ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរនៅ​អាមេរិក​បង្ហាញ​ពីភាព​ជោគជ័យ​ដោយ​ឱកាស​និង​ការតស៊ូ


ពុទ្ធបរិស័ទចូលរួមក្នុងមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក ក្នុងវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)
ពុទ្ធបរិស័ទចូលរួមក្នុងមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក ក្នុងវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)

លោក ស្រ៊ុន តាំងហ៊ាង វ័យជាង​៦០ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​តាកែវ បាន​មក​ដល់​ស.រ.អា នៅ​ឆ្នាំ​១៩៨0 ធ្លាប់​ទទួល​បរាជ័យ​ខ្លះ​ក្នុង​មុខ​ជំនួញមុន​នៅ​ឆ្នាំដំបូងៗ ហើយ​ធ្លាប់​ធ្វើ​ជាបុគ្គលិក​រោងចក្រ​ មុនពេល​បាន​រៀនសូត្រ និង​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​វិស្វករ​មេកានិក និង​ក្លាយជា​ម្ចាស់ក្រុមហ៊ុន​និង​រោងចក្រ។

ក្រៅពី​ការ​ជួបជុំ​គ្នា​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ ទំនៀម​ទម្លាប់ ​និង​ រកវិធី​ជួយ​ដល់ សហគមន៍​ ហើយនឹង​ប្រទេស​កំណើត​ទៅតាម​លទ្ធភាពភាព​នោះ​ ជន​អន្តោប្រវេសន៍ និង​ជន​ភៀសខ្លួន​ខ្មែរ​ដែល​មករស់​នៅ​សហរដ្ឋ​អាមេរិក​រួមទាំង​ពលរដ្ឋខ្មែរ​នៅក្នុង​រដ្ឋ មីនីសូតា ​បាន​ថ្លែងថា​នៅលើ​ទឹកដី​ពោរ​ពេញ​ដោយឱកាស​កសាង​ជីវិត​ដូចជា​ប្រទេស​អាមេរិក​នេះ​ បាន​ផ្តល់​ភាព​ជោគ​ជ័យ​ដល់​ពួកគេ​ទៅតាម​ការប្រឹង​ប្រែង​តស៊ូ​រៀងៗ​ខ្លួន។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ធ្វើម្ហូប​បណ្តើរ​និយាយ​បណ្តើរ​ លោក​ ហេង សំណាង​ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង ក្នុង​សង្កាត់ ​Rochester ​រដ្ឋមីនីសូតា​ ថ្លែង​កោត​សរសើរ​សហរដ្ឋ​អាមេរិក​ ដែល​មាន ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ល្អ​ផ្តល់ឱកាស​ច្រើន​សម្រាប់​មនុស្ស​គ្រប់រូប​ ជាពិសេស​រូប​លោក ដែលបាន​ចាប់​ផ្តើម​តាំង​ពីបាត​ដៃទទេ ​រហូត​ក្លាយ​ជាម្ចាស់​ហាង​ចិន​មួយ​ឈ្មោះ ហ៊ូណាន់ (Hunan)។

«ខ្ញុំ​គិត​ថា ​យើង​ជាខ្មែរ ​ហើយ​មក​ស្រុក​គេនេះ​ ខ្ញុំគិត​ថា​យើង​មានឱកាស​ច្រើន​ណាស់។ មានឱកាស​ច្រើន​សំខាន់​គឺបងប្អូន​ខ្មែរ​យើង​ខ្លះ​បណ្តោយឱកាស​ហ្នឹង​វាហួស ​វាទៅ ចោល។ ​អីចឹងឱកាស​មនុស្ស​ម្នាក់ៗ​មិនមែន​ធ្លាក់ពី​លើ​មេឃ​រាល់​ថ្ងៃទេ ​វាមាន​យូរៗ ម្តង​អីចឹង។​ ហើយ​យើង​ត្រូវចាប់ឱកាស​ហ្នឹង​ ហើយ​យើង​ត្រូវគិត​មើល​ថា​កន្លែង​ណា ដែលវា​ល្អជាង‍​ ដែល​ហៅ​ថា​ស្វែង​រក​ការងារ​ល្អ ​និងរក​កន្លែង​ល្អ​នោះ​ណា»។

ម្ហូប​ក្នុង​ហាង​របស់​លោក​ មាន​ទាំង​ម្ហូប​បែបចិន​និងម្ហូប​ខ្មែរខ្លះ​ ដែលមាន​តម្លៃ​សមរម្យ ចាប់ពី​៨ ដុល្លារ ​ដល់​ជាង​១០ដុល្លារ ​មាន​សេវាកម្ម​ល្អ ​រហ័ស​ ស្អាត ​និង ​ទីតាំង​ល្អ ដែល​អាច​តទល់​នឹង​ការ​ប្រកួត​ប្រជែង​ជាមួយ​ហាង​នានា ​ក្នុង​ទីក្រុង​ដែល​លោក​ថា មាន​មនុស្ស​ជាង​១០ម៉ឺន​នាក់​រស់​នៅ​នេះ។

លោក​ថា​មក​ដល់​ពេល​នេះ​ លោក​មាន​ប្រព័ន្ធ​កម្មង់​អនឡាញ​និង​ការដឹក​ជញ្ជូន​ដល់ កន្លែង​ផង​ដែរ ​ដើម្បី​តម្រូវ​តាម​ភ្ញៀវ​ដែល​មិន​អាច​មក​ភោជនីយដ្ឋាន​បាន។ ​លោក​ថាចាប់​តាំងពី​លោក​ទិញ​ហាង​ថ្មីនេះ​ពីថៅ​កែ​ចិន​រយៈ​ពេល​៣ឆ្នាំ​មក​ លោក​ថា​ ពេល​នេះ​លោក​ទទួល​បាន​ប្រាក់​ចំណេញ​ហើយ​ ក្រោយពី​លោក​មិនសូវ​បាន​ទទួល ជោគជ័យ​ក្នុង​មុខ​ជំនួញ​កាលពី​ជាង​១០​ឆ្នាំ​មុន។

លោក ហេង សំណាង ម្ចាស់​ហាង​ខ្មែរ​ចិន នៅ​សង្កាត់ Rochester រដ្ឋមីនីសូតា។(សាយ មុន្នី/VOA)
លោក ហេង សំណាង ម្ចាស់​ហាង​ខ្មែរ​ចិន នៅ​សង្កាត់ Rochester រដ្ឋមីនីសូតា។(សាយ មុន្នី/VOA)

លោក ​ហេង សំណាង​ដែល​បាន​មកដល់​សហរដ្ឋ​អាមេរិក​កាលពី​ដើមឆ្នាំ​២០០១​នោះ មាន​ស្រុក​កំណើត​នៅក្នុង​ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ។

អ្នកជំនួញ​ដែល​បាន​ជោគជ័យ​ ផ្នែក​រោងចក្រ​ក្នុង​សង្កាត់ ​Bloomington​ រដ្ឋមីនីសូតា ​គឺ លោក​ ស្រុ៊ន តាំង ហ៊ាង​ (Heang T. Srun) ​បានថ្លែង​ថា ​ចាប់តាំង​ពីលោក​បាន​ចាប់ ផ្តើម​ដំណើរការ​រោងចក្រ​និង​ក្រុមហ៊ុន​ ឈ្មោះ​ Quality ​Tech ​Services ​ផ្នែក​វេចខ្ចប់ ដែលមាន​បុគ្គលិក ​ជាង ​១៦០នាក់​ ជិត ​២០ឆ្នាំ​ តាំង​ពីឆ្នាំ២០០១​ មក​នោះ ​លោក​បាន​ទទួល​ជោគជ័យ​ក្នុង​មុខ​ជំនួញ​នេះ។

លោក ស្រ៊ុន តាំងហ៊ាង ម្ចាស់រោងចក្រ និង​ក្រុមហ៊ុន​ឈ្មោះ Quality Tech Services ក្នុង​សង្កាត់ Bloomington រដ្ឋមីនីសូតា។ (សាយ មុន្នី/VOA)
លោក ស្រ៊ុន តាំងហ៊ាង ម្ចាស់រោងចក្រ និង​ក្រុមហ៊ុន​ឈ្មោះ Quality Tech Services ក្នុង​សង្កាត់ Bloomington រដ្ឋមីនីសូតា។ (សាយ មុន្នី/VOA)

«បានខ្ញុំ​មក​ធ្វើ​ជំនួញ​ជាមួយ​មិត្ត​អាមេរិកាំង​ ខាត​ឆ្នាំទី១​ តែ​១៧ ​ឆ្នាំ​ដែល​ខ្ញុំ​ធ្វើ​ជំនួញ ​ខ្ញុំ​ចំណេញ​លុយ​រហូត។​ ដូច្នេះ​ជា​ជោគជ័យ​មួយ​ដោយ​សារ​ការ​ខិតខំ​ ហើយ​ជា​សំណាង មួយ​ដែល​មិន​ដែល​បាន​ធ្លាក់​ទឹក‍»។

រោងចក្រ​របស់​លោក​អាច​រក​ចំណូល​យ៉ាងតិច​៣៦​លាន​ដុល្លារ​ក្នុង​១ឆ្នាំ ​តែ​លោក​ និង ដៃគូ​ជំនួញ​ បាន​លក់​រោងចក្រ​នេះ​ហើយ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ដោយសារ​លោក​ថា​លោក ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍។​ រោងចក្រ​របស់​លោក​នេះ​គឺ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម ហ៊ុន​ជាង​២០០ ​ដែល​នាំ​ឧបករណ៍ ​និង​សម្ភារៈ​ត្រូវ​ផលិត​ វេចខ្ចប់ ​លាង​សម្អាត​មក​កាន់ រោងចក្រ​របស់​លោក​ជា​ប្រចាំ។​ សម្ភារៈ​ទាំងនោះ​មាន​ឧបករណ៍វះកាត់​ឆ្អឹងខ្នង ឧបករណ៍​ដាំធ្មេញ​ និង​ឧបករណ៍​ខាង​វះកាត់​បេះដូង​ជាដើម។

លោក ​ស្រ៊ុន តាំងហ៊ាង​ អាយុ​ជាង​៦០ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​បាន​មក ដល់​សហរដ្ឋ​អាមេរិក ​កាលពី​ឆ្នាំ​១៩៨0 ​ធ្លាប់​ទទួល​បរាជ័យ​ខ្លះ​ក្នុង​មុខ​ជំនួញមុន​នៅ​ឆ្នាំ ដំបូងៗ ​ហើយ​ក៏ធ្លាប់​ធ្វើការ​ជាបុគ្គលិក​រោងចក្រ​ផងដែរ​ មុនពេល​បានរៀន​សូត្រ​និង ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​វិស្វករ​មេកានិក​និង​ ក្លាយ​ជាម្ចាស់​ក្រុមហ៊ុន​និង​រោងចក្រ ។

លោក ចិន្តា សួគ៌ នាយករង​ក្រុមហ៊ុន Ludwig Financial Group នៅ​សង្កាត់ Minneapolis រដ្ឋមីនីសូតា។ (សាយ មុន្នី/VOA)
លោក ចិន្តា សួគ៌ នាយករង​ក្រុមហ៊ុន Ludwig Financial Group នៅ​សង្កាត់ Minneapolis រដ្ឋមីនីសូតា។ (សាយ មុន្នី/VOA)

ថ្លែង​ប្រាប់​ VOA​ នៅ​ក្នុង​វត្ត​មុនីសុតារាម ​ពេល​មាន​ពិធី​បុណ្យ​ធំៗ​ផ្នែក​ព្រះពុទ្ធ​សាសនា លោក ​ចិន្តា សួគ៌ ​(Chanda Sour)​ អាយុ ​៤៧ ​ឆ្នាំ​ នាយករង​នៃក្រុមហ៊ុន​ Ludwig Financial ​Group ​ទទួល​បន្ទុក​ផ្នែក​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​សម្រាប់​ជីវិត​គ្រួសារ និងបុគ្គល​ ជាអតិថិជន​ចំនួន​ជាង ​២៥០​នាក់ ​ បាន​អះអាង​ពីការ​តស៊ូ​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ការងារ​ជាង​២០ឆ្នាំ ​មុន​ទទួល​បាន​សម្រេច​ជោគជ័យ ​រហូត​ឈាន​ដល់​ការ​គ្រប់​គ្រង​លើ​គម្រោង​ហិរញ្ញវត្ថុ​ជាច្រើន​ដែល​មាន​ទឹកប្រាក់រាប់សិបលាន​ដុល្លារ​ សម្រាប់​អ្នកជំនួញ ម្ចាស់​សហគ្រាស អ្នកចូលនិវត្តន៍​ពី​ការងារ អ្នកមាន​អាជីព​ជំនាន់ថ្មី។

«អ្នកខ្លះ​គេថា​គេចង់​សន្សំ​ទឹកលុយ​ទិញ​ផ្ទះ​ ដូច្នេះ​ទៅ​ខ្ញុំជួយ​បង្វិល ​ឧទាហរណ៍​ថា​គេឲ្យ ខ្ញុំ ​៥០០០​ ខ្ញុំបង្វិល​ទៅហើយ​ដាក់​នៅ​កន្លែង​ណា​ដែល​បាន​ការ​ប្រាក់ទៅ​ ហើយ​ខ្ញុំប្រាប់ គេឲ្យ​សន្សំ​១ខែ​២០០​ ១ខែ ​៣០០ ​ទៅ ​ហើយ​គេបាន​ល្មមទៅ ​គេយក​លុយហ្នឹង​ទៅកក់ ដើម្បី​ទិញផ្ទះ​ (Down ​payment ​on a ​home) ​ដើម្បី​ទិញ​ផ្ទះ។​ ដូច្នេះ​នេះ​គឺជា​គម្រោង ហិរញ្ញវត្ថុ ​(So that’s ​some ​financial ​planning) ។​ ជួនកាល​ខ្ញុំធ្វើ​គម្រោង​ការ​បង់​លុយ កូន​ចូលរៀន​មហាវិទ្យាល័យ ​( college planning)។​ ឧទាហរណ៍​ថាបង​មានកូន​តូច​មួយ ឥឡូវ​ទើប​អាយុ​៩ឆ្នាំ​ ខ្ញុំប្រាប់​បងឯងៗ​ដាក់​អញ្ចេះៗ​ទៅ ​ដាក់​ចំនួន​ទឹកលុយ​ប៉ុណ្ណេះៗ ហើយ​ពេល​វាអាយុ​១៨ទៅ​បងឯង​មិនបង់​សាលារៀន​ទៀតទេ។ ហើយ​លុយ​ហ្នឹង យើង​បង្វិល​យ៉ាង​ម៉េច​ឲ្យ​ភ្ញៀវ​បានការ​ប្រាក់​សមរម្យ‍»។

លោក​ ចិន្តា ​ដែល​បាន​ចាកចេញ​ពីស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​មក​រស់​នៅ សហរដ្ឋ​អាមេរិក​កាល​ពីឆ្នាំ​១៩៨១​ ជាជន​ភៀសខ្លួន​ក្នុងជំរុំ​ជាយដែន​ថៃនោះ​ បានអះ អាង​ថា​ពលរដ្ឋ​ខ្លះ​ក៏ចេះ​ធ្វើ​កិច្ចការ​នេះ​ដែរ​ តែខ្លះ​ក៏មិន​បាន​ចេះ​ឬមិន​បាន​ដឹង​រឿង​ផ្ទេរ​ប្រាក់​ដល់​ក្រុម​គ្រួសារ​ពេល​ស្លាប់​ទៅ។

«ប៉ុន្តែ​ចំណុច​មួយ​គេអត់​ដឹងថា​ពេលខូច​ (ស្លាប់)​ទៅ​គេអត់​ដឹងថាធ្វើ​យ៉ាងម៉េច​ផ្ទេរ​លុយ ទៅកូន​ចៅគេ​ បើ​មិន​នេះទេ​ ឲ្យ​ព្រះវិហារ​ ឲ្យវត្ត​ ឲ្យអី ​គេ​អត់ចេះ​កន្លែង​ហ្នឹង។​ ដូច្នេះ ហើយ​សេវាកម្ម​ខ្ញុំ​ចូលមក​កន្លែង​ហ្នឹងវិញ។​ តើគេ​អាច​ផ្ទេរលុយ​ពីការ​ទិញ​លក់ផ្ទះ​ទៅ ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​របៀប​ម៉េច​ (How do ​you pass ​that ​real estate​ to ​the​ next generation)។​ ដូច្នេះ​ទៅខ្ញុំ​ផ្តល់​សេវាកម្ម​ហ្នឹង ​ដូច្នេះ​កន្លែង ​ហ្នឹង​ខ្ញុំហៅ​អ្នកច្បាប់​ មេធាវី អ្នក​គណនីយ​មក​ចូលរួម​និង​ធ្វើ​សំណុំ​រឿង​ជូន‍»។

ពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​ទទួល​ជោគជ័យ​លើ​ទឹកដី​អាមេរិក​ ពេលពួក​គេមក​ដល់ សហរដ្ឋ​អាមេរិក​ ហើយ​ចាប់​ផ្តើម​រៀន​ភាសា​ ប្រឡង​ចូល​សញ្ជាតិ​ តាំងចិត្ត​ខ្ពស់ ក្លាហាន​និង​អត់ធ្មត់​លើទឹកដី ​ដែល​គេហៅ​ថា​ជា​ទឹកដី​ សំបូរ​ទៅដោយ​ឱកាសឬ​ហៅ​ថា The Land​ of ​opportunities៕

XS
SM
MD
LG