ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកម៉ម សូណង់ដូ​អាច​នឹង​ត្រូវ​ដោះលែង​នៅថ្ងៃ​សុក្រ​នេះ​


លោក​ ម៉ម សូណង់ដូ​ នាយក​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​
លោក​ ម៉ម សូណង់ដូ​ នាយក​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​
ភ្នំពេញ៖ លោក​ ម៉ម សូណង់ដូ​ នាយក​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​បាន​ញញឹម​ នៅពេល​ដែលបាន​ឮ​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​ប្រកាស​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ បន្ទាប់​ពី​លោក​បាន​ជាប់​ពន្ធនាគារ​រយៈពេល​ជិត​៨ខែ។​

លោក​ឃុន លាង​ម៉េង​ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍​ បាន​និយាយ​ថា​ ដោយ​យល់​ឃើញ​ថា​ លោក​ម៉ម សូណង់ដូ​មាន​វ័យចាស់​ជរា​ ហើយ​ការ​កាត់​ទោស​នៅ​ក្នុង​សាលា​ដំបូង​ក្រុង​ភ្នំពេញ​មិន​ត្រឹម​ត្រូវ ​លោក​បាន​កែប្រែ​បទ​ចោទ​ប្រកាន់​លោក​ម៉ម សូណង់ដូ​ពី​បទ​ឧក្រិដ្ឋ​ធំៗ​ចំនួន​ពីរ​មក​បទចោទ​បទ​ល្មើស​ពាក់​ព័ន្ធនឹង​ច្បាប់​ព្រៃ​ឈើតែ​ប៉ុណ្ណោះ។​

លោក​ឃុន​ លាង​ម៉េង​បាន​ប្រកាស​ផ្តន្ទាទោស​លោក​ម៉ម សូណង់ដូ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៥​ឆ្នាំ​តាម​ច្បាប់​ព្រៃឈើ​ ក៏ប៉ុន្តែ​ទោស​នេះ​អនុវត្ត​តែ​ក្នុង​រយៈ​ពេល​ជាប់​ពន្ធនាគារ​ចំនួន​៨​ខែ​តែ​ប៉ុណ្ណោះ ​ទោស​ទាំង​ប៉ុន្មាន​ត្រូវ​ព្យួរ។​ ចំណែក​អ្នក​ទោស​ពីរ​នាក់​ផ្សេងទៀត ​រួម​មាន​កាន់​សុវណ្ណ​ និង​ទូច​ រាម​ តុលាការ​បាន​កាត់​ទោស​ក្នុង​ម្នាក់ៗ​ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​ពី​៣ឆ្នាំ​ដល់​៥ឆ្នាំ​ ក៏ប៉ុន្តែ​អនុវត្ត​ទោស​រយៈពេល​១០​ខែ​តែ​ប៉ុណ្ណោះ។​

លោកប្រធាន​ចៅក្រម​ក៏បាន​ដាក់​ល័ក្ខខ័ណ្ឌ​ចំនួន​៤​ដល់​លោក​ម៉ម សូណង់ដូ​ដែល​រួម​មាន​ត្រូវ​បង្ហាញ​មុខ​ចំពោះ​មុខ​ព្រះ​រាជ​អាជ្ញា​ បើមាន​ការ​ចាំបាច់​ ផ្លាស់​ប្តូរ​លំនៅដ្ឋាន​ និង​ចេញ​ទៅ​ក្រៅប្រទេស​ត្រូវ​ជូន​ដំណឹង​ដល់ព្រះ​រាជអាជ្ញា​ឲ្យ​បាន​ដឹង​ជាមុន។​

លោក​ប្រធាន​ចៅក្រម​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​កាសែត​ថា​ លោក​ម៉ម សូណង់ដូ​នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃទី​១៦​ខាង​មុខ​នេះ។​

«ដោយសារ​អង្គហេតុ​ហ្នឹង​មិន​មែន​ជា​អង្គហេតុ​កុប្បកម្ម​ ហើយ​អង្គហេតុ​ហ្នឹង​ពាក់​ព័ន្ធ​ក្នុង​ការ​ផ្តើម​គំនិត​ក្នុង​ការ​ញុះញ៉ង់​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​កាប់​រាន​ដីព្រៃ​របស់​រដ្ឋ»។​

មុន​ពេល​ប្រកាស​សាល​ក្រម​លោក​ម៉ម សូណង់ដូ​ អាយុ​៧២​ឆ្នាំ​ស្លៀកពាក់​អាវ​ពណ៌​ផ្ទៃមេឃ​ដៃខ្លី​និង​មានចង​ក្រវ៉ាត់ក​ បាន​លើក​ដៃ​សំពះ​ និង​ដើរ​ចាប់​ដៃ​ក្រុម​អ្នក​តាម​តាន​ក្នុង​អង្គ​សវនាការ​គ្រប់ៗ​គ្នា​ដោយទឹក​មុខ​ញញឹម។​

លោក​ម៉ម សូណង់ដូ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​បណ្តើរចេញ​ជាមួយ​អ្នកទោស​ដ៏ទៃ​ផ្សេងទៀត​ដោយ​ដៃ​ទាំងពីរ​របស់​លោក​មិន​បាន​ដាក់​ខ្នោះទេ។​ លោក​ថ្លែង​អំណរ​គុណ​ដល់ប្រជា​ពលរដ្ឋ​ទាំងអស់ ​ក៏ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ផ្សេង​ទៀត​ទេ​ ដោយ​លោក​រងចាំ​នៅ​ថ្ងៃ​ស្អែក ​ពេល​លោក​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​សិន។​

«បង​សូម​អរគុណ​ទាំងអស់​គ្នា​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត។​ ចាំ​ស្អែក​បង​មាន​សេរីភាព។ ​ឥឡូវ​បង​មិនអាច​និយាយ​អ្វី​បាន​ទេ»។​

អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​បានចាប់​ខ្លួន​លោក​ម៉ម សូណង់ដូ​កាលពី​ថ្ងៃទី​១៥​ខែ​កក្កដា​ឆ្នាំ​២០១២​ពី​បទ​សង្ស័យ​ថា​ ជាប់ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​ប្រឆាំង​នឹង​លោក​នាយក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​បាន​ដឹក​នាំ​ប្រទេស​អស់​រយៈ​ពេល​ជាង​៣០ឆ្នាំ។​

អ្នកស្រី​ឌីន ផាន់ណារ៉ា​ ភរិយា​លោក​ម៉ម សូណង់ដូ​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​ ដោយ​មាន​ទឹក​មុខ​រីករាយ​ថា​ អ្នកស្រី​សប្បាយ​ចិត្ត​និង​សូម​អរគុណ​ដល់​លោក​ចៅក្រម​នៃ​សាលាឧទ្ធរណ៍​ដែល​បាន​ព្យួរទោស​ស្វាម៉ី​អ្នក​ស្រី។​

«ចំពោះ​ខ្ញុំ​ ខ្ញុំសប្បាយ​ចិត្ត​បាន​គាត់​រួច​ចេញ​ ហើយ​យើង​នឹង​គិត​ត​ទៅ​ទៀត។​នេះ​ជារឿង​របស់​មេធាវី»។​
លោក​ស សូវ៉ាន​ មេធាវី​ការពារក្តី​លោក​ម៉ម សូណង់ដូ​ បាន​និយាយ​ថា ​លោក​យល់​ស្រប​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លោក​ម៉ម​ សូណង់ដូ​ពីបទ​ឧក្រិដ្ឋ​ធំៗ ​ក៏​ប៉ុន្តែ​លោក​នឹង​ពិចារណា​ប្តឹង​ទាស់​ចំពោះ​លោក​ប្រធាន​ចៅ​ក្រម​ដែល​បាន​កាត់​ទោស​កូន​ក្តី​លោក​ពី​បទ​កាប់បំផ្លាញ​ព្រៃឈើ។​

«ការ​បន្ថែម​នេះ​ខ្ញុំមិន​ពេញ​ចិត្ត​ ពីព្រោះ​ខុស​នឹង​គតិច្បាប់​ និង​នីតិវិធី​ ពីព្រោះ​ព្រះ​រាជ​អាជ្ញា​លើក​ឡើង​ចុងក្រោយ​បំផុត​ដោយ​គាត់​ប្តូរ​ការ​ចោទ​ប្រកាន់។​ ព្រៃឈើ​ហ្នឹង​ មាន​ព្រៃ​ឈើឯណា។ ដី​សម្បទាន​សេដ្ឋកិច្ច​ខុសគ្នា​នឹង​ព្រៃឈើ។ ​ដូច្នេះ​ខ្ញុំមិន​សប្បាយ​ចិត្ត​ ប៉ុន្តែគេ​បើក​សិទ្ធិ​ទៅ​សាលា​កំពូល​ យើង​នឹង​ប្តឹង​ថា​ មិន​មែន​៥​ឆ្នាំ​ហ្នឹង​ទេ»។​

លោក​អំ សំអាត​ អ្នកឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ បាន​និយាយ​ថា ​លោក​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ ក៏ប៉ុន្តែ​លោក​នៅតែ​សោក​ស្តាយ​លោក​ម៉ម សូណង់ដូ​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូចមាន​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​ទេ។​

«ទោះបីជាមាន​ការ​កាត់​តម្រឹម​ក៏​ដោយ​ ក៏ប៉ុន្តែ​យើង​នៅតែ​មិនទទួល​យក​បាន​ដែរ​នូវការចោទ​ប្រកាន់​លោក​ម៉ម សូណង់ដូ​នេះ។​ ហើយ​អ្វីដែល​សោក​ស្តាយ​អ្វី​ដែល​មនុស្ស​មិន​បាន​ប្រព្រឹត្តបទល្មើស​ត្រូវ​បាន​ជាប់ពន្ធនាគារ​ហើយ​និង​ជាប់​កាតព្វ​កិច្ច​បន្តទៀត»។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ បាន​និយាយ​ថា​ ការ​ដោះលែង​លោក​ម៉ម សូណង់ដូ​មិន​មែន​ជា​អំណាច​សាលក្រម​របស់​សាលា​ឧទ្ធរណ៍​ទេ​ ក៏​ប៉ុន្តែ​គឺ​ដោយ​សារ​មាន​សម្ពាធ​ជា​អន្តរជាតិ​ ទើប​តុលាការ​អនុវត្ត​តាម។​ លោក​បាន​និយាយ​ថា ​សញ្ញានេះ​នឹង​មាន​ភាព​វិជ្ជមាន​ដល់​លោក​សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​ប្រឆាំង​ក្នុង​ការ​វិល​មក​កម្ពុជា​វិញ​ដើម្បី​ចូលរួម​បោះឆ្នោត។​

«រដ្ឋាភិបាល​ថា​ ឥឡូវ​គឺ​បាន​ធ្វើអ្វី​បាន​ច្រើន​ហើយ​ ​សំណូមពរទាំង​ប៉ុន្មាន​គឺ​ថា​ឥឡូវ​ខ្ញុំ​ឈាន​ពីរ​ បី​ជំហ៊ាន​ហើយ​ ​ដូច្នេះ​មិន​បាន​ទាំង​អស់​ទេ។​ អាហ្នឹង​ទាល់តែមាន​ការ​គាប​សង្កត់​តទៅ​ទៀត​បាន​បាន»។​
ក្រុម​អ្នក​គាំទ្រ​លោក​ម៉ម សូណង់ដូ​ ដែល​នៅខាង​ក្រៅ​អគារ​តុលាការ​ បាន​ដោះលែង​ចាប​ និង​ស្រែក​ច្រៀង​យ៉ាង​កង​រំពង​ បន្ទាប់​ពី​បាន​ឮ​ការ​ប្រកាស​បន្ធូរ​បន្ថយ​ទោសលោក​ម៉ម សូណង់ដូ។​
«កុំឲ្យ​បរទេស​គេឈ្លានពាន​ ឲ្យ​ខ្មែរ​និង​ខ្មែរ​ចេះ​សាមគ្គីគ្នា»។​
លោកម៉ម សូណង់ដូ​ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១២​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ និង​ពិន័យ​ជាប្រាក់​ចំនួន​១០​លាន​រៀល​គឺ​ប្រមាណ​២.៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា​ លោក​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍ខុសច្បាប់​នៅ​ខេត្ត​ក្រចេះ ​ប្រ​ឆាំង​នឹង​រដ្ឋាភិបាល៕​
XS
SM
MD
LG