ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​លោកហោ​ ណាំហុង​មក​សរអា​ ​ពលរដ្ឋ​ខ្មែរអាមេរិកាំង​​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​អ្នកភូមិ​បឹងកក់​


លោក​ឧបនាយករដ្ឋមន្ត្រី​ហោណាំ ហុង​រដ្ឋមន្ត្រី​ការ​បរទេសកម្ពុជា​ជួប​ជាមួយ​លោកស្រី​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​ ហ៊ីលឡារី គ្លីនតុន​។
លោក​ឧបនាយករដ្ឋមន្ត្រី​ហោណាំ ហុង​រដ្ឋមន្ត្រី​ការ​បរទេសកម្ពុជា​ជួប​ជាមួយ​លោកស្រី​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​ ហ៊ីលឡារី គ្លីនតុន​។

ពលរដ្ឋ​ខ្មែរអាមេរិកាំង​ធ្វើ​បាតុកម្មនៅ​មុខក្រសួង​ការបរទេស​អាមេរិក​ដើម្បី​ទាមទារ​ឲ្យ​សរអា​ដាក់សម្ភាធ​ដល់រដ្ឋាភិបាល​កម្ពុជាឲ្យ​ដោះលែង​ពលរដ្ឋ​បឹងកក់១៥​នាក់ ​និង​ធ្វើឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិ ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ។

តំណាង​ពលរដ្ឋខ្មែរ​អាមេរិកាំង​មកពី​រដ្ឋ​ជាច្រើន​បាន​ធ្វើបាតុកម្ម​តវ៉ា​នៅមុខ​ក្រសួង​ការ​បរទេស​សរអា ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​និង​ជួបមន្ត្រី​អាមរិកាំង​ ដើម្បី​ជំរុញ​សរអា​ជួយ​ដាក់សម្ភាធ​ឲ្យមេដឹក​នាំ​កម្ពុជា​បញ្ឈប់​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ ការ​រំលោភ​បំពាន​ដីធ្លី​ និង​ឲ្យកែទម្រង់​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើងវិញ ​ក្នុងពេលលោក​ឧបនាយករដ្ឋមន្ត្រី​ហោណាំ ហុង​រដ្ឋមន្ត្រី​ការ​បរទេសកម្ពុជា​ជួប​ជាមួយ​លោកស្រី​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​ ហ៊ីលឡារី គ្លីនតុន​នៅថ្ងៃ​កាលពី​ពាក់​កណ្តាល​ខែ​នេះ។​

ក្រុម​តំណាង​ពលរដ្ឋខ្មែរ​អាមេរិកាំង​៦នាក់​បានជួបលោក ​Joseph Yun​ ឧបការី​រង​រដ្ឋមន្ត្រីការ​បរទេស​សរអា​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​និង​តំបន់​អាស៊ាន​ដើម្បីរៀបរាប់​ពី​បញ្ហាដែល​ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​សកម្មភាព​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន ​ឲ្យ​ដោះលែង​ ជន​រងគ្រោះ​ទំនាស់​ដីធ្លី​គឺ​ពលរដ្ឋ​បឹងកក់​១៥នាក់​ រកឃាដ​ករបាញ់​សំឡាប់​សកម្មជន​ព្​រៃឈើ​គឺ​លោក​ឈុត វុទ្ធី​ឲ្យឃើញ​ ​និង​បញ្ឈប់​អំពើ​បាញ់​កម្មករ​ រោង​ចក្រកាត់ដេរ​ និង​ជនរងគ្រោះដីធ្លី ​ហើយ​ត្រូវធានាថា ​នឹង​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​រីក​ចម្រើន ​និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោក ​គុជ ចាន់លី​ ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​មកពីរដ្ឋ មែរីឡែន​ហើយ​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រតិភូ​ជួប​មន្ត្រី​អាមរិកាំង​ បាន​អះអាង​ថា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចង់ឲ្យ​សរអា​ដាក់​សម្ភាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាវិល​ត្រឡប់​ដើរ​តាមផ្លូវ​ត្រូវវិញ​លើបញ្ហាសិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ។​

«លោក ​Joseph Yun​ និង Eric ​ដែល​ជាជំនួយការ​របស់​គាត់ ​បាន​សន្យា​ជា​មួយ​យើង​ជា​ខ្មែរ​អាមេរិកាំង​ក្នុង​ស្រុក​អាមេរិក​នេះ​ថា​ គាត់នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​នៃ​ប្រទេស​កម្ពុជា​នៅថ្ងៃ​នេះ​ ដើម្បី​ឲ្យ​លោក​ហោ ណាំហុង​លើក​យក​បញ្ហា​ហ្នឹង​ទៅប្រាប់​លោក​នាយក​រដ្ឋមន្ត្រីខ្មែរ​ហ៊ុន សែន​ឲ្យ​ចាត់វិធាន​ការ​ដោះលែង​ប្រជា​ពលរដ្ឋខ្មែរ​ជាបន្ទាន់ ហើយ​ត្រូវ​ធានា​ផ្ទះ​សំបែង​ឲ្យ​គាត់​មាន​នៅ​ ហើយនឹងត្រូវ​ធានា​រាប់រង​សុវត្តិភាព​របស់​គាត់​នៅ​ក្នុង​ពេល​អនាគត​ផង»។​

ប្រជា​ពលរដ្ឋ​បឹងកក់១៥​នាក់​ក្នុងចំណោម​អ្នកតវ៉ា​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី​ផ្ទះ​សម្បែង​សមរម្យ ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់គុក ​ក្រោយ​ពីពលរដ្ឋ​ទាំង​នោះ​តវ៉ា​អហឹង្សា​ ឲ្យ​អាជ្ញាធរ​ប្រគល់​ដី​និង​ផ្ទះ​សម្បែង​ដែល​គេ​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន​វិនិយោគ​ទុន​នោះ។ ​

លោក ​ចាន់លី​បាន​ព្រមាន​ថា ​ពលរដ្ឋ​កម្ពុជា​អាច​ងើប​តវ៉ា​ដូច​ក្នុង​ប្រវត្តិសាស្ត្រ បាន បង្ហាញ​រួច​ស្រេច​ ប្រសិន​បើគ្មាន​ដំណោះ​ស្រាយ​ទេ។​ «បើ​សិន​ជា​មាន​សម្ភាធ​នៃ​រដ្ឋាភិបាល​អាមេរិកាំង​ ​ហើយ​មិនមាន​ការផ្លាស់​ប្តូរ​ទេ​ អាមេរិកាំង​នឹង​ឈប់​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា។ ​ហើយ​ប្រសិន​បើ​ប្រជា​ពលរដ្ឋខ្មែរ​នៅ​ក្នុង​ស្រុក​ងើប​ឡើង​ទាមទារ​រក​វិធី​កសាង​អនាគត​ប្រទេស​របស់​ខ្លួន​គឺ​ថា ​ប្រទេស​មហាអំណាច​ទាំងអស់​នឹង​គាំទ្​រប្រជា​ពលរដ្ឋ​ខ្មែរ​វិញ»។​

លោក​អ៊ូ គឹមហួត​ អ្នក​តវ៉ាម្នាក់​មក​ពីរដ្ឋ​ភែនស៊ីលវីនៀ ​បាន​ថ្លែងថា​ ពលរដ្ឋ​កម្ពុជា​ចង់រស់​នៅ​មាន​សេរីភាព​ ប្រជាធិបតេយ្យ​ មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ ដូច​សរអា។ គេ​មិន​ចង់​ឃើញ​ពល​រដ្ឋកម្ពុជា​រស់នៅ​បាន​ព្រឹក​ខ្វះ​ ល្ងាច ត្រូវគេ​ជិះជាន់​ ចាប់​ដាក់គុក ​ដូច​ជន​រងគ្រោះ​ដោយសារ​ដីធ្លី​ទេ។​

«ចង់ឃើញ​សរអា​មាន​មិត្តភាពដែល​ពេញ​បរិបូណ៌​ល្អ​ប្រសើរ​ជាជាង​សរអា​ទៅ​រក​មិត្តភាព​ជាមួយ​ពួក​ផ្តាច់ការ​ដែល​តែងតែ​កិបកេង​យក​ចំណេញ​បោកប្រាស់​សរអា​ជាប់​ជា​និច្ច»។​

ពលរដ្ឋ​ខ្មែរអាមេរិកាំង​បាន​លើក​បដា​ជាភាសាខ្មែរ​និង​អង់គ្លេស​ ស្រែកតវ៉ា​ បរិហារ​រិះគន់​ធ្ងន់ៗ​ចំពោះ​មេដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​គឺ​លោក​ ហ៊ុន សែន ​និងលោក​ហោ ណាំហុង។ បាតុកម្ម​នេះ​ធ្វើ​នៅមុខ​ក្រសួងការ​បរទេស​សរអា​ ដែលមាន​ភ្ញៀវ​បរទេស​ពី​ប្រទេស​នានា​ចូលរួម​ប្រជុំ​ជា​ច្រើន។​ ការ​តវ៉ា​និង​ពាក្យរិះគន់​ធ្ងន់ៗ​បាន​កើនឡើង​នៅពេល​មន្ត្រីកម្ពុជា​ លោក​អ៊ុច បូររិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ខ្មែរ​អញ្ជើញ​មក​ដល់ ​ក្រសួង​ការបរទេស​សរអា​ជាមួយ​លោក​ ហែម ហេង​ ឯក​អគ្គរាជទូតខ្មែរ​ប្រចាំរដ្ឋ​ធានីវ៉ាស៊ីន ដើម្បីរៀប​ចំ​ដំណើរ​មក​ដល់​របស់​លោក​ហោ​ណាំហុង។​

ថ្លែង​ប្រាប់វីអូអេ​នៅមុខ​ក្រសួង​ការ​បរទេស​សរអា ​លោក អ៊ុច បូររិទ្ធ​បាន​ចាត់​ទុក​ថា​ ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកាំង​ជាសិទ្ធិ​របស់​ពួក​គេ។​ តែ​លោក​អះអាង​ថា​ ប្រជាពល​រដ្ឋទាំង​នោះ​មិនគួរ​ប្រើពាក្យ​អសុរស​ ដែល​នាំ​ឲ្យ​ខ្មាស់​បរទេស​ទេ។​ ពួកគេ​គួរ​ប្រើ​ភាសា​សមរម្យ។​ លោក​ថ្លែង​ថា​គណៈ​ប្រតិភូ​កម្ពុជា​មក​សរអា​គឺដើម្បី​ធ្វើ​កិច្ចការ​ទ្វេរ​ភាគី​ដើម្បី​ផល​ប្រយោជន៍​កម្ពុជា។​

ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ លោក​ហោ ណាំងហុង​បាន​អះអាង​ថា​ភាគី​ទាំងពីរ​នឹង​ពង្រឹក​កិច្ច​សហប្រតិបត្តិការ​ឲ្យ​ស៊ីជម្រៅ​ ​ហើយ​ជជែក​ពី​បញ្ហា​តំបន់​ផង​ដែរ​ ហើយ​លោក​ក៏បាន​សម្តែង​កិច្ច​ស្វាគមន៍​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់ប្រទេស​កម្ពុជា​របស់​លោកស្រី​ហ៊ីលឡារី គ្លីនតុន ​និង​លោក ប្រធានាធិបតីអូបាម៉ា។​

លោក​ហោ ណាំហុង​មានប្រសាសន៍​ថា​ កម្ពុជា​រីករាយ​នឹងស្វាគមន៍​ការ​អញ្ជើញ​របស់​លោកស្រី ហ៊ីលឡារី ​គ្លីនតុន​ទៅ​កាន់​ប្រទេស​កម្ពុជា​ក្នុង​ខែ​កក្កដា​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន ​ស្តីពី​បញ្ហា​សន្តិសុខ​តំបន់។​ ហើយ​កម្ពុជា​រីករាយ​ក្នុង​ការ​ស្វាគមន៍​លោក​ប្រធានាធិបតី​សរអា​ បារ៉ាក់ ​អូបាម៉ា​អញ្ជើញ​ទៅ​កាន់​ប្រទេស​កម្ពុជា​នៅ ​ខែវិច្ឆិកា​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នានារបស់​អាស៊ាន ​រួមទាំងEAS​ Summit ​ផង ដែរ។លោក​ហោ ណាំហុង​ និង​លោកស្រី​ហ៊ីលឡារី​ គ្លីនតុន​ពុំ​ធ្វើ​អត្ថាធិប្បាយ​អំពីការ​ទាមទារ​របស់ពលរដ្ឋ​ខ្មែរអាមេរិកាំង​ដែល​ធ្វើបាតុកម្ម ​តវ៉ានៅមុខ​ក្រសួងការ​បរទេស​សរអា​ទេ៕​

XS
SM
MD
LG