ភ្នំពេញ៖ តុលាការក្រុងភ្នំពេញនៅថ្ងៃអង្គារនេះបានសម្រេចឃុំខ្លួនបណ្តោះអាសន្នសកម្មជនតវ៉ារឿងវិវាទដីធ្លីដ៏លេចធ្លោមួយរូបនៅតំបន់បឹងកក់ពីបទសង្ស័យថាជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាដោយចេតនា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីតុលាការ និងមន្ត្រីសិទ្ធិមនុស្ស។
លោក តែ សំអាង ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញបាននិយាយថា ការសម្រេចឃុំខ្លួននេះបានធ្វើឡើងតាមមាត្រាទី២១៨ នៃក្រមព្រហ្មទណ្ឌថ្មី។ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីមូលហេតុនៃការឃុំខ្លួននេះទេ។
នៅព្រឹកថ្ងៃអង្ការនេះ អាជ្ញាធរនគរបាលស្លៀកពាក់ស៊ីវិលបានឆ្មក់ចាប់អ្នកស្រី យ៉ោម បុប្ផា និងស្វាមីរបស់អ្នកស្រីឈ្មោះ លួស សាខន ហើយបានបង្កឲ្យមានការភ្ងាក់ផ្អើលមួយនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលពួកគេត្រូវបានអាជ្ញាធរកោះហៅឲ្យទៅមើលបញ្ជីឈ្មោះបោះឆ្នោត និងធ្វើអត្តសញ្ញាណបណ្ណនៅសង្កាត់ស្រះចក។
លោកចៅក្រម តែ សំអាង បាននិយាយថា អ្នកស្រីយ៉ោម បុប្ផា ត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ ចំណែកឯស្វាមីរបស់អ្នកស្រីត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
«លែងយ៉ាងម៉េច។ ត្រូវឃុំខ្លួនគាត់បណ្តោះអាសន្ន។ ហើយប្តីគាត់ឲ្យត្រឡប់ទៅវិញ មិនមានភាពចាំបាច់ទេគឺគាត់អាចនៅក្រៅឃុំបាន»។
ការចាប់ខ្លួននេះត្រូវបានធ្វើឡើងក្រោយពីមានជម្លោះមួយកាលពីដើមខែសីហា នៅភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជម្លោះនេះបានបង្កឡើងដោយសារតែរថយន្តរបស់អ្នកស្រី យ៉ោម បុប្ផា ត្រូវបានជនមិនស្គាល់មុខលួចកាច់កញ្ចក់ជាច្រើនលើក។ ក៏ប៉ុន្តែនៅថ្ងៃកើតហេតុចុងក្រោយនោះ សមាជិកក្រុមគ្រួសារបានសង្ស័យជនមិនស្គាល់ឈ្មោះមួយរូប រួចបាននាំគ្នាវាយតប់លើជនសង្ស័យនោះតែម្តង។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា អ្នកស្រី យ៉ោម បុប្ផា និងស្វាមីមិនបានចូលរួមនៅក្នុងសកម្មភាពអំពើហិង្សាទាំងនោះទេ។
អ្នកស្រី ទេព វ៉ាន្នី តំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់បានហៅការចាប់ខ្លួនរបស់អ្នកស្រីថា ប្រៀបដូចជាសកម្មភាពចោរប្លន់។ អ្នកស្រីបាននិយាយថា ការចាប់ខ្លួននេះគឺជាការរំលោភលើផ្លូវច្បាប់។
«និយាយរួមថា ពួគខ្ញុំឥតដឹងថាម៉េចទេ ប៉ុន្តែអ្នកដែលទៅឃើញសភាពផ្ទាល់ហ្នឹងថាដូចជាចោរប្លន់អញ្ចឹង។ ព្រោះអ្នកចាប់ហ្នឹង គាត់ឥតមានពាក់ឯកសណ្ឋានសម្គាល់អីច្បាស់ផងទេ។ សូម្បីតែឡានដែលចាប់គាត់ចូលហ្នឹង ក៏ឥតមានស្លាកលេខដែរ។ ហើយឥតមានដាក់អត្តសញ្ញាណ សញ្ញាអីថាឡាន ហ្នឹងចេញមកពីណាទេ»។
លោក អំ សំអាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូបាននិយាយថា នេះគឺជាការបំបាក់ស្មារតីពីសំណាក់អាជ្ញាធរមកលើប្រជាពលរដ្ឋនៅតំបន់បឹងកក់មិនឲ្យហានចេញមុខតវ៉ាប្រឆាំងរឿងវិវាទដីធ្លី។
«នេះគឺជាចេតនាមួយ ក្នុងការបំបាក់ស្មារតីអ្នកបឹងកក់នេះថ្មីមួយទៀតដែរ។ បើសិនជាការស្រាវជ្រាវហ្នឹង ស៊ើបអង្កេតហ្នឹងមិនបានដិតដល់ទេ។ វាអាចធ្វើឲ្យមានការតវ៉ាពីប្រជាពលរដ្ឋនៅតំបន់បឹងកក់ជាបន្តទៀត។ យើងបារម្ភថា អំពើហិង្សាអាចកើតមានជាបន្តបន្ទាប់»។
អ្នកស្រី យ៉ោម បុប្ផា អាយុ៣៣ឆ្នាំ ធ្លាប់ចេញមុខតវ៉ារឿងវិវាទដីធ្លីដ៏លេចធ្លោពាក់ព័ន្ធទៅនឹងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងកក់ ដែលបានអូសបន្លាយអស់ជាច្រើនឆ្នាំដោយពុំមានដំណោះស្រាយ៕