ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ រូបមន្ត​សុំ​បង្កើត​គ.ជ.ប​នៅ​មិន​ទាន់​ធានា​ឯករាជ្យ​ភាព


លោក​អ៊ូ វីរៈ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។
លោក​អ៊ូ វីរៈ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។
រូបមន្ត​សម្រាប់​ការ​បង្កើត​គ.ជ.ប.​ឯករាជ្យ
សូម​រង់ចាំ

No media source currently available

0:00 0:32:14 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការជាប់​គាំង​នយោបាយ​កម្ពុជា​បាន​អូសបន្លាយ​ជិត​ដល់​មួយ​ឆ្នាំធ្វើ​ឱ្យ​សភាជាតិ​កម្ពុជា​មាន​តែ​មួយ​បក្ស​ ​ដោយសារ​តែគណបក្សដែល​ឈ្នះ​ឆ្នោត​ទាំង​ពីរ​បាន​ជ្រុំ​ជើង​នៅ​មួយ​កន្លែង​លើ​ការខ្វែង​គំនិត​គ្នា​លើនីតិវិធី​ក្នុង​ការ​ជ្រើស​រើស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឱ្យ​ប្រើ​ប្រាស់​រូបមន្ត​ពីរភាគបី ​រីឯ​គណបក្ស​ប្រជាជន​កម្ពុជារក្សា​ជំហរ​បោះឆ្នោត​ជ្រើសរើស​ដោយ​សំឡេង​៥០ភាគរយ​បូ​កនឹង​មួយ។

យ៉ាង​ណាក៏ដោយ​ ​លោក​អ៊ូ វីរៈ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មើល​ឃើញ​ថា​ការទាមទារ​នេះ​នៅ ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយទេ។

លោក​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាលពីថ្ងៃ​ច័ន្ទកន្លង​មក​ថា៖ «រូបមន្ត​នេះ​មិន​ធ្វើឱ្យ​ស្ថាប័ន​មួយ​នេះ​ ក្លាយ​ទៅ​ជា​ស្ថាប័ន​ឯករាជ្យ​ទេគឺ​គ្រាន់តែ​ឱ្យ​ស្ថាប័ន​នេះ​មាន​បក្ស​ពីរ​នៅ​ក្នុង​ហ្នឹង»។

ប៉ុន្តែ​លោក​អ៊ូ វីរៈ​យល់​ថា​រូបមន្ត ពីរភាគបី​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​គណបក្ស​ដែល​មាន​សំឡេង​ក្នុង​សភា​ជាពិសេស​គណបក្ស​មិន​កាន់​អំណាច។​

លោក​បាន​បន្ថែម​ថា៖«ទោះបី​មិន​ឯករាជ្យ​វា​មាន​ភាព​វិជ្ជមាន​រឿងមួយ​គឺ​ថា​គណបក្ស​ប្រជាជន​មិន​អាចធ្វើ​អ្វី​ដោយ​លាក់​បាន​ទេគឺ​ដោយ​សារ​មាន​សមាជិក​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ហ្នុង​បួននាក់​អញ្ចឹង​ការព្យាយាម​ធ្វើ​ដោយ​សម្ងាត់​ឬព្យាយាម​លាក់​ពី​សាធារណជន​ឬពី​គណបក្ស​សង្គ្រោះជាតិ​គឺ​ពិបាក​បន្តិច​លើក​លែង​តែ​មាន​កា​រទិញ​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ដែល​នេះ​ជា​ការ​ព្រួយ​បារម្ភ​មួយ»។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ទទួល​រងការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​ក្រោយ​ពីការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា ​ឆ្នាំ​២០១៣។ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បានអាសនៈចំនួន​៦៨ រីឯ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​អាសនៈ។ ប៉ុន្តែ​លទ្ធផល​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ប្រកែក​មិន​ទទួ​លស្គាល់​ដោយ​ចោទ​ថា​មាន​ភាព​មិន​ប្រក្រតី យ៉ាង​ធ្ងន់​ធ្ងរ។ ​

លោក​អ៊ូ វីរៈ មើល​ឃើញ​ពី​ភាព​ចាំបាច់​ក្នុង​ការ​ធានា​ឱ្យ​មន្ត្រី​ដែល​ចូល​មក​បម្រើការ​ក្នុងស្ថាប័ន​បោះឆ្នោតត្រូវ​មាន​សុចរិតភាព​និង​ការធានា​ដល់​សន្តិសុខការងារនិង​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ដោយ​មិន​ឱ្យ​មាន​ឥទ្ធិពល​គណបក្ស​ជ្រៀតជ្រែក​ចូលបាន។​

លោក​អ៊ូ វីរៈ​បាន​ផ្តល់​នូវ​ជម្រើស​ដោយ​ការ​បញ្ជូល​គ្នា​នូវ​រូប​មន្ត​ដែល​គណបក្ស​ទាំង​ពីរ​បាន​លើក​ឡើង​នោះ​គឺ​ទុក​ឱកាស​ឱ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ស្វែង​រក​ការ​គាំទ្រដោយ​សំឡេង​ពីរភាគបីដល់​សមាជិក​ដែល​គណបក្ស​ទាំង​ពីរ​បាន​ដាក់​មកចំនួន​ពីរឬ​បីដង​ហើយ​បើ​នៅ​តែ​មិន​អាច​ស្វែង​រក​ការគាំទ្រ​បាន​ទៀត​គឺ​ត្រូវ​ទុក​លទ្ធភាព​ឱ្យ​គណបក្ស​ឈ្នះឆ្នោត​ស្វែង​រក​សំឡេង​គាំទ្រ​ដោយ​សំឡេង​៥០​ភាគរយ​បូកនឹង​មួយ។

លោក​បាន​បន្ថែម​ថា៖

«ក៏ប៉ុន្តែ​គណបក្ស​កាន់​អំណាច​ក៏​គាត់​ខាត​ដែរ​ដល់​ពេល​ហ្នឹង​គឺ​គាត់​ខាត​ហើយ​ដោយសារ​គ.ជ.​ប​ថ្មី​ដែល​គាត់​អនុម័ត្ត​បានដោយ​សំឡេង​មិន​ពីរភាគបី​នោះ​គឺ​ជា​គ.ជ.ប​មួយ​ដែល​មិន​មាន​ការ​ទុក​ចិត្ត​ទាំង​ស្រុងទេ។ អញ្ចឹង​គណបក្ស​កាន់​អំណាច​ក៏​គាត់​មិន​ចង់​អញ្ចឹង​ហើយ​ដល់​ពេល​ហ្នឹង​គណបក្ស​ប្រឆាំង​ក៏ គាត់​ប្រហែល​ជា​ចង់​អញ្ចឹង​ដែរ​ព្រោះអ្វី​ខ្លួនមិនមាន​លទ្ធភាព​ក្នុង​ការដាក់​សមាសភាព​កណ្តាល​មួយ»។

លោក​បាន​បញ្ជាក់​ថាគន្លឹះ​ដ៏​សំខាន់​នោះ​គឺ​ការ​ធានា​ថា​បេក្ខ​ជន​ដែល​គណបក្ស​នយោបាយ​ស្នើឡើង​មិន​មែន​ជា​សមាជិក​គណបក្ស​នយោបាយ​ហើយ​នឹង​មិន​ទទួល​ផល​ប្រយោជន៍​ពី​គណបក្ស​នយោបាយ​នៅ​ក្រោយ​ពី​ការ​ចប់​អណត្តិ។

លោកកឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា​លោក​នឹង​មិន​ដក​ថយ​សូម្បី​បន្តិច​ទេ​ក្នុង​ការ​ទាមទារ​ឱ្យ​បោះឆ្នោត​ជ្រើ​សរើស​សមាជិក​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោតដោយ​សំឡេង​ពីរភាគបី​នៅក្នុង​សភាជាតិ។​

លោក​បាន​ផ្តល់​ការ​ពន្យល់​ពី​ការទាមទារ​ថា៖ «ពីព្រោះ​យើង​អត់​ចង់​ឱ្យ​គ.ជ.បធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃបក្ស​តែ​មួយ​។ ការអនុម័ត​៥០​ភាគរយ​បូក​មួយ​គឺ​គជប​ស្ថិត​ក្នុង​កណ្តាប់ដៃ​គណបក្ស​ប្រជាជន​កម្ពុជា​អញ្ចឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ត្រូវ​ចប់​ហើយ​ពីព្រោះ​វានឹង​ឈាន​ទៅ​រក​អំណាច​ផ្តាច់​ការ​ទៀត​ហើយ»។​

លោក​អ៊ូ វីរៈ​មើល​ឃើញ​ថាការពិភាក្សា​គ្នា​ពីការ​បង្កើត​គ.ជ.ប​នេះ​មិន​អាច​ដាច់​ដោយ​ឡែក​ពី​ការ​ចរចា​ពី​បញ្ហា​ផ្សេង​ទេ​ក្នុង​នោះ​គឺ​ការ​ដូរ​បទបញ្ជា​ផ្ទៃក្នុង​សភា​ដែលធានា​តួរ​នាទី​គណបក្ស​ប្រឆាំង​ធំ​ជាងមុន​និង​បណ្តាញ​ព័ត៌មាន​ជាជាង​ទូរទស្សន៍​សម្រាប់​គណបក្ស​ហើយ​ចំណុច​ចុង​ក្រោយ​គឺ​ ការប្រឹង​ប្រែង​រុញ​ ឱ្យ​តុលាការ​ឯករាជ្យ​ផងដែរ៕

XS
SM
MD
LG