អាជ្ញាធរដែនដីហាក់ដូចជាមានការយកចិត្តទុកដាក់ខុសពីធម្មតាលើបញ្ហាអភិវឌ្ឍនៅបឹងកក់ បន្ទាប់ពីមានការគំរាមបង្កកប្រាក់កម្ចីពីធនាគារពិភពលោក។
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់បាននិយាយនៅថ្ងៃពុធនេះថាអាជ្ញាធរក្រុងភ្នំពេញបានបង្ហាញលិខិតកិច្ចព្រមព្រៀងមួយរវាងសាលាក្រុងភ្នំពេញនិងក្រុមហ៊ុនរបស់លោកឧកញ៉ាសុខ គង់។
អ្នកស្រីបានបញ្ជាក់ថា ការបង្ហាញលិខិតរបស់អាជ្ញាធរក្រុងភ្នំពេញនេះបានកើតមានឡើងក្រោយពេលដែលធនាគារពិភពលោកបានព្រមានពីការបង្កកប្រាក់កម្ចីដល់កម្ពុជាដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានដោះស្រាយប្លង់កម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋនៅតំបន់បឹងកក់។ លោកស្រីបានបញ្ជាក់ទៀតថា លោកឧកញ៉ាសុខ គង់ បានចុះទៅពិនិត្យស្ថានភាពបូមខ្សាច់ផ្ទាល់នៅតំបន់បឹងកក់ជាលើកដំបូង និងបានសន្យាជាមួយប្រជាពលរដ្ឋថា ការបូមខ្សាច់នឹងមិនធ្វើអោយលិចលុងផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗមាត់បឹងទេ។ អ្នកស្រីទេព វន្នី មានប្រសាសន៍ថា៖
«ចាប់តាំងពីធនាគារពិភពលោកគាត់ចេញមក ប៉ុន្នានថ្ងៃនេះមានគេ call មកខ្ញុំដែរសួរថាបញ្ហាទឹកក្រុមហ៊ុនមានលួចបូមទៀតអត់? ទឹកមានច្រាលអត់? ថ្ងៃម្សិលមិញ គេយកចិត្តទុកដាក់ខ្លាំងគេចាប់ផ្តើមកាយលូ»។
លោកស្រីអាណ្ណែត្តិ៍ ឌិកសុន (Annette Dixon) នាយកធនាគារពិភពលោកប្រចាំតំបន់ កាលពីថ្ងៃអង្គារបានប្រាប់វីអូអេខ្មែរ តាមរយៈសារអេឡិចត្រូនិកថា ធនាគារពិភពលោកបានផ្តល់ប្រាក់កម្ចីដល់កម្ពុជាកាលពីខែធ្នូ ឆ្នាំ២០១០។ ធនាគារពិភពលោកនឹងមិនផ្តល់ប្រាក់កម្ចីបន្ថែមដល់កម្ពុជាទេប្រសិនបើគ្មានកិច្ចព្រមព្រៀងដោះសា្រយបញ្ហាប្រជាពលរដ្ឋនៅតំបន់បឹងកក់។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលទាមទារការពន្យល់ឲ្យបានច្បាស់ពីធនាគារពិភពលោកជុំវិញការប្រកាសតាមរយៈបណ្តាញព័ត៌មាន។ លោកបានប្រាប់វីអូអេខ្មែរថា៖
«អានេះជាការប្រើប្រាស់សិទ្ឋិមួយ។ យើងដឹងថាសិទ្ឋិទី១សិទ្ឋិទ្វេភាគី ដែលយើងទទួលក្នុងការចុះហត្ថលេខាព្រមព្រៀងនីមួយៗ។ ហើយការរំលោភនៃកិច្ចព្រមព្រៀងនេះ យើងមិនអាចទទួលយកបាន។ យើងនឹងដោះស្រាយតាមផ្លូវច្បាប់»។
ការចាក់ដីដើម្បីលប់បំពេញផ្ទៃបឹងកក់បណ្តាលឲ្យមានការជម្លៀសប្រជាពលរដ្ឋនៅតំបន់បឹងកក់ច្រើនរាប់ពាន់គ្រួសារ។ យោងតាមកិច្ចព្រមព្រៀងរវាងសាលាក្រុងភ្នំពេញ និងក្រុមហ៊ុនស៊ូកាគូអ៊ីន តំបន់អភិវឌ្ឍបឹងកក់នេះមានទំហំជាង១៣៣ហិកតា។
គម្រោងនេះត្រូវបានរៀបចំឡើងដោយសាលាក្រុងភ្នំពេញ និងក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោកឧកញ៉ាឡាវ ម៉េងឃីន សមាជិកព្រឹទ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា និងក្រុមហ៊ុនចិនមួយទៀតដើម្បីជួលដីបឹងកក់រយៈពេល៩៩ឆ្នាំសម្រាប់អភិវឌ្ឍតំបន់នេះឲ្យទៅជាមជ្ឃមណ្ឌលពាណិជ្ជកម្មទំនើបៗ សណ្ឋាគារ និងផ្ទះល្វែង។
ក្រុមជនរងគ្រោះបានស្នើសុំឲ្យរដ្ឋាភិបាលផ្តល់ដីមួយចំណែកឲ្យខ្លួនដើម្បីជៀសវាងការទៅរស់នៅជាយក្រុងភ្នំពេញ។ ក្រុមអ្នកស្រុកបឹងកក់ធ្លាប់បានធ្វើការតវ៉ាជាច្រើនលើកដើម្បីស្វែងរកដំណោះស្រាយ ក៏ប៉ុន្តែជាញឹកញាប់ត្រូវបានអាជ្ញាធរបង្ក្រាប និងចាប់ខ្លួន៕