ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ករណី​ឈូក​បណ្ឌិត​បង្ក​ឱ្យ​មាន​ការខកចិត្ត​និង​បន្ថែម​ការ​ភ័យ​ខ្លាច​ក្នុង​សង្គម

  • គង់ សុឋានរិទ្ធ

កម្មការិនី​ចំនួន​បីនាក់​បាន​រងរបួស​ក្នុងនោះ​ពីរ​នាក់​របួសធ្ងន់​ដោយ​ត្រូវ​គ្រាប់​ពី​ខាងក្រោយ​ខ្នង​ធ្លាយ​ទៅ​ទ្រូង​និង​ធ្លាយ​ទៅ​ដៃ​ខាងស្តាំ។
ភ្នំពេញ​៖ ការលើកលែង​ការចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដ៏​ល្បីល្បាញ​របស់​អតីត​ចៅ​ហា្វយ​ក្រុង​បាវិត​លោក​ឈូក បណ្ឌិត ​ទំនង​បាន​ក្លាយជា​ដំណក់​ប្រេង​មួយទៀត​ជួយ​បញ្ឆេះ​អ្វីមួយ​លើ​ប្រព័ន្ធ​តុលាការ​ដែល​កំពុង​ទទួល​រង​ការរិះគន់​និង​ការជ្រៀតជ្រែក​របស់​អំណាច​សា​ធារណៈ​លើ​ប្រព័ន្ធ​យុត្តិធម៌​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់​ក្រុមកម្មករ។

កាលពី​ខែកុម្ភៈ​ឆ្នាំ២០១២​កម្មករ​ប្រមាណ​១.០០០​នាក់​នៃ​រោងចក្រ​កៅ​វ៉េ​បាន​តវ៉ា​ទាមទារ​លក្ខ​ខ​ណ្ឌ​ការងារ​ល្អប្រសើរ​ក្នុង​រោងចក្រ ​ក្នុងពេលនោះ​កម្មការិនី​វ័យក្មេង​ចំនួន​បីនាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាន​ដក​កាំភ្លើងខ្លី​បាញ់​ពីក្រោយ​ខ្នង​បាតុករ។ កម្មការិនី​ចំនួន​បីនាក់​បាន​រងរបួស​ក្នុងនោះ​ពីរ​នាក់​របួសធ្ងន់​ដោយ​ត្រូវ​គ្រាប់​ពី​ខាងក្រោយ​ខ្នង​ធ្លាយ​ទៅ​ទ្រូង​និង​ធ្លាយ​ទៅ​ដៃ​ខាងស្តាំ។

លុះ​ក្រោយមក​លោក ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​អ្នកកាសែត​ថា​ខ្មាន់កាំភ្លើង​គឺជា​អភិបាលក្រុង​បាវិត​នៅពេលនោះ ​គឺ​លោក​ឈូក បណ្ឌិត។

ប៉ុន្តែ​សាលាដំបូង​ខេត្តស្វាយរៀង​ចោទប្រកាន់​លោក​ឈូក បណ្ឌិត ​ត្រឹមតែ​ការបង្ក​របួសស្នាម​ដោយ​អចេតនា​តែប៉ុណ្ណោះ។

ដោយ​មិនបាន​ឆ្លងកាត់​ការកាត់ទោស​ តុលាការ​បាន​លើកលែង​ការចោទ​ប្រកាន់​នេះ​ទៅវិញ​កាលពី​ថ្ងៃ​សុក្រ​ទី១៤ខែធ្នូ​នេះ ​ដោយ​សំអាងថា​តុលាការ​ពុំបាន​រកឃើញ​ភស្តុតាង​ដែល​ចង្អុល​ថា​លោក​ឈូក បណ្ឌិត ​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​ព្រៃផ្សៃ​នេះ។

លោក​ធន់ សា​រ៉ា​យ ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​ដ៏​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​ឈ្មោះថា​អាដហុក​ចាត់ទុកថា​ការបោះបង់ចោល​ការចោទប្រកាន់​ទៅលើ​លោក​ឈូក បណ្ឌិត​គឺជា​រឿង​អាក្រក់​មួយ​សម្រាប់​សង្គម​កម្ពុជា។

«បាញ់បោះ​នៅក្នុង​កណ្តាល​ហ្វូង​មហាជន​ច្រើនយ៉ាង​នេះហើយ ​មាន​សាក្សី​រហូត​ទៅដល់​ក្រសួង​មហាផ្ទៃ ​ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​បាន​ប្រសាសន៍​ពី​បញ្ហា​ហ្នឹង​ទៀត។
ដូច្នេះ​យើង​មានជំនឿថា​មិនល្អ​សោះ ​ពីព្រោះ​ប្រទេស​យើង​នៅពេល​ដែល​តុលាការ​មួយ​មិនបាន​ចាត់វិធានការ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​របស់​ប្រទេស​យើង​ទប់ទល់​នឹង​ការរំលោភ​បំពាន​លើ​ច្បាប់​ហ្នឹង ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ»។

ដោយ​មិន​បកស្រាយចំៗ​ពី​ឥទ្ធិពល​នៅ​ពី​ក្រោយខ្នង​លោក​ឈូក បណ្ឌិត ​លោក ធន សារ៉ាយ ​បាន​ស្តីបន្ទោស​ដល់​អ្នកកាន់កាប់​ចង្កូត​នយោបាយ​កម្ពុជា​ដែល​បណ្តោយ​ឲ្យ​រូបភាព​អាក្រក់​នេះ​បន្ត​កើតឡើង​ក្នុងសង្គម​ខ្មែរ។

«វា​សំខាន់​នៅត្រង់​អ្នកដឹកនាំ​នយោបាយ​យើង​ដែរ ​ត្រូវតែ​ហ៊ាន​កាត់ចិត្ត​ខ្លះ​ដើម្បី​ការគ្រប់គ្រង​ប្រទេស​មួយ​ឲ្យ​បានល្អ​ប្រសើរ។ យើង​មិនអាច​គិតតែ​ពី​រឿង​មនោ​ស​ញ្ចេតនា​គ្រួសារ​តែ​ឯកឯង​បានទេ! យើង​ត្រូវមាន​ការគិតគូរ​ដល់​បញ្ហា​គ្រប់គ្រង​រដ្ឋ​ជារួម។ ការដែល​បាន​អំណាច​ដែល​ប្រជា​ពលរដ្ឋ​ផ្តល់​ឲ្យ​នេះ គឺ​មិនមែន​សម្រាប់តែ​មក​ការពារ​គ្រួសារ​ជិតដិត​របស់​ខ្លួន​ទេ ​ឬ​ក្រុម​បក្សពួក​របស់ខ្លួន​ទេ ​គឺ​ត្រូវយក​អំណាច​នេះ​មក​គ្រប់គ្រង​ប្រទេស​ឲ្យ​មាន​លក្ខណៈ​យុត្តិធម៌​ស្មើភាព​គ្នា។ នេះ​ទើប​អាច​ប្រទេសជាតិ​រីកចម្រើន​បាន»។

ការលើកលែង​ការចោទប្រកាន់​ដោយ​សាលាដំបូង​ខេត្តស្វាយរៀង​បានធ្វើ​ឲ្យ​មានការ​មន្ទិល​ពី​ការឃុបឃិត​ក្នុង​បទល្មើស​យ៉ាង​អាថ៌កំបាំង​ហើយ​ជាការ​លាតត្រដាង​មួយ​បន្ថែមទៀត​ពី​ប្រព័ន្ធ​ការពារ​និ​ទណ្ឌ​ភាព ​ឬ​ភាព​ដែល​មិន​ផ្តន្ទាទោស​លើ​បទល្មើស​ដែល​ទទួលរង​ការរិះគន់​ជា​លក្ខណៈ​អន្តរជាតិ​មកលើ​ប្រទេស​កម្ពុជា។

ក្រោយពី​ការបាញ់ប្រហារ​ដោយ​បើកមុខ​លើ​ហ្វូង​កម្មករ ​មាន​តំណាងរាស្ដ្រ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច ​និង​ឧបនាយក​រដ្ឋមន្ដ្រី​មួយរូប​ក្នុង​គណបក្ស​ដដែល​រួមទាំង​ប៉ូលិស​មូលដ្ឋាន​បាន​ព្យាយាម​ជួយ​សម្រួល​ដល់​ការបញ្ចុះ​បញ្ចូល​ឲ្យ​ជនរងគ្រោះ​ទាំងបី​បោះបង់​គំនិត​ប្តឹង​ប្រឆាំង​នឹង​លោក​ឈូក បណ្ឌិត​ជា​ថ្នូរ​ទៅនឹង​លុយ​និង​ម៉ូតូ​មួយគ្រឿង។ នេះ​បើ​ផ្អែក​ទៅតាម​ប្រភព​ជនរងគ្រោះ។

អ្នកស្រី​នុត សា​ខន ​អាយុ២៣ឆ្នាំ ​គឺជា​ជនរងគ្រោះ​ម្នាក់​ដែល​ត្រូវ​គ្រាប់​ពី​ខ្នង​ធ្លាយ​ទៅ​ដៃ​ខាងស្តាំ។

«តុលាការ​ខេត្ត​ស្វាយរៀង​ធ្វើ​យ៉ាងហ្នឹង ​មិន​យុត្តិធម៌​ដល់​ពួក​ខ្ញុំ​ទាំងបី​នាក់ ​ព្រោះថា​ពួក​ខ្ញុំ​ជា​រាស្ត្រ​ធម្មតា ​ហើយ​គិតថា​ការ​ជំរិត​គេ​ជា​អ្នក​មានអីចឹង។ គេ​ថា​គេ​មាន​លុយ ​គេ​អាចធ្វើអ្វីៗបាន​ទាំងអស់​អី​ចឹង ​ពីព្រោះ​ពួក​ខ្ញុំ​វា​គ្មាន​លុយ​សម្រាប់​សូក​ដល់​តុលាការ»។

ដោយឡែក​អ្នកស្រី ប៊ុន ចិន្តា​ អាយុ២១ឆ្នាំ​ដែលជា​ជនរងគ្រោះ​ម្នាក់ទៀត​ត្រូវ​គ្រាប់​ពីក្រោយ​ខ្នង​ធ្លាយ​ទៅ​ដើមទ្រូង។ នាង​និយាយ​ដោយ​សំឡេង​ខ្សោយៗ ​ថា​នាង​មាន​ការភ័យខ្លាច ​និង​ឈឺចាប់​ក្រោយពី​តុលាការ​លើកលែង​ការចោទប្រកាន់​ទៅលើ​អតីត​អភិបាលក្រុង​បាវិត។

ជាមួយគ្នា​នេះ​វា​ហាក់ដូច​ជាការ​បំបាក់​ស្មារតី​ដល់​កម្មករ​រោងចក្រ​ដទៃ​ផ្សេងទៀត​ក្នុង​ប្រទេស​កម្ពុជា​ដែល​ធ្លាប់ធ្វើ​ការតវ៉ា។

អ្នកស្រី​ណៅ ស្រី​នី កម្ម​ការិ​នី​ម្នាក់​នៅ​រោងចក្រ​Hoyear Cambodia Garment Ltd ​នៅក្នុង​ក្រុងភ្នំពេញ​កំពុង​ឈរ​នៅ​ចិញ្ចើម​ផ្លូវ​ពីមុខ​រោងចក្រ។ នាង​តក់ស្លុត​ពេល​ទទួល​ដំណឹង​ពី​សំណុំរឿង​លោក​ឈូក បណ្ឌិត។

«កម្មករ​ឮ​អី​ញ្ចឹ​ង វា​ឲ្យ​តក់ស្លុត ភ័យខ្លាច​ដោយ​អំពើ​គាត់​ធ្វើ»។

នៅ​ប្រទេស​កម្ពុជា ​ជារឿយៗ​កម្មករ​រោងចក្រ​កាត់ដេរ​ដែល​តំណាង​ឲ្យ​ការនាំចេញ​ដ៏​ច្រើន​លើសលប់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី ​ប៉ុន្តែ​ឃាតកម្ម​មក​ទៅលើ​មេដឹកនាំ​កម្មករ​និង​តំណាង​សហជីព​ជាច្រើន​កន្លងមក​មិនត្រូវ​បាន​វែកមុខ​ឃាតករ​នោះទេ។

លោក​សូរិយា ស៊ូ​បែ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ​រិះគន់​ដោយ​ប្រយោល​ថា​ជា​បុគ្គល​មិនមាន​តម្លៃ​សម្រាប់​ជំនួប​ជាមួយ​លោក។ លោក​ស៊ូ​បែ​ឌី ​បានលើកឡើង​កាលពី​សប្តាហ៍​មុន​ថា​លោក​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​និទណ្ឌ​ភាព​ក្នុងប្រទេស​កម្ពុជា។ ការលើកឡើង​នេះ​ធ្វើឡើង​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​មុននឹង​តុលាការ​ខេត្ត​ស្វាយរៀង​លើកលែង​ការចោទ​ប្រកាន់​ប្រឆាំង​ទៅនឹង​លោក​ឈូក បណ្ឌិត។

លោក អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ​ហៅ​កាត់​ថា ​ស៊ីខាវ​ឌូ (CCAWDU) បកស្រាយ​ថា​ការទម្លាក់​បទ​ចោទ​ប្រឆាំង​លោក​ឈូក បណ្ឌិត ​មិន​ត្រឹមតែ​ជាការ​បំបាក់​ស្មារតី​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ទេ ​ប៉ុន្តែ​គឺជា​ការលើក​ទឹកចិត្ត​ដល់​ឧក្រិដ្ឋជន។

«យើង​កំពុងតែ​ឆ្ងល់​ថា​តើ ​វា​មានរឿង​អី​បាន​ជាមាន​ឥទ្ធិពល​ទៅដល់​ការកាត់ក្តី​រឿងនេះ។ រឿង​កើតឡើង​បែប​ហ្នឹងហើយ ​បែរជា​គ្មាន​ទោស​វិញ​អីចឹ​ង។ វា​ធ្វើ​ឲ្យ​កម្មករ​បស់​យើង​មាន​ការបាត់​ស្បាត ហើយ​វា​ធ្វើ​ឲ្យ​ជនល្មើស ​និង​អ្នកប្រព្រឹត្ត​ផ្សេងៗ​ទៀត ​គឺ​កាន់តែ​បានដៃ ​ធ្វើ​សង្គម​យើង​អសន្តិសុខ​តែ​ម្តង»។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ខៀវ សុ​ភ័គ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ចាត់ទុកថា​ហេតុ​ការ​ខាងលើ​គឺជា​សិទ្ធិ​ឯករាជ្យ​ក្នុងការ​សម្រេច​របស់​តុលា​ការដែល​រដ្ឋាភិបាល​ និង​ក្រសួងមហាផ្ទៃ​មិនអាច​លូកដៃ​មិន​បានទេ។

«តុលាការ​លោក​សម្រេច​ទៅតាម​នីតិវិធី​ច្បាប់ ​ដែលជា​តុលាការ​ឯករាជ្យ​ដែល​ក្រសួង​មហាផ្ទៃ​ និង​រដ្ឋាភិបាល ​ជា​អង្គការ​នាយក​ប្រតិបត្តិ ​ដែលជា​សេចក្តី​សម្រេច​របស់​តុលាការ។ ក្រៅពី​ការលើកលែង​ការចោទ​ប្រកាន់ ​តុលាការ​នឹង​ចោទប្រកាន់​ម្នាក់​មួយទៀត»។

សាលា​ដំបូង​ខេត្តស្វាយរៀង​បាន​ចោទប្រកាន់​លោក​ស ចន្ថា ​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​ក្រុង​បាវិត​ជា​ជំនួស​លោក​ឈូក បណ្ឌិត​វិញ ​ដែល​ក្រុមមន្ដ្រី​សង្គម​ស៊ីវិល​ចំអក​ថា​នោះ​គឺជា​រឿង«កំប្លែង»។

យ៉ាងណា​ក៏ដោយ​ស្ត្រី​រងគ្រោះ​ទាំង​បីនាក់​បានសម្រេច​ដាក់ពាក្យ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការសម្រេច​របស់​តុលាការ​ខេត្ត។
លោក ហ៊ីង ប៊ុន​ជា ​ព្រះរាជ​អា​ជ្ញា​ដែល​កាន់​សំណុំ​រឿងនេះ​ មិនអាច​ទាក់ទង​បានទេ​ដោយ​ភរិយា​របស់​លោក​ប្រាប់ថា​លោក​អញ្ជើញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម៕
XS
SM
MD
LG