ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​និង​ដៃគូ​ស្នើ​ឱ្យ​កូរ៉េ​ខាង​ជើង​ឈប់​បង្ក​រឿង​


កាំជ្រួចផ្លោង​របស់​កូរ៉េខាងជើង
កាំជ្រួចផ្លោង​របស់​កូរ៉េខាងជើង

សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ហៅថា​អាស៊ាន​និង​ប្រទេស​បី​ទៀត​គឺ​ចិន ជប៉ុន និង​កូរ៉េខាង​ត្បូង​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​បញ្ចប់​ជម្លោះ​និង​បញ្ឈប់​ការ​បង្ក​រឿង​ក្នុង ឧបទ្វីប​កូរ៉េ។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​កិច្ចប្រជុំ​អាស៊ាន​បូក៣​ដែល​មាន​រដ្ឋមន្ត្រី​ការ បរទេស​១០​ប្រទេស​របស់​អាស៊ាន​និង​រដ្ឋមន្ត្រី​ការបរទេស​ចិន ជប៉ុន ​កូរ៉េ​ខាង​ត្បូង ក្រោម​អធិបតីភាព​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​រដ្ឋមន្ត្រី​ការ បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា៖

«រដ្ឋមន្ត្រី​ការបរទេស​បានគូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​សន្តិភាព​ សន្តិសុខ ​និង ស្ថិរភាព​ក្នុង​ឧបទ្វីប​កូរ៉េ​ ហើយ​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​មិន​ត្រូវ​ធ្វើឲ្យ​មាន​ការ បង្ក​ជម្លោះ​បន្ថែម​ទៀត​ទេ​ តែត្រូវ​ធ្វើតាម​កាត្វកិច្ច​របស់​ខ្លួន​តាម​សេចក្តី​សម្រេច​នានា​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អសប​ដែល​ទាក់ទង​រឿង​នេះ​រួមទាំង​ការ​ប្តេជ្ញា​ ចិត្ត​របស់​ខ្លួន​តាម​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចចរចា​៦​ភាគី​ដែល​រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​កាលពី​ឆ្នាំ​២០០៥»។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា៖«ក្រុម​រដ្ឋមន្ត្រី​ការបរទេស​ ទាំង​នោះ​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ជាពិសេស​កូរ៉េ​ខាងជើង​ឲ្យ​ចូលរួម​រក​គ្រប់​លទ្ធភាព​ក្នុង​ការចូលរួម​កិច្ចពិភាក្សា​ដោយ​សន្តិភាព​ដែល​អាចនាំ​ទៅ​ដល់​ ការបង្កើត​បរិយាកាស​ទុកចិត្ត​គ្នា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ»។

ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ខែ​មេសា​និង​ថ្មីៗ​បាន​បាញ់​សាកល្បង​កាំជ្រួច​ហើយ​ គំរាម​សាកល្បង​កាំជ្រួច​ប្រល័យលោក​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​មាន​ការបារម្ភ​ពី​ ប្រទេស​នានា​ក្នុង​តំបន់។

រដ្ឋមន្ត្រី​ការបរទេស​មកពី​ប្រទេស​ជិត​៣០រួម​ទាំង​លោកស្រី ​ហ៊ីលឡារី គ្លីនតុន គ្រោង​នឹង​ជួប​ប្រជុំគ្នា​នៅ​ថ្ងៃទី១២​ខែ​កក្កដា​ខាងមុខ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ជជែក​ពី​បញ្ហា​សន្តិសុខ​តំបន់​ដូចជា​បញ្ហា​ឧបទ្វីប​កូរ៉េ​ និង​បញ្ហា​ជម្លោះ​ដែន​ សមុទ្រ​ភាគខាងត្បូង​ប្រទេស​ចិន។

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង ​Pak Ui Chun ​គ្រោង​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ ដែល​កម្ពុជា​ជាម្ចាស់ផ្ទះ​នោះ​ដែរ​ ដោយ​បង្ហាញ​ពី​បំណង​ព្រម​ចរចា​៦ភាគី ឡើង​វិញ​បន្ទាប់​ពី​ដកខ្លួន​ថយ​កាលពី​ខែមេសា​ឆ្នាំ២០០៩​ ឈប់ចរចា​ជាមួយ​សរអា​ រុស្ស៊ី ​ចិន​ ជប៉ុន ​កូរ៉េ​ខាងត្បូង។

នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​បូក៣​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​បានព្រមព្រៀងគ្នា​លើ​ បញ្ហា​ជាច្រើន​ទៀត​រួម​ទាំង​ការ​ប្តេជ្ញា​ធានា​ដល់​សន្តិសុខ​ស្បៀង​ក្នុង​តំបន់​ និង​ការព្រមព្រៀង​តាមសំណើ​កម្ពុជា​ក្នុង​ការដាក់​ទីក្រុង​សៀមរាប​ជា​ «តំបន់​ វប្បធម៌​អាស៊ី​បូព៌ា​ឆ្នាំ២០១២» ​ផង​ដែរ។

ក្រុង​សៀមរាប​ដែល​មាន​ប្រាសាទអង្គរ​ជា​បេតិកភណ្ឌ​ពិភពលោក​រួច​ទៅ​ហើយ​នោះ​ត្រូវគេ​ចាត់​ទុក​ថា​ជា​តំបន់​ទេសចរណ៍​ដ៏ធំ​ហើយ​រក​ចំណូល​ថវិកា​ជាតិ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

XS
SM
MD
LG