ភ្នំពេញ
ប្រទេសសមាជិកអាស៊ាននិងប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបានធ្វើសិក្ខាសាលាចំនួនពីរថ្ងៃក្នុងប្រទេសកម្ពុជាស្តីពីការរំឭកខួប១០ឆ្នាំនៃសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិ(DOC) របស់ភាគីនៅសមុទ្រចិនខាងត្បូង។
បណ្តាប្រទេសអាស៊ាននិងចិនបានបេ្តជ្ញាថា នឹងប្រើប្រាស់វេទិការនេះដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងដោយសន្តិវិធីនិងចៀសវាងនូវការប្រើប្រាស់អំពើហិង្សាគឺដំណោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគីមានជម្លោះជាមួយប្រទេសចិន។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អង្គសិក្ខាសាលាថា ក្នុងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង គេអាចមើលឃើញចំណុចគន្លឹះសំខាន់ៗទាំងអស់ ទាំងផ្នែកនយោបាយនិងផ្នែកច្បាប់ដែលជាគោលដៅរួមនៃការដោះស្រាយបញ្ហាជម្លោះនៅដែនសមុទ្រចិនខាងត្បូងដោយសន្តិវិធី។
លោកមានប្រសាសន៏ថាកម្ពុជាបានកត់សំគាល់ថាភាគីពាក់ព័ន្ឋទាំងអស់បានសំដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំនិងពេញលេញក្នុងការគោរពនិងអនុវត្តន៏សេចក្តីថ្លៃងការណ៍ប្រត្តិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់សិក្ខាសាលាលោកហោ ណាំហុងបាននិយាយថាអាស៊ាននិងចិននិងបន្តពិភាក្សាគ្នាជាជំហ៊ានៗដើម្បីដោះស្រាយជាយត្ថាហេតុនៅក្រមនិត្តិប្រតិបត្តិឬCOC។
«មានគ្រប់ចំណុចទាំងអស់ទាំងផ្លូវនយោបាយនិងផ្លូវច្បាប់ដើម្បីដោះស្រាយជម្លោះនៅដែនសមុទ្រចិនខាងត្បូង។ នៅឆ្នាំ២០០២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទីមួយ កម្ពុជាបានខិតខំអស់លទ្ធភាពដើម្បីសម្រេចបាននូវឯកសារជាប្រវត្តិសាស្រ្ត DOCនេះ។ ដូច្នេះថ្ងៃនេះDOCជាឯកសារចាំបាច់សមស្របដើម្បីដោះស្រាយជម្លោះនៅ South China Sea»។
លោកNopadol Gunavibool អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃរដ្ឋមន្ត្រីក្រសួងការបទេសថៃ បានប្រាប់អ្នកកាសែតថា មានប្រជាពលរដ្ឋច្រើនណាស់ដែលរំពឹងទុកយ៉ាងខ្ពស់ថា នឹងអាចអនុម័តនូវDOCស្តីពីបញ្ហាសមុទ្រចិនខាងត្បូងឲ្យបានទាន់ពេលវេលា។ ក៏ប៉ុន្តែខ្ញុំគិតថា បញ្ហាទាំងអស់នេះអាចដំណើរការទៅបាន ទាល់តែមានការកសាងទំនុកចិត្តនិងភាពជឿទុកចិត្តគា្នទៅវិញទៅមក។
«ខ្ញុំគិតថា យើងត្រូវការក្រមនីតិប្រតិបត្តិ COCល្អមួយ ជាជាងគ្រាន់តែមានCOC ដើម្បីនាំមកនូវសន្តិសុខនិងភាពសុខដុមរមនានៅក្នុងតំបន់»។
ប្រទេសចិននិងកោះតៃវ៉ាន់ទាមទារសមុទ្រចិនខាងត្បូងស្ទើរទាំងអស់ នៅពេលដែលប្រទេសប្រុយណេ (Brunei) ម៉ាឡេស៊ី (Malaysia) ហ្វីលីពីន (Philippines) និងវៀតណាមទាមទារផ្នែកខ្លះដែលស្ថិតជិតទៅនឹងឆ្នេរសមុទ្ររបស់ខ្លួន។
ជម្លោះនេះបានផ្ទុះម្តងម្កាលចេញជាអំពើហិង្សានៅក្នុងពេល៤០ឆ្នាំកន្លងទៅនេះ ហើយក្នុងពេលប៉ុន្មានខែមុននេះ រដ្ឋាភិបាលក្រុងម៉ានិល និង ក្រុងហាណូយបានតវ៉ាថា នាវាចិនបានចូលជ្រៀតជ្រែកនៅក្នុងដែនទឹករបស់ខ្លួន។
លោកស្រី Fu Ying អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បាននិយាយថាប្រទេសចិនបានបេ្តជ្ញាថា នឹងអនុវត្តឲ្យបានពេញលេញនូវDOC ហើយអ្នកស្រីសង្ឃឹមថា សិក្ខាសាលារយៈពេលពីរថ្ងៃនេះនឹងនាំមកនូវឱកាសដ៏កម្រមួយដើម្បីពង្រឹងបន្ថែមទៀតនូវការទុកចិត្តគ្នាទៅវិញទៅមក បង្កើនកិច្ចសហប្រតិបត្តិការណ៍ ចូលរួមការពារសន្តិភាព ហើយនិងស្ថិរភាពអំពីបញ្ហាសមុទ្រចិនខាងត្បូង៕