ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ស្ថានទូត​អាមេរិក​ពីរ​រូប​ស្ថិត​ក្នុង​ចំណោម​អ្នក​ឆ្លង​កូវីដ​១៩​ថ្មី​៥​នាក់​នៅ​កម្ពុជា


រូបឯកសារ៖ បុគ្គលិកម្នាក់ដើរចេញពីកន្លែងត្រួតពិនិត្យអ្នកធ្វើដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកម្នាក់ដើរចេញពីកន្លែងត្រួតពិនិត្យអ្នកធ្វើដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។

ស្ថានទូត​សហរដ្ឋ​អាមេរិកនៅ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ កាល​ពី​ថ្ងៃ​សុក្រ​ថា សមាជិក​ពីរ​រូប​នៃ​សហគមន៍​អ្នក​បម្រើការ​ឲ្យ​ស្ថានទូត​របស់​ខ្លួន​ នៅ​រាជធានី​ភ្នំពេញ នៅ​ពេលបាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​មាន​វីរុស​ ដែល​បង្ក​ជំងឹ​កូវីដ១៩ ក្រោយ​ពេល​ពួក​គេ​បានធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​ ដែល​វីអូអេ​ទទួល​បាន​កាល​ពីថ្ងៃ​សុក្រ។

ស្ថានទូត​អាមេរិកបដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​អ្វី​ទៀត ទាក់ទង​នឹងអ្នក​ឆ្លង​ពីររូប​នោះ​ទេ ដោយ​សម្អាង​លើ​ហេតុ​ផល​ឯកជនភាព ប៉ុន្តែ​បាន​បញ្ជាក់បុគ្គល​ទាំង​ពីរ​រូប​បាន​ធ្វើ​តេស្ត​ឃើញ​អវិជ្ជមាន​ នៅ​មុន​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ចេញ​ពី​សហរដ្ឋ​អាមេរិក។

ស្ថានទូត​បញ្ជាក់​បន្ត​ថា ខ្លួនបាន​ធ្វើ​តាម​ការ​តម្រូវ​ទាំង​អស់​របស់​អាជ្ញាធរ​កម្ពុជា ហើយ​បាន​ជូន​ដំណឹងទៅ​ក្រសួង​សុខាភិបាល​កម្ពុជា​ភ្លាម​ ក្រោយ​ការ​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​នេះ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​សុក្រ ​ទី​១៧ ខែ​កក្កដា បញ្ជាក់​បន្ថែមថា ជនជាតិអាមេរិក​ទាំង​ពីររូប​នេះជា​មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​ ដែល​បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះឆ្លង​កាត់​ពីប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​នៅ​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

ពួក​គេ​ស្ថិត​នៅ​ក្នុង​ចំណោម មនុស្ស​ឆ្លង​ថ្មី ​៥​នាក់ ​ដែល​ក្រសួង​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ ហើយ​ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​អ្នក​ឆ្លង​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​ ១៧១​នាក់ ដោយ​មាន​អ្នក​ជា​សះស្បើយ​ ១៣៣នាក់។ មនុស្ស ​៣​នាក់​ផ្សេងទៀត​រួមមាន​បុរស​ជនជាតិ​ខ្មែរ ​២​នាក់ និង​ស្រ្តីរ​ជនជាតិ​ខ្មែរ​ម្នាក់៕

XS
SM
MD
LG