នៅមុនជំនួបផ្លូវការក្នុងទីក្រុងប៉ារីស ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសើរកម្ពុជាដែលបានបង្ហាញភាពក្លាហានក្នុងការបោះឆ្នោតសម្រេចថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ ២០២២។
លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចជានាយករដ្ឋមន្រ្តី បានជិត ៥ខែ កំពុងបំពេញទស្សនកិច្ចផ្លូវការរបស់លោកនៅប្រទេសបារាំង។ លោកបានជួបប្រធានាធិបតីបារាំងកាលពីថ្ងៃព្រហស្បតិ៍ នៅវិមានប្រធានាធិបតីអេលីហ្សេ ក្នុងទីក្រុងប៉ារីស។ លោកក៏បានជួបជាមួយប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាបារាំងផងដែរ។
នៅមុនជំនួបផ្លូវការ ប្រធានាធិបតីបារាំងបានថ្លែងក្នុងសន្និសីទមួយថា បារាំងអរគុណកម្ពុជាដែលបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកបញ្ជាក់ថា នេះជា«ជំហរដ៏ក្លាហាន»មួយរបស់កម្ពុជា។
កាលពីខែតុលា ឆ្នាំ ២០២២ កម្ពុជាដែលជាប្រធានសមាគមអាស៊ានប្តូរវេនកាលនោះ បានបោះឆ្នោតគាំទ្រ និងបានចូលជាសហស្ថាបនិកនៃសេចក្តីសម្រេចតរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។
នៅក្នុងសន្និសីទក្នុងទីក្រុងប៉ារីស លោក Emmanuel Macron ប្រធានាធិបតីបារាំង ក៏បានប្រកាសថា បារាំងនឹងផ្តល់កញ្ចប់ថវិកា ២០០លានអឺរ៉ូ ដល់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៤ ដើម្បីជួយវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាតក្នុងប្រទេសកម្ពុជា។
កាលពីឆ្នាំ ២០២៣ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) បានផ្តល់ហិរញ្ញប្បទានជាង ២០០លានអឺរ៉ូ សម្រាប់គម្រោងនានានៅកម្ពុជា ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងថាមពល។
នៅក្នុងសន្និសីទនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាចងចាំជានិច្ចនូវតួនាទីរបស់បារាំងនៅក្នុងនាមជាស្ថាបនិក និងសហប្រធានសន្និសីទទីក្រុងប៉ារីស ដែលនាំ ទៅសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ ហើយបារាំងបានចូលរួមអភិវឌ្ឍកម្ពុជាតាំងពីពេលនោះមក។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថាកម្ពុជានឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបារាំង ហើយលោកស្នើឱ្យភាគីទាំងពីរពិនិត្យលទ្ធភាពនៅក្នុងការលើកតម្កើងនៃកម្រិតកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ។ លោក ហ៊ុន ម៉ាណែត ក៏សង្ឃឹមថា ទំហំវិនិយោគនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងកើនឡើងនៅឆ្នាំបន្តបន្ទាប់ផងដែរ៕
វេទិកាបញ្ចេញមតិ