ក្រុមមន្រ្តីរដ្ឋាភិបាលកម្ពុជានៅថ្ងៃសុក្រនេះបានសាទរការថ្លែងស្វាគមន៍របស់រដ្ឋមន្រ្តីការបរទេសអាមេរិកចំពោះសេចក្តីអះអាងរបស់កម្ពុជាដែលថា មិនមានការអនុញ្ញាតឲ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅឆកសមុទ្រកម្ពុជា។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Michael Pompeo ស្វាគមន៍ចំពោះការបដិសេធរបស់កម្ពុជាអំពីព័ត៌មានស្តីអំពីមូលដ្ឋានយោធាកងទ័ពចិនដាក់នៅក្នុងតំបន់ឈូងសមុទ្រកម្ពុជានិងបានកោតសរសើរចំពោះការប្តេជ្ញាការពារបូរណភាពដែនដីរបស់កម្ពុជា។
លោកប្រមុខការទូតអាមេរិកបានថ្លែងដូច្នេះថា៖
«ប្រទេសកម្ពុជាបានបដិសេធរបាយការណ៍ដែលថា កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកស្វាគមន៍ការការពារអធិបតេយ្យភាព បូរណភាពដែនដីដ៏ខ្លាំងក្លារបស់កម្ពុជា ហើយលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតក្នុងតំបន់ឲ្យធ្វើតាមលំនាំរបស់កម្ពុជា»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងអបអរ និងអរគុណដល់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយចាត់ទុកថា នេះគឺជាការផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា។
«យើងសូមអរគុណចំពោះឯកឧត្តម ដែលលោកបានផ្តល់យុត្តិធម៌ ហើយនិងតម្លៃការណ៍ពិតប្រឆាំងជាមួយហ្នឹង Fake News [ព័ត៌មានក្លែងក្លាយ]។ នេះជាប្រវត្តិសាស្រ្តថ្មីមួយ ដែលសហរដ្ឋអាមេរិកបានទទួលស្គាល់នូវអ្វីទៅដែលកម្ពុជាបានខំប្រឹងប្រែងក្នុងកិច្ចថែរក្សាអព្យាក្រឹត្យភាព និងអធិបតេយ្យភាពនេះឯង»។
ដោយឡែកលោកសុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានថ្លែងថា ការថ្លែងស្វាគមន៍របស់រដ្ឋមន្រ្តីការបរទេសអាមេរិកនេះបង្ហាញអំពីចំណុចវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
«ខ្ញុំយល់ថា ជាចំណុចវិជ្ជមាននៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិក ហើយខ្ញុំទើបតែឃើញមន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកលោកនិយាយដោយសច្ចៈធម៌»។
កាសែត The Wall Street Journal បានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ និងមន្ត្រីដែលធ្វើកិច្ចការនេះ តែមិនបានប្រាប់ឈ្មោះ មកផ្សព្វផ្សាយថា ប្រទេសចិន និងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជានៅដែនសមុទ្ររាម ខេត្តព្រះសីហនុ រយៈពេល៣០ឆ្នាំ។ ហើយកិច្ចព្រមព្រៀងនេះអាចនឹងបន្តរាល់ដប់ឆ្នាំម្តងក្រោយពីចប់រយៈពេល៣០ឆ្នាំដំបូង។
ក្រោយពីការផ្សព្វផ្សាយដំណឹងនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានច្រានចោលភ្លាមៗផងដែរ។ លោកហ៊ុន សែនបានហៅសេចក្តីរាយការណ៍របស់កាសែតអាមេរិកនោះថា ជា «ព័ត៌មានដ៏អាក្រក់បំផុត» ប្រឆាំងនឹងប្រទេសកម្ពុជា។
ក្រោយពីក្រុមមន្ត្រីកម្ពុជាបានបន្ទរតាមការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រដ្ឋាភិបាលកម្ពុជាបានសម្រេចបើកបង្ហាញមូលដ្ឋានកងទ័ពជើងទឹកក្នុងឆកសមុទ្ររាមនៃខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រ សប្តាហ៍មុនដើម្បីបញ្ចប់ការចោទប្រកាន់ដែលថា ខ្លួនបានធ្វើកិច្ចសន្យាបើកដៃឱ្យចិនបោះទីតាំងយោធាក្នុងតំបន់សមុទ្រនេះ។
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Occidental ក្នុងក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លើកឡើងថា ការស្វាគមន៍របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក Michael Pompeo នឹងធ្វើឲ្យកម្ពុជាប្រឈមនឹងបញ្ហាកាន់តែធំ ប្រសិនបើមូលដ្ឋានទ័ពនោះពិតជាមានមែន។
«ខ្ញុំគិតថា លោករដ្ឋមន្ត្រីការបរទេសជឿថា ការបដិសេធរបស់រដ្ឋាភិបាលកម្ពុជាគឺជារឿងច្បាស់លាស់ តែបានចាប់ឲ្យអាជ្ញាធរកម្ពុជាប្តូរផ្តាច់ចំពោះការបដិសេធរបស់គេដោយត្រង់ៗ។ ប្រសិនបើមានភ័ស្តុតាងនៃសកម្មភាពនោះលេចឡើងបន្តជាការណ៍ពិត ពេលនោះកម្ពុជានឹងមិនគ្រាន់តែរំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនទេ តែបាត់បង់កេរ្តិ៍ឈ្មោះទាំងអស់»។
ក្រោយមានការច្រានចោលសេចក្តីរាយការណ៍ដ៏ចម្រូងចម្រាសជាបន្តបន្ទាប់ទាក់ទងទៅនឹងការចុះកិច្ចព្រមព្រៀងសម្ងាត់អនុញ្ញាតឲ្យកងយោធាជើងទឹកចិនមានសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ដែនសមុទ្ររាមជាមូលដ្ឋានឈរជើងនោះ កាសែត The Wall Street Journal បានប្រាប់ VOA ថា ពួកគេនៅកាន់ជំហររឹងមាំលើការរាយការណ៍ព័ត៌មានដែលបានចុះផ្សាយ៕