អ្នកភូមិបឹងកក់ដែលទើបនឹងដោះលែងចេញពីពន្ធនាគារ និងសមាជិកសហគមន៍ដទៃផ្សេងទៀត បានប្រមូលផ្តុំគ្នានៅផ្ទះអ្នកស្រី ទេព វន្នី នៅព្រឹកនេះ ដើម្បីសម្តែងការនឹករលឹកគ្នាទៅវិញទៅមក។
អ្នកខ្លះនិយាយរំលឹកអំពីស្ថានភាពនៅក្នុងពន្ធនាគារព្រៃស ប្រាប់សមាជិករបស់ខ្លួនថា តើខ្លួនកំពុងយល់សប្តិ ឬយ៉ាងណា នៅពេលត្រូវបានដោះលែងចេញពីពន្ធនាគារ។
អ្នកភូមិបឹងកក់ចំនួន១៣នាក់ ត្រូវបានសាលាឧទ្ធរណ៍សម្រេចបន្ធូបន្ថយទោសពីជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ នឹងប្រាំមួយខែ មកនៅត្រឹមមួយខែនឹងបីថ្ងៃវិញ។ ដោយគិតពីថ្ងៃចាប់ឃុំខ្លួន អ្នកទាំង១៣នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពចេញពីពន្ធនាគារ តាមអំណាចសាលាក្រមរបស់សាលាឧទ្ធរណ៍។
បន្ទាប់ពីបានចេញពីពន្ធនាគាររយៈពេលតែមួយថ្ងៃប៉ុណ្ណោះ អ្នកដែលធ្លាប់ជាប់ឃុំឃាំងបាននិយាយដូចៗគ្នាថា ពួកគេមិនបាក់ស្បាតតាមរយៈការជាប់ឃុំឃាំងទេ។ ហើយសច្ចាថា នឹងបន្តដឹកនាំការតវ៉ា រហូតដល់បានដីទំហំ១២.៤៤ហិចតា ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានកាត់ចេញពីគម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់មកឲ្យពួកគេវិញ។
អ្នកស្រី ហេង មុំ បានប្រកាន់ជំហរថា អ្នកស្រីនៅតែបន្តការទាមទាររហូតទាល់តែមានដំណោះស្រាយ។
«ការទាមទារដីមកវិញ គឺជាការទាមទារដោយស្របច្បាប់គឺខ្ញុំនៅតែចូលរួម។ ខ្ញុំនៅតែគាំទ្រប្រជាពលរដ្ឋ ហើយខ្ញុំនៅតែជាសមាជិកនៅក្នុងសហគមន៍នេះដដែល»។
អ្នកស្រី ថូ ដាវី អាយុ២៥ឆ្នាំ រស់នៅភូមិ២២ បាននិយាយថា ជីវិតជាប់ពន្ធនាគាររយៈពេលជាងមួយខែមកនេះ មិនបានធ្វើឲ្យអ្នកស្រីបាក់ស្បាតទេ។ ក៏ប៉ុន្តែផ្ទុយទៅវិញនឹងបង្កើនកម្លាំងចិត្តដល់អ្នកស្រីបន្ថែមទៀត ដើម្បីបន្តចូលរួមទាមទារដីធ្លីនៅតំបន់បឹងកក់។
«ខ្ញុំឥតបាក់ស្បាត ហើយក៏ខ្ញុំឥតមានភ័យខ្លាចដែរ។ ខ្ញុំនៅតែបន្ត ប្រសិនបើនៅតែគ្មានដំណោះស្រាយ។ ក៏ប៉ុន្តែប្រសិនបើសម្តេចនាយក គាត់មានដំណោះស្រាយជូនពួកខ្ញុំនៅតំបន់បឹងកក់ ពួកខ្ញុំនឹងឈប់។ ហើយប្រសិនបើគ្មានដំណោះស្រាយទេ នាងខ្ញុំនៅតែបន្តធ្វើការតវ៉ាដើម្បីរកដំណោះស្រាយ»។
អ្នកស្រី តុល ស្រីពៅ តំណាងអ្នកភូមិបឹងកក់ដែលត្រូវបានដោះលែងចេញពីពន្ធនាគារក្នុងចំណោមប្រជាពលរដ្ឋទាំង ១៣នាក់នោះបាននិយាយថា អ្នកស្រីរីករាយបន្ទាប់ពីបានចេញពីពន្ធនាគារ។ ក៏ប៉ុន្តែអ្នកភូមិបឹកក់នៅមិនទាន់បានជោគជ័យទេ ដោយសារតែដីទំហំជាង ១២ហិចតា មិនទាន់ត្រូវបានអាជ្ញាធរក្រុងភ្នំពេញបោះបង្គោលព្រំដីឲ្យបានច្បាស់លាស់។
«យើងឥតទាន់បានជ័យជម្នះផង ព្រោះថាដី១២ហិចតាសម្រេចឲ្យហើយ ប៉ុន្តែយើងមិនទាន់បានដឹងថានៅកន្លែងណាពិតប្រាកដ។ ព្រំប្រទល់មិនដឹងនៅឯណា ហើយប្រជាពលរដ្ឋដែលគាត់នៅបឹងកក់ដែរ បែរជាគេកាត់ចេញ។ អញ្ចឹង ខ្ញុំនឹងធ្វើការតវ៉ាឲ្យពួកគាត់ថាពួកខ្ញុំបានធ្វើការតវ៉ារយៈពេលប្រាំឆ្នាំ គឺរួមសុខ រួមទុក្ខជាមួយគ្នាទាំងអស់។ ដូច្នេះ ពួកខ្ញុំមិនអាចចាកចេញពីពួកគាត់ទាំង៩៤គ្រួសារដែលឥតទាន់បានដីនៅពិតប្រាកដទេ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ បានកាត់ដីទំហំ១២.៤៤ហិចតា ចេញពីគម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់ ដែលមានទំហំផ្ទៃដីសរុប ១១៤.៤១ហិចតា។ ក៏ប៉ុន្តែនៅក្នុងរយៈពេលជិតមួយឆ្នាំទៅហើយ សាលាក្រុងភ្នំពេញនៅមិនទាន់បានកំណត់ព្រំដីឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋនៅតំបន់បឹងកក់នៅឡើយ៕