ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិល្បៈ​ផ្លាស់ប្តូរ​ជីវិត​របស់​យុវជន​និង​កុមារ​ងាយ​រងគ្រោះ​


សិល្បករ​វ័យ​៣១​ឆ្នាំ​នេះ ​ដែល​គរ​និង​ថ្លង់​ពី​កំណើត លោកអ៊ុត វាសនា
សិល្បករ​វ័យ​៣១​ឆ្នាំ​នេះ ​ដែល​គរ​និង​ថ្លង់​ពី​កំណើត លោកអ៊ុត វាសនា
បាត់ដំបង៖ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​បាន​ជួយ​ផ្លាស់​ប្តូរ​ជីវិត​របស់​កុមារ​និង​យុវជន​ក្រី​ក្រ​ និង​ងាយ​រងគ្រោះ​ ដោយ​ប្រើ​ប្រាស់​ជំនាញ​សិល្បៈ​និង​កាយ​សម្ព័ន្ធ។​

អ៊ុត វាសនា​បាន​និង​កំពុង​រៀន​គូរ​គំនូរ​អស់​រយៈ​ពេល​ប្រមាណ​៥ឆ្នាំ​មក​ហើយ​នៅ​ក្នុង​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ក្នុង​ក្រុង​បាត់​ដំបង​នេះ​ ចម្ងាយ​ជិត​៣០០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។​

សិល្បករ​វ័យ​៣១​ឆ្នាំ​នេះ ​ដែល​គរ​និង​ថ្លង់​ពី​កំណើត​ បង្ហាញ​ឲ្យ​ដឹង​ថា ​ជំនាញ​នេះ​ បាន​ជួយ​ឲ្យ​ខ្លួន​អាច​បញ្ចេញ​អារម្មណ៍​តាម​រយៈ​រូប​គំនូរ​បែប​អរូបីយ៍​របស់​ខ្លួន​បាន។​

ដោយ​ប្រើ​ភាសា​កាយ​វិការ​ វាសនា​ពន្យល់​ពី​អត្ថន័យ​នៃ​រូប​គំនូរ​របស់ខ្លួន ​ដោយ​មាន​មិត្តភក្តិ​ជា​អ្នក​បក​ប្រែ​ភាសា។

«គាត់​ចង់​និយាយ​ថា​ រូប​ដែល​គាត់​គូរ​មួយ​ផ្ទាំង​នេះ ​គាត់​ចង់​និយាយ​ថា ​ទាំង​មនុស្ស​ ទាំង​សត្វ​គឺ​ត្រូវ​ប្រាស្រ័យ​ទាក់​ទង​គ្នា​និង​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ​ហើយ​គាត់​និយាយ​ថា ​មនុស្ស​ត្រូវ​តែ​ស្រឡាញ់​សត្វ ​ហើយ​សត្វ​ត្រូវ​តែ​ស្រឡាញ់​មនុស្ស​ដូចគ្នា​ មិន​ថា​ សត្វ​នៅ​លើ​គោក ​ឬ​នៅ​ក្នុង​ទឹក​ទេ»។​

វាសនា​ធ្លាប់​ជា​យុវជន​ដែល​មាន​បញ្ហា​ មុន​ពេល​គាត់​បាន​មក​ចូល​រៀន​គូរ​គំនូរ​នៅ​ទី​នេះ។​
ហើយ​យុវជន​និង​កុមារ​ជាច្រើន​ទៀត​នៅ​ក្នុង​សហគមន៍​នេះ​ក៏​ធ្លាប់​ស្ថិត​នៅ​ក្នុង​ក្រុម​មនុស្ស​ដែល​មាន​បញ្ហា​ដែរ ​នេះ​បើ​យោង​តាម​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ។​

អង្គការ​ ដែល​មិន​រក​ប្រាក់​កម្រៃ​នេះ​ បាន​ផ្តល់​ការ​អប់រំ​ និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​សិល្បៈ​ដោយ​ឥត​គិត​ថ្លៃ​ដល់​កុមារ​និង​យុវជន​ចំនួន​ជាង​១ពាន់​នាក់​ហើយ​នៅ​ក្នុង​តំបន់​នេះ។​
លោក​សួន ប៊ុនរិទ្ធ​គឺជា​នាយក​អង្គការ​នេះ។​

លោក​និយាយ​ថា ​កុមារ​និង​យុវជន​ភាគច្រើន​នៅ​ទី​នេះ​ក៏​ធ្លាប់​ជាក្រុម​ងាយ​រងគ្រោះ​ចំពោះ​អំពើ​រំលោភ​បំពាន ​អំពើ​កេង​ប្រវ័ញ្ច ​អំពើ​ហិង្សា​នៅ​តាម​ផ្លូវ​និង​ការ​ប្រឡូក​នឹង​គ្រឿង​ញៀន​ផង​ដែរ ​ដោយសារ​តែ​ស្ថាន​ភាព​គ្រួសារ​ក្រីក្រ។​

ហេតុ​នេះ​ហើយ​លោក​និយាយ​ថា ​អង្គការ​របស់​លោក​បាន​និង​កំពុង​ជួយ​កែប្រែ​ស្ថាន​ភាព​នេះ។​

«និយាយ​រួម​ទៅ​ យើង​ប្រើប្រាស់​សិល្បៈ​ធ្វើ​យ៉ាង​ម៉ិច​ដើម្បី​អភិវឌ្ឍ​កុមារ​និង​យុវវ័យ​ដែល​ងាយ​រងគ្រោះ​នេះ​ ឲ្យ​មាន​ជីវិត​ថ្មី​ឡើង​វិញ ​ឲ្យ​មាន​ក្តី​សង្ឃឹម​ក្នុង​ជីវិត​ឡើង​វិញ ​ឲ្យ​យល់​ពី​តម្លៃ​ក្នុង​ជីវិត​របស់​ខ្លួន​ឯង​ឡើង​វិញ។​ ហើយ​សំខាន់​ជាង​ហ្នឹង​ទៀត​ នៅពេល​ដែល​គាត់​មាន​វិជ្ជា​ហ្នឹង​ទៅ ​គាត់​អាច​រក​ថវិកា​ចំណូល​សម្រាប់​ជួយ​ខ្លួន​គាត់​ ក៏​ដូចជា​សម្រាប់​ជួយ​គ្រួសារ​គាត់​ដែរ»។

ក្រៅ​ពី​ការ​គូរ​រូប​ សិស្ស​នៅ​ទីនេះ​អាច​ជ្រើសរើស​រៀន​ជំនាញ​ផ្សេង​ទៀត​ដោយ​សេរី ដែល​រួមមាន៖ ​គំនូរ​ជីវចល ​តន្ត្រី ​របាំ ​សៀក ​និង​ផ្នែក​កាយ​សម្ព័ន្ធ​ផ្សេងៗ​ទៀត។​

យាំ សុភក្តិ​គឺ​ជា​សិស្ស​សៀក​ដែល​រៀន​នៅ​ទី​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ។​

កុមារា​វ័យ​១៧ឆ្នាំ​នេះ​និយាយ​ថា ​ជំនាញ​នេះ​ផ្តល់​លទ្ធភាព​ឲ្យ​ខ្លួន​អាច​រក​ប្រាក់​ចំណូល​បាន​ពី​២០​ឬ​៣០​ដុល្លារ​រហូត​ដល់​ប្រហែល​១០០​ដុល្លារ​ក្នុង​មួយ​ខែ ​ពី​ការ​សម្តែង​ប្រចាំ​សប្តាហ៍​របស់​ខ្លួន​នៅ​ទីនេះ​ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ។​

«ក្រៅ​ពីរក​ចំណូល​បាន ​វា​ធ្វើ​ឲ្យ​យើង​មាន​មោទភាព​ចំពោះ​ខ្លួន​ឯង​ ដែល​ខ្លួនឯង​ចេះ​អាហ្នឹង​ បាន​ចេះ​សៀក​ មិន​នឹក​ថា ​ខ្លួន​ឯង​អាច​ធ្វើ​បាន​ប៉ុណ្ណឹង​ទេ​ តាំង​ពី​តូច​មក»។​

ក្រុម​នេះ​ផ្តល់​ការ​សម្តែង​សៀក​ផ្ទាល់​ដោយ​លក់​សំបុត្រ​សម្រាប់​ភ្ញៀវ​ទេស​ចរណ៍​និង​ភ្ញៀវ​ក្នុង​ស្រុក​នៅ​រៀងរាល់​យប់​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ប្រមូល​ថវិកាខ្លះ​សម្រាប់​ជួយ​ទ្រទ្រង់​សិល្បករ​និង​ចំណាយ​ទៅលើ​អាហារ​របស់​កុមារ​នៅ​ក្នុង​អង្គ​ការនេះ។​

លោក​សួន ប៊ុនរិទ្ធ​និយាយ​ថា ​ជំនាញ​សិល្បៈ​ទាំង​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​សិស្ស​មួយ​ចំនួន​អាច​ទៅ​សម្តែង​ឆ្លង​ព្រំដែន​បាន​ទៀត​ផង។​

«គាត់​មិន​ត្រឹម​តែ​សម្តែង​នៅក្នុង​ស្រុក​ទេ។ ​គាត់​ទៅ​អឺរ៉ុប ​គាត់​ទៅ​អាស៊ី​ គាត់​ទៅ​ប្រទេស​ផ្សេងៗ​ទៀត។ ​គាត់​បាន​ឃើញ​ពិភព​លោក។ ​ដោយ​សារ​សិល្បៈ​ គាត់​ស្គាល់​ថា​ ជើង​មេឃ​ធំ​ប៉ុណ្ណា»។​

ឈឿម វាន់នី​ធ្លាប់​បាន​ទៅ​សម្តែង​សៀក​នៅ​ប្រទេស​វៀតណាម​និង​ឡាវ។​ យុវជន​វ័យ​១៩​ឆ្នាំ​ ដែល​មាន​ឪ​ពុក​ម្តាយ​ជា​កម្មករ​និង​អ្នកលក់​បាយ​តាម​ផ្លូវ​នេះ​ និយាយ​ថា​ ខ្លួន​មិន​ដែល​ធ្លាប់​គិត​ថា​ ខ្លួន​អាច​មាន​ឱកាស​បាន​ជិះ​យន្តហោះ​ទេ​ បើ​ទោះ​បី​ជា​នេះ​គឺ​ជា​ក្តី​ស្រម៉ៃ​ក្នុង​ជីវិត​របស់​ខ្លួន​ក៏ដោយ។

«បើ​ខ្ញុំ​អត់​បាន​ហាត់​សៀក​ទេ ​ខ្ញុំ​គ្មាន​សំណាង​បាន​ទៅ​ភ្នំពេញ​ផង​ ព្រោះ​គ្មាន​លទ្ធភាព​ជួយ​ខ្លួន​ឯង​ ព្រោះ​ផ្ទះ​ខ្ញុំ​និយាយ​ទៅ​អត់​តែ​ម្តង»។​

សិស្ស​ខ្លះ​នៅ​ទីនេះ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​សិល្បករ​អាជីព​រួច​ទៅ​ហើយ​ និង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​សម្តែង​ទាំង​នៅលើ​ឆាក​ជាតិ​និង​អន្តរជាតិ។​

លោក​ឃួន ដេត​គឺ​ជា​ស្ថាបនិក​ម្នាក់​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​នេះ។​

«យើង​ក៏​ពង្រីក​ទំនាក់​ទំនង​របស់​យើង​នៅ​ខាងក្រៅ ​ទាំង​នៅ​ផ្នែក​ខាង​អឺរ៉ុប​និង​អាស៊ី ​ដើម្បី​រក​ទីផ្សារ​ឲ្យ​សិល្បករ​យើង ​ដែល​មាន​លក្ខណៈ​ជា​អាជីព​ហ្នឹង ​បាន​ទៅ​សម្តែង​នៅ​ខាង​ក្រៅ។​ ហើយ​ការងារ​របស់​យើង​ ក៏​យើង​ពង្រីក​ ដោយ​ដំឡើង​តង់​ធំ​មួយ​សម្តែង​នៅសៀមរាប​នៅ​ឆ្នាំ​ក្រោយ។ ​យើង​នឹង​លេង​រាល់​ថ្ងៃ ​ហើយ​សិល្បករ​ដែល​គាត់​បញ្ចប់​ពី​ទីនេះ​ គាត់​មាន​ជំនាញ​ជាក់​លាក់។​ យើង​នឹង​ធ្វើ​កុង​ត្រា ​ហើយ​បញ្ជូន​ទៅ​សម្តែង​ជា​ប្រចាំ​នៅ​សៀម​រាប»។​

អង្គការ​នេះ​ក៏​គ្រោង​នឹង​ពង្រីក​សកម្មភាព​របស់​ខ្លួននៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ដែរ​ ដើម្បី​ផ្តល់​ឱកាស​ដល់​កុមារ​ និង​យុវជន​ដែល​មាន​បញ្ហា​ និង​ងាយ​រង​គ្រោះ​ច្រើន​ថែម​ទៀត ​ឲ្យ​មាន​លទ្ធភាព​អាច​កសាង​ជីវិត​របស់​ពួកគេ​ឡើងវិញ​បាន៕​
XS
SM
MD
LG