ក្រុមអ្នកវិភាគនិយាយថា ការចាប់ខ្លួននិងកាត់ទោសអ្នកភូមិបឹងកក់១៣នាក់ដោយភាពមិនប្រក្រតីគឺឧទាហរណ៍អាក្រក់សម្រាប់ប្រព័ន្ធយុត្តិធម៌កម្ពុជា។ នេះជាការអះអាងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ដែលបានថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៥ ខែកក្កដាឆ្នាំ ២០១២ស្តីអំពី «ការដោះលែងអ្នកភូមិបឹងកក់ និងនីតិវិធីតុលាការ»។
ទាំងលោកបណ្ឌិត ឡៅ ម៉ុងហៃ និងលោក អំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូបានអះអាងថា ការចោទប្រកាន់ប្រជាពលរដ្ឋបឹងកក់ថាបានចូលទៅកាន់កាប់អចលនទ្រព្យខុសច្បាប់ ហើយប្រឆាំងនឹងមន្ត្រីសាធារណៈ គឺជាការខុសឆ្គង ដោយសារទីនោះជាដីរបស់ពលរដ្ឋដែលកំពុងទាមទារឲ្យអាជ្ញាធរប្រគល់ជូន បន្ទាប់ពីការរិបអូសនិងការបណ្តេញចេញ។ ហើយមួយវិញទៀត អ្នកភូមិមិនបានប្រឆាំងនឹងអាជ្ញាធរសាធារណៈទេ គឺអាជ្ញាធរទេដែលមកបង្រ្កាបពលរដ្ឋ។ អ្នកវិភាគទាំងពីរបានអះអាងថា ការកាត់ទោសដ៏ឆាប់រហ័សរបស់តុលាការទាំងពីរថ្នាក់ក្រោយពីមានសម្ពាធឲ្យមានការដោះលែងជាអន្តរជាតិនេះគឺជារឿងប្រញាប់ប្រញាល់ដ៏គួរឲ្យឆ្ងល់។