រដ្ឋាភិបាលកម្ពុជាប្រកាសដាក់លក់មូលបត្ររដ្ឋជាលើកដំបូងនៅខែកញ្ញាខាងមុខនេះ ក្នុងទំហំទឹកប្រាក់ចំនួន ៣០០ លានដុល្លារអាមេរិក ដើម្បីប្រមូលប្រភពឥណទានក្នុងស្រុក បន្ថែមលើប្រភពឥណទាន ឬប្រាក់កម្ចីពីក្រៅប្រទេស។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញទីផ្សារភាគហ៊ុន។
ការដាក់លក់មូលបត្ររដ្ឋ ឬហៅម្យ៉ាងទៀតថា សញ្ញាបណ្ណដែលសំដៅដល់កិច្ចសន្យាបំណុល គឺជាផ្នែកមួយនៃការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាដើម្បីរំដោះខ្លួនពីការផ្តេកផ្តួលលើប្រាក់កម្ចីក្រៅស្រុក ហើយបើកផ្លូវឱ្យរដ្ឋអាចកៀរគរប្រាក់កម្ចីពីវិនិយោគិនក្នុងស្រុក។ នេះបើតាមការប្រកាសកន្លងមករបស់មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ១៦ ខែសីហា ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី ២៤ ខែសីហា សម្រាប់ការលក់មូលបត្ររដ្ឋដំបូង វិនិយោគិនអាចទិញបានក្នុងមួយបណ្ណ ឬមួយភាគហ៊ុនស្មើនឹងសាច់ប្រាក់ចំនួន ១ លានរៀល ឬប្រមាណ ២៥០ ដុល្លារអាមេរិក។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការដាក់លក់មូលបត្ររដ្ឋចាប់ពីខែកញ្ញាខាងមុខនេះ គឺជាដំណាក់កាលសាកល្បងដើម្បីទាញយកប្រភពហិរញ្ញប្បទានបន្ថែមដើម្បីជំរុញដំណើរការអភិវឌ្ឍផ្សេងៗនៅក្នុងប្រទេស។
លោកថ្លែងថា៖ «វាជាចំណែកមួយនៃហិរញ្ញប្បទាន ដែលយើងត្រូវការជាទុនមួយដែលយើងត្រូវការដើម្បីយកមកអភិវឌ្ឍនៅក្នុងស្រុក។ ហើយយកមកជួយដោះស្រាយនូវបញ្ហាផ្សេងៗជាទុន...មិនមែនថាជាលក្ខខណ្ឌចាំបាច់ត្រូវតែមានចេញពីអាហ្នឹងមកទេ យើងមានលទ្ធភាពយើងធ្វើ បើមានគេទិញ គឺយើងមានលទ្ធភាពដើម្បីយកថវិកាហ្នឹងយកទៅអភិវឌ្ឍ និងដោះស្រាយបញ្ហាផ្សេងៗសុខុមាលភាពសង្គម និយាយចំទៅដូចជាថវិកាដែលយើងមកធ្វើគ្រប់មុខទាំងអស់ទេ ហើយអានេះគ្រាន់តែជាការសាកល្បងទេ»។
ការដាក់លក់មូលបត្ររដ្ឋ ឬកិច្ចសន្យាបំណុលរដ្ឋាភិបាល កើតឡើងជិតមួយឆ្នាំ ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែតុលា ឆ្នាំ ២០២១ ជាពេលដែលរដ្ឋាភិបាលកម្ពុជាប្រកាសឱ្យដឹងផងដែរនូវថវិកាជាតិសម្រាប់ឆ្នាំ ២០២២ ដែលត្រូវបានគ្រោងទុកក្នុងចំនួនប្រមាណ ៨.០១៣ លានដុល្លារអាមេរិក។
នៅក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងច្បាប់ថវិកាឆ្នាំ ២០២១» ដែលត្រូវបានធ្វើឡើងកាលពីចុងខែមករា ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក វង្សី វិស្សុត បានថ្លែងថា ប្រាក់កម្ចីពីក្រៅប្រទេសនឹងលែងជាជម្រើសអាទិភាពសម្រាប់ការខ្ចីបុលរបស់រដ្ឋនៅពេលអនាគត។
មូលបត្ររដ្ឋសំដៅដល់សញ្ញាបណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដែលបញ្ជាក់ពីការទទួលស្គាល់បំណុលដែលបានបោះផ្សាយក្នុងនាមរដ្ឋាភិបាល ក្នុងនោះរួមមានបណ្ណរតនាគារ សញ្ញាបណ្ណរតនាគារ និងមូលបត្ររដ្ឋផ្សេងទៀត។ នេះបើតាមច្បាប់ស្តីពីមូលបត្ររដ្ឋ។
បើតាមច្បាប់ស្តីពីមូលបត្ររដ្ឋ ដែលត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់កាលពីខែធ្នូកន្លងទៅនេះ មូលបត្ររដ្ឋអាចត្រូវបានបោះផ្សាយជារូបិយវត្ថុជាតិ ឬជារូបិយបណ្ណបរទេស។
ច្បាប់ដដែលចែងថា មូលបត្ររដ្ឋអាចត្រូវបានបោះផ្សាយក្នុងប្រទេស ឬនៅក្រៅប្រទេស ហើយមូលបត្រដែលត្រូវបានបោះផ្សាយលក់ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់រាជរដ្ឋាភិបាល។
ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារមូលបត្រនៃផ្សារមូលបត្រកម្ពុជា អ្នកស្រី គឹម សុផានីតា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃសុក្រនេះថា ការបោះផ្សាយមូលបត្ររដ្ឋដំបូងនេះនឹងប្រតិបត្តិការតាមរយៈធនាគារជាតិនៃកម្ពុជា ហើយក្រុមជាគោលដៅដែលអាចទិញមូលបត្ររដ្ឋដំបូងនេះ គឺមកពីវិស័យធនាគារដែលមានសាច់ប្រាក់សល់ច្រើន មុននឹងបន្តដាក់លក់នៅផ្សារមូលបត្រកម្ពុជាដែលនឹងបើកផ្លូវឱ្យអ្នកមកពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ដូចជាក្រុមហ៊ុនធានារ៉ាប់រងជាដើម មកទិញមូលបត្រក្នុងជំហានបន្តបន្ទាប់ទៀត។
អ្នកស្រីបន្ថែមថា ការសម្រេចរបស់រដ្ឋាភិបាលក្នុងការលក់មូលបត្ររដ្ឋនេះ កើតមានឡើង ដោយសារតែកម្ពុជា មានបទប្បញ្ញតិ្ត និងប្រព័ន្ធជួញដូរមូលបត្រដែលប្រព្រឹត្តទៅប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ហើយស្របតាមតម្រូវការរបស់រដ្ឋាភិបាលក្នុងការស្តារកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺឆ្លងកូវីដ១៩។
អ្នកស្រីថ្លែងថា៖ «មូលហេតុដែលថា វាសមស្របមែនទែនសម្រាប់ពេលបច្ចុប្បន្ននេះមួយទៀតគឺដោយសារតែវាស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលដែលយើងចង់ស្តារ និងពង្រឹងកំណើនសេដ្ឋ កិច្ច ក្រោយពេលវិបត្តិកូវីដ១៩នេះ»។
បើតាមអ្នកស្រី គឹម សុផានីតា ការបោះផ្សាយមូលបត្ររដ្ឋនេះ គឺជាការធ្វើពិពិធកម្មប្រភពទុន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍធំៗក្នុងប្រទេស ដូចជាការកសាងស្ពានផ្លូវថ្នល់ ប្រឡាយទឹក ព្រមទាំងពង្រឹងវិស័យអប់រំ និងវិស័យផ្សេងទៀត ដូចជាវិស័យសុខាភិបាល។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា ប្រទេសផ្សេងទៀតក៏មានការដាក់លក់មូលបត្ររដ្ឋស្រដៀងគ្នានឹងកម្ពុជា ដើម្បីធ្វើហិរញ្ញប្បទានទៅលើឱនភាពថវិការដ្ឋ។
លោកប្រាប់វីអូអេថា៖ «ការប្រើប្រាស់មូលបត្ររដ្ឋគឺល្អ ជាជាងការខ្ចីបុលពីបរទេស។ ចំពោះពលរដ្ឋខ្មែរមួយចំនួន យើងនៅប្រើប្រាស់សាច់ប្រាក់យើងនៅឡើយ បានន័យថា ទូទាត់តាមធនាគារ ហើយសាច់ប្រាក់ភាគច្រើនគឺទុកនៅផ្ទះដែលជាប្រាក់សន្សំមិនបានត្រូវយកមកប្រើ ដូច្នេះហើយជាការទុកធនធានចោលដោយគ្មានប្រសិទ្ធភាព»។
លោកបន្ថែមថា៖ «អ៊ីចឹង ការប្រើប្រាស់មូលបត្រហ្នឹង គឺស្មើនឹងការយកលុយដាក់ធនាគារប្រហាក់ប្រហែលគ្នាដែលរដ្ឋនឹងផ្តល់មកវិញនូវការប្រាក់ជូនអ្នកដែលទិញមូលបត្ររដ្ឋនេះ»។
លោក គី សេរីវឌ្ឍន៍ បន្ថែមថា ការផ្តល់ការប្រាក់ដល់ប្រជាជនក្នុងស្រុក ជាសកម្មភាពហិរញ្ញវត្ថុមួយមានលក្ខណៈប្រសើរជាងការផ្តល់ការប្រាក់ទៅឱ្យម្ចាស់ប្រាក់កម្ចីនៅក្រៅប្រទេស ហើយក៏ជាយុទ្ធសាស្ត្រហិរញ្ញវត្ថុមួយ ក្នុងការទាញយកចំណូលក្នុងស្រុក ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ច តាមរយៈគោលនយោបាយសារពើពន្ធ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
បើគិតពីឆ្នាំ ១៩៩៣ មកដល់ដំណាច់ឆ្នាំ ២០២០ ទំហំកម្ចីដែលកម្ពុជាបានខ្ចីពីដៃគូអភិវឌ្ឍន៍បានកើនដល់ជាង ៩,៦៥១ លានដុល្លារសហរដ្ឋអាមេរិក។
គិតត្រឹមដំណាច់ឆ្នាំ ២០២០ បំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជា ដែលនៅជំពាក់ដៃគូបរទេស មានទំហំ ៨,៨៥៩ លានដុល្លារអាមេរិកដែលក្នុងនោះ មានចំណែក ៤៥% ជំពាក់ប្រទេសចិន៕