ក្រុមកម្មករកាត់ដេរសម្លៀកបំពាក់ប្រមាណជាង៥០នាក់ ដែលដឹកនាំដោយសហជីពសេរីកម្មករកម្ពុជារបស់លោកជា មុន្នី បានចូលរួមរំឭកខួបលើកទី៨នៃការបាញ់សម្លាប់លោកជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករដ៏ល្បីល្បាញកាលពីឆ្នាំ២០0៤។
ការចូលរួមរបស់កម្មករដើម្បីគោរពវិញ្ញាណក្ខន្ធលើកនេះមានភាពខុសប្លែកពីបណ្តាឆ្នាំមុនៗ ដោយក្រុមកម្មករមិនបានដើរក្បួនដង្ហែដោយថ្មើរជើងទេ គឺបានធ្វើដំណើរតាមម៉ូតូ តាមរថយន្ត និងតាមម៉ូតូកង់បីខ្លះ ដោយគ្មានស្រែកឧគ្ឃោសនសព្ទបំពងសម្លេង និងគ្មានកម្លាំងសមត្ថកិច្ចឈរយាមកាមតាមផ្លូវមាំទាំទេ គឺមានចំនួនតិចតួចតែប៉ុណ្ណោះ។
ការគោរពវិញ្ញាណក្ខន្ធយ៉ាងស្ងាត់ស្ងៀមរបស់សហជីពសេរីកម្មករនេះបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានយល់ព្រមឲ្យសាងសង់រូបសំណាកលោកជា វិជ្ជា នៅលើសួនច្បារមួយកន្លែងក្បែរវត្តលង្កា ជាទីកន្លែងនៃការបាញ់សម្លាប់លោកជា វិជ្ជា។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាប្អូនប្រុសបង្កើតលោកជា វិជ្ជា បានប្រាប់ក្រុមអ្នកកាសែតនៅកន្លែងគោរពវិញ្ញាណក្ខន្ធថា ការដើរក្បួនដង្ហែយ៉ាងស្ងាត់ស្ងៀមនេះ ដោយសារតែគោរពច្បាប់នៅពេលដែលកម្ពុជាកំពុងតែឃោសនាបោះឆ្នោតព្រឹទ្ធសភា។
«ដោយសារតែមានការប្រជុំពីរលើកជាមួយនឹង[សាលា]ក្រុងភ្នំពេញ ក្រុងភ្នំពេញគេថា មិនមានការហាមឃាត់ក្បួនរបស់សហជីពសេរីកម្មករមកដាក់កម្រងផ្កាទេ។ ហើយគេមិនឃាត់ឃាំងទេក្នុងការស្រែកក្នុងការអី ប៉ុន្តែយើងគោរពក្រមសីលធម៌មួយ ដោយសារតែឆ្នាំនេះគឺជាការបោះឆ្នោតព្រឹទ្ធសភា ហើយគជបបានហាមឃាត់»។
លោកគង់ គាំ ប្រធានស្តីទីគណបក្សសម រង្ស៊ី បានផ្តល់ថវិកាចំនួន១លានរៀលគឺស្មើនឹងប្រមាណជាង២០០ដុល្លារសហរដ្ឋអាមេរិកដល់លោកជា មុន្នី ដើម្បីឲ្យធ្វើរូបសំណាកលោកជា វិជ្ជា។
លោកគង់ គាំបានមានប្រសាសន៍ថា លោកគាំទ្រក្រុមគ្រួសារលោកជា វិជ្ជា ដើម្បីវែកមុខរកឃាតករពិតប្រាកដទៅផ្តន្ទាទោសតាមច្បាប់។
«ខ្ញុំគាំទ្រលោកជា មុន្នី គាំទ្រគ្រួសារសពលោកជា វិជ្ជា ហើយនឹងមជ្ឈដ្ឋានផ្សេងៗ ដែលថា រដ្ឋាភិបាលត្រូវតែបន្តវែកមុខរកឃាតករលើរូបជា វិជ្ជា ឲ្យបានពិតប្រាកដ»។
ចំណែកលោកស្រីមួរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី បានចែកឌីស្ហថតចម្លងមួយដែលអ្នកស្រីបាននិយាយជាសាធារណៈថា នេះជាភស្តុតាងមួយបន្ថែមទៀត ដើម្បីឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតស្វែងរកចាប់ខ្លួនឃាតករពិតប្រាកដមកកាត់ទោស។
«យើងដឹងហើយ រដ្ឋមិនទាន់ចាត់វិធានការផ្លូវច្បាប់ចាប់ឃាតករ និងអ្នកបញ្ជានោះទេ។ យើងជាពលរដ្ឋខ្មែរ យើងមិនអាចរស់នៅដោយមានសុវត្ថិភាពបានទេ។ ឥឡូវខ្ញុំសួរមែន រហូតមកដល់ពេលនេះ មិនទាន់ចាប់បានទេ»។
លោករ៉ុង ឈុន ប្រធានសហជីពសេរីកម្មករនៃកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បានមានប្រសាសន៍ថា សហជីពសេរីកម្មករ និងសមាគមគ្រូបង្រៀនរង់ចាំមើលថា ពេលណារដ្ឋាភិបាលផ្តល់យុត្តិធម៌ជូនលោកជា វិជ្ជា និងសាច់ញាតិក្រុមគ្រួសារសពរបស់លោក។
«ថ្ងៃនេះ គម្រប់ប្រាំបីឆ្នាំហើយមិនទាន់បានរកឃាតករពិតយកមកផ្តន្ទាទោសតាមច្បាប់។ បើយើងស្តាប់អ្នកនាំពាក្យក្រសួងមហាផ្ទៃ គ្រាន់តែយើងបន្តការស៊ើបអង្កេត។ សួរថា បន្តនៅពេលណា? ប៉ុន្តែអ្វីដែលយើបន្តមកដល់ពេលនេះឥតមានឃើញនូវលទ្ធផល នូវការប្រែប្រួលណាមួយសោះ»។
លោកជា វិជ្ជា អតីតមេដឹកនាំសហជីពសេរីកម្មករដ៏ល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានឃាតករដើរចូលបាញ់យ៉ាងកៀកបំផុត នៅពេលដែលលោកកំពុងតែអានកាសែតនៅតូបលក់កាសែតមួយជិតវត្តលង្កា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ រយៈពេលប្រាំបីឆ្នាំបន្ទាប់ពីការបាញ់លោកជា វិជ្ជា មន្ត្រីអង្គការសង្គមស៊ីវិលបានទទូចឲ្យរដ្ឋាភិបាលចាប់ខ្លួនឃាត់ករពិតប្រាកដមកផ្តន្ទាទោសតាមច្បាប់។ ក៏ប៉ុន្តែមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានអះអាងថា សំណុំរឿងដ៏រសើបមួយនេះមិនទាន់បញ្ចប់ការស៊ើបអង្កេតនៅឡើយ។
លោកប៊ន សំណាង និងលោក សុខ សំអឿន ដែលក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបានចាត់ទុកថា ជាឃាតករសប្បនិម្មិតនោះមិនមានវត្តមាននៅក្នុងពិធីរំឭកខួបការបាញ់សម្លាប់លោកជា វិជ្ជាឆ្នាំនេះទេ៕