ការអភិវឌ្ឍសង្គម និងភាពជូរចត់ដែលប្រជាពលរដ្ឋកម្ពុជាជួបប្រទះ បានក្លាយជាប្រធានបទរបស់វិចិត្រករទំនើបមួយរូប ដែលលោកបានបង្ហាញតាមរយៈផ្ទាំងគំនូរដ៏ស្មុគ្រស្មាញរបស់ខ្លួន ប៉ុន្ដែគំនូរទាំងនេះពេញដោយអត្ថន័យបង្កប់យ៉ាងជ្រៅ បែបរិះគន់ និងបែបតថនិយម។
ផ្ទាំងគំនូរដែលមានទិដ្ឋភាពចម្រុះចំនួន១៨ផ្ទាំងត្រូវបានដាក់តាំងក្នុងពិព័រណ៍មួយនៅភោជនីយដ្ឋានមួយក្បែរព្រះបរមរាជវាំងក្នុងក្រុងភ្នំពេញរយៈពេលពេញមួយខែដោយគិតថ្លៃចាប់ពីថ្ងៃព្រហស្បតិ៍ទី៨ ខែធ្នូនេះតទៅ។
លោក ឈឹម សុធី ដែលជាម្ចាស់ស្នាដៃនេះមានប្រសាសន៍ថា ការដាក់តាំងគំនូរទាំងនេះក្នុងគោលបំណងបង្ហាញគំនិតច្នៃប្រឌិតថ្មីៗ សម្រាប់ស្ដែងចេញពីរបបខ្មែរក្រហម ការទិទៀន ផលប៉ះពាល់នៃការអភិវឌ្ឍន៍ និងការអភិរក្សសត្វព្រៃ និងបរិស្ថានជាដើម។
គំនូរទាំងនេះក្រវ៉េមក្រវ៉ាម ក៏ប៉ុន្ដែលោក ឈឹម សុធី ដែលជាវិចិត្រករ បញ្ជាក់ថា គំនូរទាំងនេះបង្កប់ដោយអត្ថន័យជ្រាលជ្រៅ។
«ផ្ទាំងស្នាដៃគំនូររបស់ខ្ញុំ គឺខ្ញុំអត់បង្ហាញជារូបភាពភ្លាមទេ គឺខ្ញុំបង្ហាញជាគំនិតទៅវិញដូចថា ខ្ញុំបង្កប់អត្ថន័យច្រើននៅក្នុងនោះ។ ខ្ញុំប្រមើលមើលទៅក្នុងសង្គមជាតិទៅនឹងសង្គម ដែលយើងធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហមក្តីគឺយើងយកមកបញ្ចូលក្នុងផ្ទាំងគំនូរនេះ ដើម្បីជាអនុស្សាវរីយនៃការចងចាំ ទិទៀនដើម្បីស្ថាបនាចំពោះស្នាដៃសិល្បៈទៅលើសង្គមជាតិ ជាសារមួយដើម្បីផ្តល់ឲ្យរដ្ឋាភិបាលក៏ដូចជាមនុស្សទូទៅមានការអភិវឌ្ឍមានការប្រែប្រួលគំនិត អារម្មណ៍»។
គំនូរនីមួយៗមានទំហំចាប់ពី៦តឹកបួនជ្រុង រហូតដល់១,៥ម៉ែត្រគុណ២ម៉ែត្រ។ គំនូរមួយក្នុងចំណោមនោះ បានបង្ហាញស្ដ្រីមួយកំណាត់ខ្លួន និងព័ទ្ធជុំវិញដោយហ្វូងមច្ឆា និងធម្មជាតិដទៃទៀត។ មើលទៅហាក់ដូចជា មានភ្នែកនៅកន្លែងខ្លះក្នុងគំនូរដដែលនេះ។ គំនូរផ្សេងមួយទៀតហាក់ដូចជា មានស្ដ្រីម្នាក់កំពុងហោះក្នុងលំហ ដែលមានពណ៌ខៀវ ក្រហម បៃតង ពណ៌ក្រម៉ៅ តាមជំនោរខ្យល់កួចយ៉ាងខ្លាំង។ គំនូរមួយទៀតបង្ហាញពីពិភពមនុស្សពីរផ្សេងគ្នា និងកំណើតមនុស្សក្នុងភពរបស់មនុស្ស។ គំនូរទាំងអស់បានបង្កប់អត្ថន័យអរូបិយ ដែលរំលេចទៅដោយភាពទំនើបនិយមនៃការច្នៃប្រឌិតរបស់វិចិត្រករ។
លោក ឈឹម សុធី ក្នុងវ័យ៤១ឆ្នាំបានស្រូបយកការប្រឌិតស្នាដៃនេះបែបបស្ចឹមលោក។ លោក មានប្រសាសន៍ថា បើសិនជាគេមើលមួយភ្លែត គេមិនអាចយល់គំនូរទាំងនេះ ភ្លាមៗទេ។ លោក សុធី តែងតែធ្វើការពន្យល់បន្ថែមដល់ភ្ញៀវ ដែលចូលទស្សនាផ្ទាំងគំនូររបស់គាត់។ លោកបានយកគំនូរចំនួនពីរផ្ទាំងមករៀបរាប់។
«នេះគឺជារូបរបាំដែលរាំជាក្រុម។ អញ្ចឹងចង់បង្ហាញអំពីការស់ឡើងវិញនៃសិល្បៈវប្បធម៌ខ្មែរ បន្ទាប់ពីបានបាត់បង់អស់រយៈពេលច្រើនឆ្នាំ ជាពិសេសនៅក្នុងរបបខ្មែរក្រហម ដែលយើងឥតបានឃើញរបាំខ្មែរ។ សិល្បៈករខ្មែរយើងគឺមានទេព្យកោសល្យនៅក្នុងការសម្តែង ការបញ្ចេញអញ្ចឹង។ ហើយវាមានការរស់ឡើងវិញ ធ្វើឲ្យគេស្គាល់ទូទាំងពិភពលោក អំពីស្នាដៃរបស់ខ្មែរយើងអំពីសិល្បៈហ្នឹង»។
កញ្ញា ឃីម និមិល ដែលបានចូលរួមទស្សនាការដាក់បង្ហាញផ្ទាំងគំនូរនេះ បានឲ្យដឹងថា ផ្ទាំងគំនូរទាំងនេះពិតជាប្លែកពីផ្ទាំងគំនូរផ្សេងៗ ដែលនាងធ្លាប់បានឃើញហើយមើលទៅហាក់ដូចជាមានភាពរស់រវើក និងទាក់ទាញ។
«ស្នាដៃខ្មែរយើងលើកទី១ ដែលខ្ញុំបានឃើញសម្រាប់ខ្ញុំទេ គឺល្អបំផុតហើយគួរឲ្យចាប់អារម្មណ៍លើផ្ទាំងគំនូរមានរូបភាពបង្កប់នូវអត្ថន័យមួយយ៉ាងជ្រៅហើយលើកទី១ ដែលខ្ញុំបានមកឃើញនូវស្នាដៃខ្មែរ ហើយខ្ញុំសប្បាយចិត្ត និងមានមទនោភាពមែនទែន»។
លោក ឈឹម សុធី ទទួលបានរង្វាន់ជាច្រើននៅក្នុងការប្រកួតប្រជែងគំនូររួមមានរង្វាន់សិល្បៈអាស៊ានឆ្នាំ២០០០ នៅសិង្ហបុរី និងរង្វាន់លេខ១ចំនួនពីរដងជាប់ៗគ្នាពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក្នុងឆ្នាំ២០០៣ និង២០០៤ជាដើម។
នេះមិនមែនជាលើកទី១ទេ សម្រាប់ការដាក់តាំងបង្ហាញពីផ្ទាំងគំនូររបស់គាត់។ស្នាដៃជាច្រើនរបស់គាត់បានដាក់នៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាលខេត្តខ្លះៗ ហើយព្រមទាំង
ដាក់បង្ហាញនៅតាមប្រទេសមួយចំនួនទៀតផងដែរ ដូចជាហ្វីលីពីន សិង្ហបុរី ថៃ បារាំង និងសហរដ្ឋអាមេរិកជាដើម។
អ្នកស្រី វ៉ាន់ អេនេត (Annetle Van) ជាម្ចាស់ភោជនីយដ្ឋានតាម៉ារីន ដែលចូលរួមសហការក្នុងការផ្តល់ទីកន្លែងសម្រាប់ពិព័រណ៍គំនូរនេះ បានបញ្ជាក់ថា អ្នកស្រីចង់ជួយលើកតម្កើងគំនិតច្នៃប្រឌិតរបស់វិចិត្រករខ្មែរ។
លោក ឈឹម សុធី ដែលមានស្រុកកំណើតក្នុងស្រុកល្វាឯម ខេត្តកណ្តាលបានសិក្សាផ្នែកគំនូរអស់រយៈពេល១០ឆ្នាំ ហើយលោកទទួលបានបរិញ្ញាប័ត្រផ្នែកគំនូរពីលាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងទីក្រុងភ្នំពេញនៅឆ្នាំ១៩៩៥។
ក្រោយពីបញ្ចប់ការសិក្សា លោក ឈឹម សុធី បានចូលបម្រើការងារជាគ្រូបង្ហាត់ផ្នែកគំនូរនៅតាមអង្គការក្រៅរដ្ឋាភិបាលមួយចំនួនរហូតដល់ឆ្នាំ១៩៩៨ ជាពេលដែលលោកបានចូលបម្រើការងារក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕