នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង ភាគីទាំងពីរបានឯកភាពគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវ«ភាពជាដៃគូយុទ្ធសាស្ត្រ» ដោយធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមនៃជំនួបរវាង លោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron ចេញផ្សាយនៅថ្ងៃសុក្រនេះ ដោយក្រសួងការបរទេសកម្ពុជា។
បើតាមសេចក្តីថ្លែងការណ៍រួម មេដឹកនាំទាំងពីរដែលបានពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យនៃកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តជាច្រើន និងខំស្វែងរកធ្វើពិពិធកម្មវិស័យក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។
សេចក្តីថ្លែងការណ៍បន្ថែមថា៖ «ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជំរុញការវិនិយោគ ពង្រីកទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ»។
ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជាទៅកាន់ទីក្រុងប៉ារីស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានចំនួនបីសម្រាប់វិស័យទឹកស្អាត ថាមពលនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មានពីមុនមក គឺចំនួន ២១៥លានអឺរ៉ូ ឬប្រមាណ ២៣៥លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយនៅថ្ងៃសុក្រនេះ។
នៅក្នុងឱកាសនៃជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ កម្ពុជាក៏បានបញ្ជាក់ពីបេក្ខភាពរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើក (Francophonie Summit) ទី ២០ នៅឆ្នាំ ២០២៦។ នេះបើតាមសេចក្តីថ្លែងការណ៍រួម។
បើតាមសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានលើកឡើងពី«សារៈសំខាន់នៃពហុនិយមផ្នែកនយោបាយ និងការការពារដោយពេញលេញនូវសិទ្ធិជាមូលដ្ឋាន ដើម្បីធានាភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ»។
ភាគីបារាំងបានរំឭកឡើងវិញនូវការកោតសរសើររបស់ខ្លួនចំពោះជំហរកម្ពុជានៅអង្គការសហប្រជាជាតិទាក់ទងនឹងសង្គ្រាមឈ្លានពានដែលដឹកនាំដោយរុស្ស៊ីទៅលើអ៊ុយក្រែន។ នេះបើតាមសេចក្តីថ្លែងការណ៍រួម។
កាលពីខែតុលា ឆ្នាំ ២០២២ កម្ពុជាដែលជាប្រធានសមាគមអាស៊ានប្តូរវេនកាលនោះ បានបោះឆ្នោតគាំទ្រ និងបានចូលជាសហស្ថាបនិកនៃសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។
នៅក្នុងផ្នែកបរិស្ថានវិញ ភាគីបារាំងបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាលើផ្នែកអាកាសធាតុ ដែលបានកំណត់គោលដៅអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ ២០៥០ តាមរយៈយុទ្ធសាស្ត្រផ្តោតលើបរិស្ថានស្អាត បៃតង និងនិរន្តរភាព។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅកាន់ភាគីបារាំងថា កម្ពុជាប្តេជ្ញាមិនអភិវឌ្ឍវារីអគ្គិសនីនៅលើតួទន្លេមេគង្គ ហើយក៏មិនអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មឡើយ។
ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាបញ្ហាតំបន់ និងសកលផងដែរ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង និងសង្រ្គាមរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនផងដែរ៕
វេទិកាបញ្ចេញមតិ