ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្រៀម​ក្រំ​ដោយសារ​ការបាត់​បង់​អតីត​ព្រះ​​មហាក្សត្រ


ពលរដ្ឋ​ស្លៀកពាក់ស​ចូលរួម​កាន់ទុក្ខអតីត​ព្រះ​មហាវីរៈក្សត្រ​នរោត្តម​សី​ហនុ​ដែល​បានបាន​សោយ​ទិវង្គត​កាលពីថ្ងៃ​ច័ន្ទ​ក្នុង​ព្រះជន្មាយុ​៩០​ព្រះ​វស្សានៅ​ទីក្រុង​ភ្នំពេញ។
ពលរដ្ឋ​ស្លៀកពាក់ស​ចូលរួម​កាន់ទុក្ខអតីត​ព្រះ​មហាវីរៈក្សត្រ​នរោត្តម​សី​ហនុ​ដែល​បានបាន​សោយ​ទិវង្គត​កាលពីថ្ងៃ​ច័ន្ទ​ក្នុង​ព្រះជន្មាយុ​៩០​ព្រះ​វស្សានៅ​ទីក្រុង​ភ្នំពេញ។
វ៉ាស៊ីនតោន៖​ ផ្សែង​ធូប​ហុយខ្មួល​ខ្មាញ់ឡើង​លើ​ក្នុង​អាកាសធាតុ​ត្រជាក់​បង្គួរ​ និង​សំឡេង​សូត្រ​ធម៌​បង្សុកូល​ឧទ្ទិស​មគ្គ​ផលដល់​អតីត​ព្រះ​មហាវីរៈក្សត្រ​នរោត្តម​សី​ហនុ​បាន​កើត​មាន​ឡើងនៅ​ថ្ងៃ​ច័ន្ទ​ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី បុណ្យភ្ជុំ​បិណ្ឌ​ នៅ​វត្ត​ពុទ្ធិការ៉ាម​ក្នុង​រដ្ឋ​ម៉ារីឡែន​ សហរដ្ឋ​អាមេរិក។
ព្រះ​តេជគុណ​អ៊ុក វ៉ាន់​ហន ព្រះចៅ​អធិការ​វត្ត​ពុទ្ធិ​ការ៉ាម​បាន​មាន​សង្ឃដីការ​បញ្ជាក់ប្រាប់​វីអូអេ​ថា៖​
«ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទីនេះ​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​មាន​ការ​សោកស្តាយ​ហើយ​បាន​រួម​រំលែក​ទុក្ខ​ហើយ​បាន​ចូលរួម​ ភាគច្រើន​បាន​ចូលរួម​ធ្វើ​ពិធី​បង្សុកូល​ជូន​កុសល​ថ្វាយ​កុសល​ទៅដល់​ព្រះវិញ្ញាណក្ខន្ធ​របស់​ព្រះ​សម្តេច​នរោត្តម​សីហនុ»។

ព្រះ​មហាវីរក្សត្រ​នរោត្តម សីហនុ​បាន​សោយ​ទិវង្គត​កាលពីថ្ងៃ​ច័ន្ទ​ក្នុង​ព្រះជន្មាយុ​៩០​ព្រះ​វស្សា​ដោយ​ជំងឺ​គាំង​បេះដូង​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង​ប៉េកាំង។

លោក​អាចារ្យ​កុយ មឿន ប្រចាំ​នៅ​វត្ត​ពុទ្ធិ​ការ៉ាម​បាន​បញ្ជាក់​ថា៖
«យើង​ខ្ញុំ​ទាំង​អស់​គ្នា​ក៏​មាន​ការ​សោកស្តាយ​ចំពោះ​វីរភាព​ហើយ​ម្យ៉ាង​ទៀត​ក៏​បាន​និមន្ត​ព្រះ​សង្ឃ​ជា​ទី​បញ្ចប់​បង្សុកូល​ដើម្បី ឧទ្ទិស​កុសល​ថ្វាយ​វិញ្ញាណក្ខន្ធ​នៃ​ព្រះ​អង្គ​សូម​វិញ្ញាណក្ខន្ធ​ព្រះ​នរោត្តម​សីហនុ​ទទួល​អនុមោទនា​នូវ​បុណ្យ​ដែល​យើង​ខ្ញុំ​បាន​ធ្វើ​នៅ​ក្នុង​ទីវត្ត​ពុទ្ធិការ៉ាម​នេះ​ដោយ​សោមនស្ស​រីករាយ»។​

សម្តេច​ព្រះ​នរោត្តម​សីហនុ បាន​ឡើង​សោយ​រាជ្ស​នៅ​ក្នុង​ឆ្នាំ​១៩៤១​ពេល​ដែល​ព្រះ​អង្គមាន​ព្រះ​ជន្ម​១៩​ព្រះ​វស្សា។ ព្រះ​អង្គ​ត្រូវ​បាន​ពលរដ្ឋ​ជាច្រើន​ចង​ចាំ​ពី​យុគសម័យ​មាស​ដែល​កម្ពុជា​ជួប​ប្រទះ​ក្រោយ​ពី​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៥៣​ពី​អាណានិគម​បារាំង។​

ឧបាសិកា​ខៀវ លក្ខិណា​បាន ​នៅ​ចង​ចាំ​ពី​សម័យ​កាល​ដែល​អតីត​ព្រះ​មហាក្សត្រ​បាន​កាន់​អំណាចថា៖
«ខ្ញុំ​ចងចាំ​ថា​ជំនាន់​នោះ​ស្រុក​មាន​សន្តិភាព​ អត់​មាន​ចម្បាំ​ង​រាំង​ជល់​ហើយ​អត់​មាន​ការ​លួច​ឆក់​ឬ​ក៏​រំលោភ​អ្វី ដោយ​ព្រៃ​ផ្សៃ​អ្វី ទេ»។

ស្រដៀ​ងគ្នា​នេះ​ដែរ​លោកស្រី​ អ៊ួន អ៊ន បាន​រំលឹក​ដល់​អនុស្សាវរីយ៍​កាល​ពី​រស់​នៅប្រទេស​កម្ពុជា​ក្នុង​ទសវត្ស​រ៍​១៩៥០​និង​៦០។
«ខ្ញុំ​នឹក​ឃើញ​ដល់​គាត់​ដែល​ប្តី​មាន​ប្រាក់​ខែ​ស៊ី​ទាំង​ដៃៗ​ដល់​អីចឹង​ទៅ​នឹកឃើញ​អញ្ចឹង​ដែរ​ហើយ​ក៏​បាន​សប្បាយ​ដោយសារ​គាត់​ដែរ​ពេល​ឯករាជ្យ»។

មិនតែ​ចំពោះ​ប្រជាពលរដ្ឋ​ចាស់​ៗ​ដែល​ធ្លាប់​រស់​ឆ្លង​កាត់​សម័យ​សង្គម​រាស្រ្ត​និយម​ទេ​
លោកស្រី ស្រី ដាលីស ដែល​មាន​វ័យ​២៧​ឆ្នាំ​ជា​ប្រជាពលរដ្ឋ​នៅ​រដ្ឋ​ម៉ារីឡែន ក៏​បាន​បញ្ជាក់ពី​អារម្មណ៍​អាឡោះ​អាល័យ​ដែរ​ថា៖​
«ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ព្រោះ ជា​ស្តេច​ម្នាក់ដែល​ជួយ​ប្រជាជន​ឱ្យ​រស់​ឡើង​វិញ​។ ព្រះ​អង្គ​គឺ​ជា​ព្រះ​អង្គ​ម្នាក់​ដែលជួយ​ប្រជាជន​ឱ្យ​រីកចម្រើន​ឡើង​ហើយ​ជា​ព្រះអង្គម្នាក់​ដែល​ជួយ​ឱ្យ​ប្រជា​ជន​ខំ​ប្រឹង​ ជួយ​ខ្មែរ​ឱ្យ​រស់​ឡើង​វិញ​ហើយ​ខ្ពង់​ខ្ពស់​ឡើង​ហើយ​ជឿ​ជាក់»។
យ៉ាង​ណា​ក៏​ដោយ​ការសម្រេច​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​ក្នុង​ការ​ចូលរួម​ជាមួយ​ចលនា​ខ្មែរ​ក្រហ​ម​ដែលជា​របប​មួយ​ត្រូវ​បាន​ស្តី​បន្ទោស​ថា​បានកាប់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​៧​សែន​នាក់​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដូច​ជា​លោក​ គុជ ចាន់​លី​មិន​អាច​បំភ្លេច​បាន​ឡើយ។ លោកចាន់​លីបាន​សម្តែង​ការ​សោកស្តាយថា​ព្រះ​មហាក្សត្រ​បាន​សោយ​ទិវង្គត​ទៅ​ដោយ​មិន​បាន​បកស្រាយ​ឱ្យ​បាន​ច្បាស់​ពី​ការ​ចូល​ពាក់​ព័ន្ធ​របស់អតីតព្រះ​មហាក្សត្រ​ត្រឹម​កម្រិត​ណា​ជាមួយ​នឹង​ចលនាខ្មែរ​ក្រហមបើ​ទោះ​បី​ជា​ព្រះ​អង្គ​ធ្លាប់​បកស្រាយ​ជាច្រើន​លើក​ថា​ព្រះ​អង្គ​បាន​លាលប់​ពី​ក្រុម​ខ្មែរ​ក្រហម​នៅ​ដើ​មឆ្នាំ​១៩៧៦​មុន​ពេល​ដែល​របប​នេះ​អនុវត្ត​នយោបាយ​កាប់​សម្លាប់​មនុស្ស​ក៏​ដោយ។​

ព្រះសព​របស់​ព្រះ​មហាវីរក្សត្រ​នរោត្តម​សីហនុ​នឹង​ដង្ហែ​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ពុធដោយ​មាន​ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់​១០​ម៉ឺននាក់​ឈរ​ដង្ហែ​តាម​ផ្លូវ​ពី​ព្រលាន​យន្ត​ហោះរហូតដល់​ព្រះ​បរម​រាជ​វាំង។ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​ព្រះរាជ​វាំង​និង​រដ្ឋាភិបាល​កម្ពុជា៕
XS
SM
MD
LG