ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​បរិស្ថាន​​ត្រូវ​ចាប់​ឃាត់​ខ្លួន​រយៈ​ពេល​ខ្លី​ពេល​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់

  • ម៉ែន គឹមសេង

រូបថត​ថ្ងៃ​ទី​២​ខែ​សីហា​ឆ្នាំ​២០១១​នេះ​បង្ហាញ​កន្លែង​បូម​ខ្សាច់​មួយ​កន្លែង​នៅ​ខាង​ក្រៅ​ក្រុង​ខេមរភូមិន្ទ​ខេត្ត​កោះកុង​។ កន្លែង​​​បូម​ខ្សាច់​នេះ​ជា​របស់​លោក លី យ៉ុងផាត់ ដែល​ជា​មហាសេដ្ឋី​ (ឧកញ៉ា) កម្ពុជា​រូប​ត្រូវ​​បាន​រិះ​គន់​ថា​​​បាន​នាំ​ឲ្យ​ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន​ប្រទេស​នេះ​។ ខ្សាច់​នេះ​ត្រូវ​បូម​សម្រាប់​​ដឹក​ទៅ​លក់​នៅ​ប្រទេស​សិង្ហបុរី។ (AP Photo/Heng Sinith)

សកម្មជន​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​ចំនួន​៣នាក់​និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ឃាត់​ខ្លួន​មួយ​រយៈ​ពេល​ខ្លី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ក្នុង​ពេល​ដែល​ពួកគេ​មក​តវ៉ា​នៅ​មុខ​រដ្ឋ​សភាជាតិប្រឆាំង​នឹង​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង។

យុវជន​សកម្មជន​បរិស្ថាន​ទាំង​៣​នាក់ គឺ​លោក​ សន ចាន់ដារ៉ា សហស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ លោក​ ឌឹម គុណឌី និង លោក​ ចេក នីត្រា ហើយមន្ត្រី​ព័ត៌មាន​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​លោក ឌិត សុធី ក៏​ត្រូវ​ចាប់​ខ្លួន​យក​មក​អប់រំ​ណែនាំ​ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ចុះ​ឃ្លាំមើល​ការ​តវ៉ា​នោះ។

អង្គការ​ចលនា​មាតា​ធម្មជាតិ​ចោទ​ថា​ ក្រុមហ៊ុន​បូម​ខ្សាច់ International Rainbow Co., Ltd.​ដែល​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ នៅ​ស្រុក​គិរីសាគរ ខេត្ត​កោះកុង កំពុង​បង្ក​ឲ្យ​បាត់បង់​ព្រៃ​កោងកាង នៅ​តំបន់​សមុទ្រ និង​បាត់មុខរបរ​ប្រជា​នេសាទ​ជាង​៣០០​គ្រួសារ។ ហើយ​ពួកគេ​បាន​ព្យាយាម​ដាក់​ញត្តិ​មក​សភាជាតិ​ដើម្បី​សុំ​ឱ្យ​មាន​អន្តរាគមន៍។

អាជ្ញាធរ​មាន​សមត្ថកិច្ច​អះអាង​ថា​ការ​ចាប់​ខ្លួន​ជន​ទាំង​នោះ​ គឺ​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ និងដោយសារ​អ្នកទាំង​នោះ​ធ្វើការ​តវ៉ា​ដោយ​មិន​បាន​ជូន​ដំណឹង​ជាមុន។ អាជ្ញាធរ​បាន​ដោះលែង​ក្រុម​យុវជន​ទាំង​នោះ​វិញ​បន្ទាប់​ពី​ឱ្យ​ពួកគេ​ធ្វើការសន្យា​ថា​នឹងជូន​ដំណឹង​ទៅ​អាជ្ញាធរ​ជា​មុន​សិន​មុន​នឹង​ធ្វើ​ការ​តវ៉ា​ដទៃ​ទៀត​ក្នុង​ពេល​អនាគត។

ចលនា​មាតា​ធម្មជាតិ​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ បាន​ធ្វើ​សកម្មភាព​តស៊ូ​មតិ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ឱ្យ​មានការ​ការពារ​តំបន់​អារ៉ែង​កុំ​ឱ្យ​ក្រុមហ៊ុន​ចិន​ស៊ីណូហាយដ្រូ​ (Sinohydro) មក​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ដោយសារ​តែ​ពួកគេ​មើល​ឃើញ​ថា​ នឹង​ប៉ះពាល់​ដល់​ជីវភាព​របស់​នៅ​របស់​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ផង ​និង​បំផ្លាញ​ដល់​ធនធាន​ធម្មជាតិ។

ក្នុង​ពេល​កន្លង​មក​អាជ្ញាធរ​កម្ពុជា​ក៏​បាន​បណ្តេញ​សហស្ថាបនិក​ជនជាតិ​អេស្ប៉ាញ​គឺ​លោក​អាឡិច​ សាន់ដឺ​ ហ្កន់សាឡេស ដាវីតសុន ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​សារ​តែ​សកម្មភាព​តវ៉ា​ក្នុង​ពេល​អតីតកាល​ផង​ដែរ។ បច្ចុប្បន្ន​លោក​អាឡិច​កំពុង​ស្ថិត​នៅសហរដ្ឋ​អាមេរិក​ដើម្បីទាក់​ទាញ​ការ​គាំទ្រ​និង​រៃ​អង្គាស​ថវិកា៕

XS
SM
MD
LG