ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាស៊ាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​បាប​បក្ស​ប្រឆាំង


រូបថត​ពី​គេហទំព័រ​​ក្រុម​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស (APHR) កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (រូបថត​គេហទំព័រ)
រូបថត​ពី​គេហទំព័រ​​ក្រុម​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស (APHR) កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (រូបថត​គេហទំព័រ)

ក្រុម​អ្នក​តំណាងរាស្រ្ត​អាស៊ាន​ក៏​ទទូច​ឱ្យ​ភាគី​អន្តរជាតិ​ដទៃ​ទៀត​ពិចារណា​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន។

ក្រុម​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស (APHR) ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​តួនាទី​ជា​អ្នក​តំណាងរាស្រ្ត​និង​អភ័យ​ឯកសិទ្ធិ​ដល់​លោក​ សម រង្ស៊ី ​ជា​បន្ទាន់និងប្រគល់​តំណែង​ជា​ថ្នាក់​ដឹកនាំ​សភា​ដល់​លោក​ កឹម សុខា​វិ ញ​ហើយ​ក៏បាន​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​មួយ​ចំនួន​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល ​VOA​ ទទួល​បាន​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។​

ក្រុម​អ្នក​តំណាងរាស្ត្រ​ដែល​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ក៏​ស្នើ​សុំ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នានា​ប្រឆាំង​នឹង​លោក ​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

លោក សម រង្ស៊ី​ ត្រូវ​បាន​រដ្ឋ​សភា​ដែល​មាន​តែ​អ្នក​តំណាងរាស្រ្ត​មក​ពី​គណបក្ស​កាន់​អំណាច​បណ្តេញ​ចេញ​ពី​សភា​នៅ​ថ្ងៃទី​១៦​ខែ​វិច្ឆិកា ​ដើម្បី​ឱ្យ​ទទួលទោស​ពីរ​ឆ្នាំ​ក្នុង​បទ​បរិហារ​កេរ្តិ៍​ជាមួយ​នឹង​លោក ​ហោ ណាំហុង ​ដែល​លោក​ សម រង្ស៊ី ​ចោទ​ថា​ធ្លាប់​បាន​ឃុបឃិត​ជាមួយ​នឹង​ពួកខ្មែរ​ក្រហម។ សភា​នោះ​ក៏​បាន​បោះឆ្នោត​ទម្លាក់​លោក​ កឹម សុខា ​ពី​តំណែង​អនុប្រធាន​សភាជាតិ​ដោយ​មិន​មាន​វត្តមាន​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចូលរួម​ទេ។

លោក ​Charles Santiago ​ប្រធាន​ APHR ​និង​ជា​អ្នក​តំណាងរាស្រ្ត​ម៉ាឡេស៊ី ​បាន​បញ្ជាក់​ថា៖

«សហគមន៍​អន្តរជាតិ​ក្នុង​នោះ​មាន​អាស៊ាន​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​សកម្មភាព​ទាំងនេះមិន​អាច​ទទួល​យក​បាន​ទេ ​សម្រាប់ប្រទេស​កម្ពុជា​និង​ប្រទេស​ក្នុង​តំបន់។ ​ប្រសិន​បើ​មិន​មាន​សកម្មភាពរួមគ្នា​ដើម្បី​ធ្វើ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ទេ​ គឺ​មេដឹកនាំ​ក្នុង​តំបន់​ដទៃ​ទៀត​នឹង​ចាត់​វិធានការ​ប្រទូសរ៉ាយ​និង​តាម​ទំនើងចិត្ត​ស្រដៀងគ្នា​នេះ​មក​លើ​អ្នក​រិះគន់‍»។

ក្រុម​អ្នក​តំណាងរាស្រ្ត​អាស៊ាន​ក៏​ទទូច​ឱ្យ​ភាគី​អន្តរជាតិ​ដទៃ​ទៀត​ពិចារណា​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ហើយ​ឱ្យ​សហគមន៍​អន្តរជាតិ​ពិចារណា​ឡើង​វិញ​ពី​ការ​រឹតចំណង​មិត្តភាព​នយោបាយ​និង​សេដ្ឋកិច្ច​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ថា​ត្រូវ​បន្ត​ឬ​យ៉ាង​ណា។

ការ​ស្នើ​សុំ​ឱ្យ​ចាត់វិធានការ​ធ្ងន់​ធ្ងរ​នេះ​ដើម្បី​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​នាក់​ដោយ​ក្រុម​បាតុករ​ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​និង​ការ​បង្កើន​ការ​ដាក់ទោស​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​នោះ​មាន​លោក ​ហុង សុខហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​ផង​ដែរ។

លោកស្រី ​មូរ សុខហួរ ​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​៖

«វា​ជា​ការ​ចាំបាច់​ដែល​អាស៊ាន​និង​សហគមន៍​អន្តរជាតិ​ត្រូវ​ចាត់​វិធានការ​ច្បាស់​លាស់​ប្រឆាំង​នឹង​ការ​វាយប្រហារ​និង​ការ​បំភិត​បំភ័យ​ទាំងនេះ។ ពួកគេ​ក៏​គួរ​តែ​គាំទ្រ​កិច្ច​ខិតខំ ​ប្រឹង​ប្រែង​ដើម្បី​ធានា​ថា​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​មួយ​អាច​ធ្វើ​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ឆ្នាំ​២០១៨»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG