ​ទទួល​នូវ​ឥទ្ធិពល​នៃ​គណបក្ស​កាន់​អំណាច ​ហើយ​មក​ដាក់​ទោស​ទណ្ឌ​ដែល​គ្មាន​ មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ​ ដាក់ទោស​ទណ្ឌ​ក្នុង​ហេតុផល​នយោបាយ។ ​ អាហ្នឹង​គេ​មើល​ឃើញ​យ៉ាងច្បាស់។ ​ទាំង​សហគមន៍​អន្តរជាតិ​ ទាំង​បណ្តា​ប្រទេស​មហា​អំណាច​ធំៗ​ហ្នឹង ​គេ​មើល​ឃើញ​ថា ​គណបក្ស​ប្រជាជន​ហ្នឹង​កំពុង​តែ​ព្រួយ​បារម្ភ​ ហើយ​ប្រើប្រាស់​ល្បិចកល​មិនយុត្តិធម៌​ទាល់តែសោះ​ ដើម្បី​ប្រជែង​យកឈ្នះ​នៅ​ឆ្នាំ​២០១៣​ហ្នឹង»។​
លោក​យឹម សុវណ្ណ​ និងលោក​កឹម សុខា​អះអាង​ថា ​ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោល​នយោបាយ​ច្បាស់លាស់​ និង​មាន​សាមគ្គីភាព​ទាំង​ថ្នាក់​ជាតិ​និង​មូលដ្ឋាន​ដ៏​រឹងមាំ​ផង​នោះ​ ​គណបក្ស​នេះ​កំពុង​ធ្វើឲ្យ​មាន​ប្រជា​ពលរដ្ឋ​ច្រើន​ចូលរួម​ជាមួយ​គណបក្ស​នេះ។​

មេដឹកនាំ​ក្រុមជំទាស់​ទាំងពីរ​អះអាង​ថា​ ពលរដ្ឋ​ខ្មែរ​ចង់មាន​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស​ ដោយសារ​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​ មិន​អាច​ដោះស្រាយ​បាន​នូវ​បញ្ហា​ប្រទេស​ជា​ច្រើន ​ដូច​ជា​អំពើ​ពុករលួយ​ រឿង​ព្រំដែន​ជា​មួយ​ប្រទេស​ជិតខាង​ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ ការ​រំលោភ​បំពាន​ដីធ្លី​ ទំនិញ​ឡើង​ថ្លៃ ​ជីវភាព​ពលរដ្ឋ​ មន្ត្រី​រាជការ​ ប៉ូលិស ​ទាហាន​មាន​កម្រិត​ទាប​ បញ្ហា​ធនធាន​ធម្មជាតិ​ ព្រៃឈើ​ រ៉ែ​ ត្រី ​ការធ្វើ​កំណែ​ទម្រង់ប្រព័ន្ធ​តុលាការ​ បញ្ហា​ធានា​ទីផ្សារ​សម្រាប់​ផលិត​ផល​កសិកម្ម​ និង​ការ​គិតគូរ​ពីប្រាក់​សង្គម​កិច្ច​ដល់​មនុស្ស​ចាស់​ជាដើម។​
លោក​ជាម យៀប​ថ្លែង​ការពារ​គណបក្ស​លោក​ ដោយ​និយាយ​ថា​ គណបក្ស ​នេះ​បាន​ដឹកនាំ​ប្រទេស​ត្រឹមត្រូវ​ មានការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ជាពិសេស​លើការ​ខិតខំ​កសាង​ប្រទេស​ជាតិ ​និង​ការពារ​ប្រទេស​ជាតិ​កុំឲ្យ​បាត់បង់។​
«ហើយ​សូម​ជំរាប​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ ប្រជាជន​ជឿជាក់ ​ឲ្យ​ស្រឡាញ់​រាប់អាន ​និង​បោះឆ្នោត​ឲ្យ​កាន់តែ​បាន​ច្រើន​ថែម​ទៀត​លើស​អាណត្តិ​មុនៗ»។​
ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ នៅថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​ ដែល​គេ​មើល​ឃើញ​ថា ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៉ី ​និង​លោក​កឹម ​សុខា​ ជាគណបក្ស​ជំទាស់​ដ៏ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​គេ​គិត​ថា​ ជា​ដៃ​គូ​ដ៏​សក្តិសម​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់កាប់​អំណាច​ជាង​៣០​ឆ្នាំ​នោះ។​ មេ​ដឹកនាំ​ក្រុម​ជំទាស់​គឺ​លោក​សម រង្ស៉ី​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ក្រោយពី​ជាប់​ពិរុទ្ធ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម ​កាលពី​ឆ្នាំ​២០០៩​ នៅ​ខេត្ត​ស្វាយរៀង។ ​

គេ​ចាត់​ទុក​ថា ​ចំណាត់​ការ​ប្រឆាំង​នឹង​លោក​សម រង្ស៉ី​នេះ​គឺ​ជា​រឿង​បណ្តាល​មកពី​ហេតុផល​នយោបាយ ​ដែល​គួរ​ត្រូវ​មាន​ការ​សម្រប​ សម្រួល​ផ្នែក​នយោបាយ​ដើម្បី​ឲ្យ​លោក​សម រង្ស៉ី​អាច​ចូលមក​កម្ពុជា​និង​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​បាន។​ ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​អះអាង​ថា ​ការ​បោះឆ្នោត​ខាង​មុខ​ ឬ​ក៏រដ្ឋាភិបាល​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​ដែល​គ្មាន​ការ​រៀបចំ​ដោយ​សេរី​ និង​យុត្តិធម៌នោះ​ នឹង​ពុំមាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ទេ៕​
XS
SM
MD
LG