មន្ត្រីផ្លូវការក្រសួងការពារជាតិកម្ពុជាបានថ្លែងនៅថ្ងៃអង្គារនេះថា កងទ័ពកម្ពុជានឹងដកចេញពីតំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារតាមសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ នៅពេលដែលក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកដល់តំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន។
កាលពីថ្ងៃច័ន្ទ តុលាការយុត្តិធម៌អន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ បានបញ្ជាឱ្យថៃ និងកម្ពុជាដកកងទ័ពជាបន្ទាន់ចេញពីតំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារ និងមិនឱ្យមានសកម្មភាពយោធាណាមួយជាដាច់ខាតនៅត្រង់តំបន់ជម្លោះព្រំដែន ហើយប្រទេសទាំងពីរត្រូវអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ទៅកាន់តំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់វីអូអេខ្មែរថា កម្ពុជារង់ចាំអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ឬអ្នកសង្កេតការណ៍អាស៊ានមកកាន់តំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារមុនពេលដកកងទព័ចេញពីតំបន់ជម្លោះនោះ។ លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖
«យើងនឹងគោរពដាច់ខាតនូវសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ។ យើងអនុវត្តដាច់ខាតនូវសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ។ យើងអបអរសាទរ និងគាំទ្រដាច់ខាត។ ប៉ុន្តែយើងធ្វើជាជំហានៗ នៅពេលណាដែលមានវត្តមានរបស់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកពិនិត្យការឈប់បាញ់គ្នាអចិន្ត្រៃយ៍នៅតំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន យើងត្រូវដក (កងទ័ព) ចេញពីតំបន់ជម្លោះកម្ពុជាហ្នឹង។ យើងត្រូវតែឱ្យគេបន្តវេនពីយើងហើយ»។
កាសែត ដឺ ណេសិន (The Nation) របស់ថៃ បានរាយការណ៍ថាលោកនាយករដ្ឋមន្ត្រីថៃអាភីស៊ីត វេច្ចាជីវ៉ា (Abhisit Vejjajiva) នៅថ្ងៃអង្គារនេះ បានតែងតាំងក្រសួងការបរទេស និងក្រសួងការពារជាតិឱ្យទទួលខុសត្រូវចំពោះការរៀបចំផែនការក្របខ័ណ្ឌការងារដែលផ្តោតលើច្បាប់ជាតិ និងអន្តរជាតិ សម្រាប់ពិភាក្សាជាមួយកម្ពុជាក្នុងការអនុវត្តបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិស្តីពីប្រាសាទព្រះវិហារ។ កាសែត ដឺ ណេសិន បានបញ្ជាក់ថាការដកកងទ័ពនឹងកើតឡើងបានបន្ទាប់ពីប្រទេសទាំងពីរអាចយល់ព្រមលើការអនុវត្តបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី អាភីស៊ីត វេច្ចាជីវ៉ា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិលើការអនុវត្តតាមបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិនេះ។ កាសែត ដឺ ណេសិន ឲ្យដឹងថា លោក វេច្ចាជីវ៉ា ជឿថា គណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជាគួរតែជាច្រកដ៏ល្អបំផុត សម្រាប់ប្រទេសទាំងពីរក្នុងការអនុវត្តបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិ។ គណៈកម្មាធិការនេះបានដឹកនាំដោយសហប្រធានដែលជារដ្ឋមន្ត្រីការពារកម្ពុជា និងថៃ។
កាសែត ដឺ ណេសិន បានបន្ថែមថា លោក វេច្ចាជីវ៉ា បានណែនាំភ្នាក់ងារពាក់ព័ន្ធទាំងអស់ឱ្យត្រួតពិនិត្យមើលប្រតិឃាតនៃបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិ។ រដ្ឋាភិបាលត្រូវធានាកាតព្វកិច្ចរបស់ខ្លួនជាសមាជិកអង្គការសហប្រជាជាតិ ព្រមទាំងលើកតម្កល់រដ្ឋធម្មនុញ្ញាឱ្យខ្ពស់ឡើង ជាពិសេសមាត្រា១៩០ទាក់ទងនឹងក្របខ័ណ្ឌការងារសម្រាប់ការចរចាជាអន្តរជាតិ។
កាសែត ដឺ ណេសិន បានបញ្ជាក់ថាលោក វេច្ចាជីវ៉ា បានថ្លែងថាបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិនេះគ្មានយុត្ថាធិការទៅលើខ្សែបន្ទាត់ព្រំដែន និងអធិបតេយ្យភាពរបស់ប្រទេសថៃទេ។ លោកវេច្ចាជីវ៉ា បានរំលឹកថា ការដកកងទ័ពនឹងធ្វើទៅបានបន្ទាប់ពីសម្រចបានដល់កិច្ចព្រមព្រៀងទ្វេភាគីលើបញ្ហានេះ។ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានបញ្ជាក់ថាភាគីកម្ពុជាមិនជំទាស់នឹងការពិភាក្សាបន្តជាមួយភាគីថៃក្រោមក្របខ័ណ្ឌអាស៊ានទេ៕