ភ្នំពេញ៖ លោកហ៊ីង ប៊ុន ជាព្រះរាជអាជ្ញាតុលាការខេត្តស្វាយរៀងអះអាងនៅថ្ងៃអង្គារនេះថា ការបាញ់ទៅលើបាតុករទាំងបីនាក់កាលពីដើមឆ្នាំនេះមិនបណ្តាលមកពីលោកឈូក បណ្ឌិតនោះទេ។ ផ្ទុយទៅវិញវាកើតចេញពីប្រភពផ្សេងទៀត។ ប៉ុន្តែលោកព្យាយាមមិនបញ្ជាក់ច្បាស់លាស់នោះទេ។ លោកនិយាយថា៖
«អំពើហ្នឹងមិនមែនជាអំពើរបស់ឈូក បណ្ឌិតដែលខ្ញុំលើកលែងការចោទប្រកាន់នោះទេ។ វាជាសកម្មភាពផ្សេងទៀតដែលផ្អែកលើភស្តុតាងជាច្រើន»។
សេចក្តីអះអាងនេះធ្វើឡើងស្របពេលដែលមានការរិះគន់ជាច្រើនចំពោះការលុបចោលបទចោទប្រឆាំងអតីតអភិបាលក្រុងបាវិតដែលត្រូវសង្ស័យថា បានបាញ់កម្មការិនីវ័យក្មេងឲ្យរបួសធ្ងន់ចំនួនបីនាក់ និងស្របពេលដែលតំណាងរាស្ដ្រគណបក្សជំទាស់គ្រោងនឹងស្នើឲ្យមានការកោះអញ្ជើញប្រធានសាលាដំបូងខេត្តស្វាយរៀងមកសាកសួរក្នុងរដ្ឋសភា។
កាលពីខែកុម្ភៈឆ្នាំ២០១២ កម្មករប្រមាណ១.០០០នាក់នៃរោងចក្រកៅវ៉េបានតវ៉ាទាមទារលក្ខខណ្ឌការងារល្អប្រសើរក្នុងរោងចក្រ ក្នុងពេលនោះខ្មាន់កាំភ្លើងម្នាក់បានដកកាំភ្លើងខ្លីបាញ់ពីក្រោយខ្នងបាតុករ។ កម្មការិនីចំនួនបីនាក់បានរងរបួសក្នុងនោះពីរនាក់របួសធ្ងន់ ដោយត្រូវគ្រាប់ពីខាងក្រោយខ្នងធ្លាយទៅទ្រូងនិងធ្លាយទៅដៃខាងស្តាំ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់អ្នកកាសែតថា ខ្មាន់កាំភ្លើងគឺជាអភិបាលក្រុងបាវិតនៅពេលនោះ គឺលោកឈូក បណ្ឌិត។
ប៉ុន្តែសាលាដំបូងខេត្តស្វាយរៀងចោទប្រកាន់លោកឈូក បណ្ឌិតត្រឹមតែការបង្ករបួសស្នាមដោយអចេតនាតែប៉ុណ្ណោះ។
រហូតដល់ថ្ងៃសុក្រទី១៤ខែធ្នូ លោកព្រះរាជអាជ្ញាហ៊ីង ប៊ុនជាបានសម្រេចលុបចោលការចោទប្រកាន់នេះវិញ ដោយសំអាងថា តុលាការពុំបានរកឃើញភស្តុតាងដែលចង្អុលថា លោកឈូក បណ្ឌិតជាប់ពាក់ព័ន្ធក្នុងអំពើហិង្សានេះទេ។
សេចក្តីសម្រេចបានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីជនរងគ្រោះ ពីកម្មកររោងចក្រកាត់ដេរនិងសមាគមកម្មកររោងចក្រ រួមទាំងសង្គមស៊ីវិលផ្នែកការពារសិទ្ធិមនុស្ស ដោយសង្ស័យថា ការសម្រេចនេះទទួលរងអន្តរាគមន៍ពីមជ្ឈដ្ឋានអ្នកមានអំណាច ដោយពួកគេលើកឡើងថា ក្រោយពីការបាញ់ប្រហារដោយបើកមុខលើហ្វូងកម្មករនោះ មានតំណាងរាស្ដ្រពីខាងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងឧបនាយករដ្ឋមន្ដ្រីមួយរូបក្នុងគណបក្សដដែល រួមទាំងប៉ូលិសមូលដ្ឋាន បានព្យាយាមជួយសម្រួលដោយបញ្ចុះបញ្ចូលឲ្យជនរងគ្រោះទាំងបីបោះបង់គំនិតប្តឹងប្រឆាំងនឹងលោកឈូក បណ្ឌិតជាថ្នូរទៅនឹងលុយនិងម៉ូតូមួយគ្រឿង។
លោកសុន ឆ័យ ប្រធានក្រុមតំណាងរាស្ដ្រគណបក្សជំទាស់សម រង្ស៊ីបានឲ្យដឹងនៅថ្ងៃនេះថា លោកនឹងធ្វើលិខិតមួយច្បាប់ទៅកាន់ប្រធានរដ្ឋសភាលោកហេង សំរិន នៅថ្ងៃស្អែកដើម្បីស្នើឲ្យមានការកោះអញ្ជើញប្រធានតុលាការខេត្តស្វាយរៀងមកបំភ្លឺអំពីការសម្រេចលើកលែងការចោទប្រកាន់លើលោកឈូក បណ្ឌិតនេះ។
«យើងចង់ឲ្យអ្នកទទួលខុសត្រូវផ្នែកតុលាការខេត្តមកបំភ្លឺឲ្យយើងដឹងផ្ទាល់ថា តើការសម្រេចនេះមានលក្ខណៈបែបម៉េច។ តើមានការបង្ខិតបង្ខំពីថ្នាក់ដឹកនាំរដ្ឋាភិបាលឬទេក្នុងការដែលខ្លួនកាត់សេចក្តីឲ្យមានការងឿងឆ្ងល់ ឲ្យមានការអស់សេចក្តីទុកចិត្តពីសាធារណជននិងសង្គមស៊ីវិលបែបហ្នឹង»។
ថ្លែងតាមទូរស័ព្ទ លោកហ៊ីង ប៊ុនជាដែលជាព្រះរាជអាជ្ញា បានច្រានចោលការសង្ស័យថា លោកទទួលរងសម្ពាធពីអ្នកមានអំណាចនោះ។
«យើងអត់មានឈរលើគោលការថា ស្តាប់បញ្ជារបស់អ្នកណាទេ។ ខ្ញុំបានប្រកាន់ជំហរមួយថា ខ្ញុំនឹងពិនិត្យលើបណ្តាភស្តុតាងទាំងអស់ដែលនៅក្នុងសំណុំរឿង»។
យ៉ាងណាក៏ដោយ ក្រុមកម្មការិនីរងគ្រោះបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចទម្លាក់ការចោទប្រកាន់ប្រឆាំងលោកឈូក បណ្ឌិតនេះ។
លោកព្រះរាជអាជ្ញាហ៊ីង ប៊ុនជាឲ្យដឹងថា លោកមិនទាន់បានបញ្ជូនបណ្តឹងនេះទៅកាន់សាលាឧទ្ធរណ៍នៅឡើយទេ ហើយលោកនឹងបញ្ជូនក្នុងពេលឆាប់ៗនេះ៕