ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ដ៏​សំខាន់​ជាមួយ​សម្ពន្ធមិត្ត AUKUS


រូបឯកសារ៖ នាវាចម្បាំង​រហ័ស Virginia​ វាយប្រហារ​នាវា USS Missouri ចាកចេញ​ពី​កំពង់ផែ Pearlកាលពីថ្ងៃទី​០១ កញ្ញា ឆ្នាំ២០២៤។
រូបឯកសារ៖ នាវាចម្បាំង​រហ័ស Virginia​ វាយប្រហារ​នាវា USS Missouri ចាកចេញ​ពី​កំពង់ផែ Pearlកាលពីថ្ងៃទី​០១ កញ្ញា ឆ្នាំ២០២៤។

ប្រទេស​អូស្ត្រាលី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ថ្មី​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ទី ៥ ខែ​សីហា​កន្លង​ទៅ​នេះ ក្នុង​បំណង​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្ទេរ​ឧបករណ៍​នុយក្លេអ៊ែរ​និង​បច្ចេកវិទ្យា​សម្រាប់​បង្កើត​កងនាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។

កិច្ច​ព្រមព្រៀង​នេះ​ដែល​មន្ត្រី​អាមេរិក​ហៅ​ថា​ជា «ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ទៀត​របស់​កិច្ចព្រមព្រៀង AUKUS‍» គឺជា​ជំហាន​បន្ថែម​ដើម្បី​ផ្តល់​ឱ្យ​អូស្ត្រាលី​នូវ​បច្ចេកវិទ្យា​និង​ហាដវែ​ក្នុង​ការ​សាងសង់ ដំណើរការ និង​ថែទាំ​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី​លោក Richard Marles ដែល​ជា​ឧបនាយក​រដ្ឋមន្ត្រី​ផងដែរ​នោះ បាន​ចុះ​ហត្ថលេខា​លើ​ផ្នែក​ថ្មី​ចុងក្រោយ​បំផុត​នៃ​កិច្ចព្រមព្រៀង​ត្រីភាគី​នេះ​នៅ​សហរដ្ឋ​អាមេរិក។ លោក​បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​ជា «ឯកសារ​គ្រឹះ​ដ៏​សំខាន់»។

នៅ​ក្រោម​ផែនការ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ទីក្រុង San Diego រដ្ឋ California សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​មុន ប្រទេស​អូស្ត្រាលី​មាន​បំណង​ចំណាយ​ប្រាក់​រហូត​ដល់ ២៤២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៣០ ឆ្នាំ​ខាងមុខ​ដើម្បី​ទិញ​នាវា​មុជទឹក​ធុន Virginia-classដែល​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​រួចហើយ​ពី​សហរដ្ឋ​អាមេរិក ហើយ​បន្ទាប់មក​បង្កើត​កង​នាវា​មុជទឹក​ថ្មី​មួយ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ដោយ​ប្រើ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Rolls Royce។

លោក Marles បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន Australian Broadcasting Corp. កាលពី​ថ្ងៃ​ទី ៩ ខែ​សីហា​ថា កិច្ចព្រមព្រៀង AUKUS កំពុង​បោះ​ជំហាន​ទៅមុខ​ដ៏​សំខាន់។

លោក​ថ្លែង​ដូច្នេះ​ថា៖ «‍កិច្ចព្រមព្រៀង​នេះ​គឺជា​គ្រឹះ​គាំទ្រ​ផ្នែក​ច្បាប់​សម្រាប់​បច្ចេកវិទ្យា​ដែល​ត្រូវ​ផ្តល់​ឱ្យ​ប្រទេស​អូស្ត្រាលី​នោះ ដែល​នៅ​ទីបំផុត​គឺ​ឧបករណ៍​នុយក្លេអ៊ែរ​ដែល​ត្រូវ​ផ្តល់​ឱ្យ​ប្រទេស​នោះ។ ដូច្នេះ គឺ​នាវា​មុជទឹក​ធុន Virginia Class មក​ពី​សហរដ្ឋ​អាមេរិក [និង] រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ពី​ក្រុមហ៊ុន Rolls Royce ដែល​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​នាវា​មុជទឹក​ដែល​យើង​បង្កើត​ឡើង​នៅក្នុង​ប្រទេស​អូស្ត្រាលី»។

កិច្ចព្រមព្រៀង AUKUS នេះ​ត្រូវបាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​ការ​ប្រឆាំង​ទៅនឹង​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ ប្រទេស​ចិន​បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​សន្តិសុខ​នេះ​បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់។

ប្រទេស​ចិន​បាន​ចោទ​ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​ថា​បាន​ជំរុញ​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់គ្នា​ផ្នែក​យោធា នៅ​ពេល​ដែល​កិច្ចព្រមព្រៀង AUKUS នេះ​ត្រូវបាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ ២០២១។

អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull និង​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Paul Keating បាន​រិះគន់​លើ​សម្ពន្ធភាព​នេះ​ដោយ​បាន​និយាយ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​បំផ្លាញ​អធិបតេយ្យភាព​របស់​ប្រទេស​អូស្ត្រាលី៕


ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG