ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍​ពន្យា​ពេល​ប្រកាស​សាលក្រម​ករណី​សម្លាប់​ជា វិជ្ជា


លោក​ជា វិជ្ជា ​​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំងព្រឹក​ព្រលឹម​កាលពីថ្ងៃទី២២ ​ខែមករាឆ្នាំ​២០០៤​។​
លោក​ជា វិជ្ជា ​​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំងព្រឹក​ព្រលឹម​កាលពីថ្ងៃទី២២ ​ខែមករាឆ្នាំ​២០០៤​។​
រាជធានី​ភ្នំពេញ៖ សាលាឧទ្ទរណ៍​បានសម្រេច​លើក​ពេលប្រកាស​សាល​ក្រមសំណុំរឿង​ដ៏ចម្រូង​ចម្រាស​មួយ​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​ជា វិជ្ជា​មេដឹកនាំ​សហជីព​សេរី​កម្មករ​ដ៏ល្បីល្បាញនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ដោយ​គ្មាន​កាល​កំណត់។​

សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​៧​ខែវិច្ឆិកា​បាន​បើក​សវនាការ​បណ្តឹង​ឧទ្ធរណ៍​តាម​សាល​ដីកា​បង្គាប់​របស់​តុលាការ​កំពូល​ឱ្យ​ពិនិត្យ​សើ​រើ​សំណុំរឿង​លោក ប៊ន សំណាង​និង​លោក​សុខ សំអឿន​ឡើង​វិញ​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​ជា វិជ្ជា​ហើយ​គ្រោង​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ច័ន្ទ​ទី​២៦​ខែ​វិច្ឆិកា​នេះ​ក៏ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល។​

លោក​ជួន ស៊ុនឡេង​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលាឧទ្ធរណ៍​បាន​និយាយថា​មូល​ហេតុ​នៃ​ការ​ពន្យា​ពេល​ប្រកាស​សាល​ក្រម​នេះដោយ​សារ​តែ​តុលាការ​កំពុង​ពិចារណា​ទៅលើ​សំណុំ​រឿង​នេះ​នៅ​ឡើយ។
«នេះជា​អំណាច​របស់​តុលាការ​គេ​មើល​ទៅ​ថា​មិនទាន់​មានការ​ពិចារណា​ឱ្យ​អស់​លទ្ធភាព​គេមិន​ទាន់​ប្រកាស​បាន»។​

លោក​ជា មុន្នី​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​ជា វិជ្ជា​បាន​ហៅ​ការ​សម្រេច​លើក​ពេល​ប្រកាស​សាល​ក្រម​របស់​សាលា​ឧទ្ធរណ៍​ថា​មាន​ហេតុផល​នយោបាយ។​

លោក​បាន​និយាយ​ថា​លោក​ប៊ន សំណាង​និង​លោក​សុខ សំអឿន​មិន​មែន​ជា​ឃាតករ​សម្លាប់​លោក​ជា វិជ្ជា​ទេ​ហើយ​តុលាការ​គួរ​តែ​បញ្ចប់​មន្ទិល​សង្ស័យ​ទាំង​នេះ​និង​គួរ​តែ​ស្វែង​រក​ឃាតករ​ពិត​ប្រាកដ​មក​ផ្តន្ទាទោស។​

«វាមាន​សម្ពាធ​នយោបាយ​ហើយ​បាន​ជា​តុលាការ​សាលា​ឧទ្ធរណ៍​ពិបាក​និង​ធ្វើការសម្រេច​ទៅលើ​ទោស​កំហុស​របស់​អ្នក​ទាំង​ពីរ​ដែល​អ្នក​ទាំង​ពីរ​ហ្នឹង​បើ​ខ្ញុំ​មើល​ទៅ​ឃើញ​ថា​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​ណាមួយ​ទៅ​លើ​អ្នក​ទាំង​ពីរ​ទេ»។​

លោក កៅ ទី​មេធាវីការ​ពារ​ក្តី​ភរិយា​លោក​ ជា វិជ្ជា​បាន​និយាយ​ថា​លោក​មាន​ការ​សោក​ស្តាយ​ដោយ​កូន​ក្តីរបស់​លោក​បាន​រង់ចាំ​យុត្តិ​ធម៌​ជា​យូរមក​ហើយតែ​នៅ​មិន​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។​

«ការ​ទន្ទឹង​រង់ចាំ​របស់​កូន​ក្តី​ខ្ញុំបាទ​វា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​អញ្ចឹង​គាត់​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ហ្នឹង​ដើម្បី​ឱ្យ​តុលាការ​រក​ឃាតករ​សម្លាប់​ប្តីគាត់​ពិត​ប្រាកដ»។​

លោក​ជា វិជ្ជា ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ឃាតករ​បាញ់​
​សម្លាប់​ទាំងព្រឹក​ព្រលឹម​កាលពីថ្ងៃទី២២ ​ខែមករាឆ្នាំ​២០០៤​នៅពេល​ដែល​លោក​កំពុង​អង្គុយ​អាន​ កាសែត​ ជាមួយ​មិត្តភក្តិ​នៅ​តូបលក់​កាសែត​ខាងលិច​វត្តលង្កា។​មិនយូរប៉ុន្មាន​ក្រោយពីការ​
​បាញ់​សម្លាប់​នោះ​ប៉ូលិស​ បាន​ ចាប់​ជនសង្ស័យ​ពីររូប​ គឺ​ឈ្មោះ​ប៊ន សំណាង ​និង​សុខ សំអឿន​ដោយ​ចោទ​ថា​ពួកគេគឺ​ជា​ឃាតករ​ហើយ​ត្រូវតុលា​ការកាត់​ឱ្យជាប់​ពន្ធនាគារ​ក្នុងម្នាក់ៗ​ម្ភៃឆ្នាំ។ ប៉ុន្តែ​
​អ្នកទាំងពីរ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​និង​អង្គការ​សង្គម​ស៊ីវិល​ចាត់ថា​ជា​ឃាតករ​សិប្បនិមិត្ត។​
​លោកប៊ន សំណាង​និង​លោក​សុខ សំអឿន​ត្រូវបាន​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំបណ្តោះ​អាសន្ន​កាលពី​ខែមករា​ឆ្នាំ២០០៩​បន្ទាប់ពី​ជាប់​ឃុំឃាំង​អស់ជិត​ប្រាំឆ្នាំ​ហើយ​តុលាការ​កំពូល​បានបង្គាប់​ឱ្យ​សាលាឧទ្ធរណ៍​បើក​សវនាការពិ​និត្យ​ករណី​នេះ​សារ​ជា​ថ្មី៕
XS
SM
MD
LG