ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តើ​អ្នក​កំពុង​​ហែល​ក្នុង​ទឹក​កខ្វក់​ឬ?​ អ្នក​វិទ្យាសាស្ត្រ​នៅ​រដ្ឋ​ Californiaកំពុង​បង្កើត​ប្រព័ន្ធ​ប្រុងប្រយ័ត្ន​មួយ

  • Elizabeth Lee

អ្នក​ទៅ​លេង​សមុទ្រ​ម្នាក់​ដើរ​កាត់​ផ្លាក​សញ្ញា​ដែល​ដាក់​បង្ហាញ​ដើម្បី​ប្រាប់​មនុស្ស​​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ទឹក​កខ្ចក់​នៅ​​ក្រុង​ San Diego រដ្ឋ​ California។

គ្រោះ​រាំង​ស្ងួត​នៅ​រដ្ឋ​កាលី​ហ្វរញ៉ា មាន​ន័យ​ថា​ នឹង​មាន​ទឹក​តិច​តួច​ហូរ​ចេញ​ពី​ទីក្រុង​នានា​ ហើយ​ទឹក​សមុទ្រមាន​សភាពស្អាត​ជាង​មុន​សម្រាប់​អ្នក​និយម​ទៅ​លេង​ឆ្នេរ​សមុទ្រ។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ឆ្នេរ​មួយ​ចំនួននៅ​តែកំពុង​រង​ការ​បំពុល​ រាប់បញ្ចូល​ទាំង​កន្លែង​ទេសចរណ៍​ដ៍​ពេញ​និយម​ផងដែរ។​ ​ក្រុម​អ្នក​ស្រាវ​ជា្រវកំពុង​បង្កើត​វិធី​សាស្រ្តមួយ​ប្រកប​ដំណើរការលឿន​ជាង​មុនដើម្បី​ត្រួត​ពិនិត្យគុណ​ភាពទឹក​នៅ​តាមឆ្នេរ។


ពន្លឺ​ថ្ងៃ​ និង​រលក​នៅ​ភាគ​ខាង​ត្បូងរដ្ឋ​ California ប្រហែល​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​ណាស់​ ក៏ប៉ុន្តែ​អ្វី​ដែល​អ្នក​ទៅលេង​ឆ្នេរសមុទ្រផ្សេងៗ​មិន​អាច​មើល​ឃើញនៅ​ក្នុង​ទឹក​សមុទ្រ​នោះ​ គឺ​អ្វីមួយ​ដែល​មិន​មានភាពទាក់​ទាញ​ទាល់​តែ​សោះ។


«នៅ​ពេល​យើង​បង្ហូរ​ទឹក​ចេញ​បរិស្ថាន​ជុំវិញទីប្រជុំជន​នានា​ វា​អាច​នឹងនាំ​ទៅជាមួយ​នូវ​សារធាតុ​បំពុលមួយ​ចំនួន​ដែល​ចេញ​ពី​កាកសំណល់​សត្វ​ ​ការបង្ហៀរ​ទឹក​សំអុយ​ ហើយ​ប្រសិន​បើ​សារធាតុ​ទាំង​នោះ​ហូរចូល​មក​តំបន់​ឆ្នេរតាម​រយៈ​បំពង់បង្ហូរ​ធម្មតាដែល​ចាក់​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ នោះ​អ្នក​ប្រហែល​ជា​ចង់​ជៀស​វាង​ការប្រើ​ប្រាស់​ទឹក​នៅ​ក្នុង​អំឡុង​ពេល​នេះ​មិន​ខាន»។


លោក​ Angelo Bellomo​ បម្រើការ​នៅមន្ទីរសុខភិបាល​សារធារណៈ​នៅ​ក្រុង​ Los Angeles​ បាន​និយាយ​ថា​ ជំងឺ​ឆ្លង​មួយ​ចំនួនអាច​ត្រូវ​បាន​ចម្លង​តាមទឹក​សមុទ្រ។​ ក៏ប៉ុន្តែ​ មនុស្សជាច្រើននៅ​តែ​នាំ​គ្នា​ទៅ​លេង​ឆ្នេរសមុទ្រ Santa Monica Pier ដែល​ជា​ឆ្នេរមួយ​ក្នុង​ចំណោម​ឆ្នេរ​ដែល​ត្រូវ​បាន​បំពុល​ខ្លាំង​បំផុត​នៅ​រដ្ឋ​ California។


«អ្វី​ដែល​ខ្ញុំ​មិន​អាចមើលឃើញ វា​ជា​សំណាង​របស់​ខ្ញុំ​ហើយ​អញ្ចឹង»។ យើង​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ម៉េច​ទេ ពីព្រោះ​បាក់តេរីមាន​នៅ​គ្រប់​ទី​កន្លែង​ ដូច្នេះ​ វាមិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ​សម្រាប់​ខ្ញុំ»។


មន្ត្រី​ទទួល​បន្ទុក​ផ្នែក​សុខភាព​សាធារណៈ មាន​ការ​ព្រួយ​បារម្ភ​ និង​កំពុង​ស្វែង​រក​វិធីសាស្រ្ត​ដែល​ប្រសើរ​ជាង​មុនក្នុង​ការ​កំណត់​ពី​គុណភាព​ទឹក។​ អ្នកស្រី​ Leslie Griffin រួម​ជា​មួយ​នឹង​ក្រុម​អ្នក​បរិស្ថានមួយ​ឈ្មោះ​ថា​ Heal the Bay ​បាន​និយាយ​ថា​ ទឹក​សមុទ្រ​ត្រូវ​បាន​ត្រួត​ពិនិត្យ​នៅ​ក្នុង​បន្ទប់​ពិសោធន៍។​ ប្រសិន​បើ​គុណភាព​ទឹក​ស្ថិតនៅ​មាន​កម្រិត​ទាប​ សញ្ញា​មួយ​នឹង​ត្រូវ​បាន​គេដាក់​បង្ហាញ ក៏ប៉ុន្តែវា​ហាក់​មិន​ឆ្លុះ​បញ្ចាំងអំពី​សាធាតុ​អ្វី​ដែលមាន​នៅ​ក្នុង​ទឹកនៅ​ថ្ងៃ​នោះ​ទេ។


«នៅ​បច្ចុប្បន្ន​នេះ​ វា​ត្រូវ​ការ​ពេល​ប្រហែល​ជា​១៨​ទៅ​២៤​ម៉ោង​ ដើម្បី​ដឹង​ពី​លទ្ធ​ផល​នៃ​គុណភាព​ទឹក​នោះ។​ ក៏ប៉ុន្តែ យើង​គិត​ថា​ នេះ​ហាក់​ដូច​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​អស់​សំណើច​ណាស់​ ព្រោះ​យើង​ចង់​ឲ្យ​មនុស្សម្នា​បាន​ដឹង​ថា​ នៅ​ពេលណា​ពួក​គេ​ទៅ​លេង​ទឹក​នោះ​ ហើយ​ដឹង​ថា​តើ​ពួក​អាច​នឹង​ឆ្លង​ជម្ងឺ​ឬ​អត់»។


លោក​ James Alamillo នៃ​ក្រុម​ Heal the Bay ​បាន​និយាយ​ថា​ ​ក្រុម​អ្នក​សា្រវ​ជ្រាវ​នៅ​រដ្ឋ​ California​ កំពុងបង្កើតឡើង​នូវប្រព័ន្ធ​មួយ​ដែល​ក្រុម​លោក​ហៅ​ថា​ «ប្រព័ន្ធ​ព្យាករណ៍​គំរូ»​មួយ​ដែល​អាច​ពន្លឿន​ដំណើរ​ការ​ពិសោធន៍​នោះ។


«វា​អាច​នឹងត្រូវ​ចំណាយ​ពេល​១៥​នាទី​ដើម្បី​ទទួល​បាន​លទ្ធផល​ស្រដៀង​គ្នាមួយ ទាក់ទិន​នឹងការ​សម្រេច​ចិត្ត​របស់ក្រុម​សុខភាព​សាធារណៈ»។


ដោយ​មាន​ជំនួយ​ពី​កុំព្យូទ័រ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាច​ទាញ​យក​ទិន្ន​ន័យ​ពីបរិស្ថាន ហើយ​ធ្វើការព្យាករណ៍​អំពី​គុណភាព​ទឹក​នៅថ្ងៃ​នោះ។ ប្រព័ន្ធ​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​ «ព្យាករណ៍​ឥឡូវ​នេះ» ឬ​Nowcasting។


ទិន្នន័យបរិស្ថាន​មួយ​ចំនួន​ត្រូវ​បាន​រាប់​បញ្ចូល​ទាំង​ល្បឿន និង​ទិស​ដៅ​ខ្យល់​ ​ព័ត៌​មាន​អំពី​រលកទឹក​និង​បាក់​តេរី​ដែល​ត្រូវ​បាន​រាប់​ឃើញ។ ក៏ប៉ុន្តែ ឆ្នេរ​ខ្សាច់​នីមួយៗ​មាន​ភាពខុស​ប្លែក​ពីគ្នា​ទៅ​តាម​លក្ខណៈរបស់​វា។ ហេតុដូច្នេះ​ហើយ បាន​ជា​ប្រព័ន្ធ​គំរូ​ជាច្រើន​ត្រូវ​តែ​ធ្វើ​ឡើងខុស​ៗ​គ្នាសម្រាប់​ឆ្នេរ​នីមួយៗ។ លោក ​Angelo Bellomo ​បាន​និយាយ​ថា​ មក​ដល់​ពេល​បច្ចុ​ប្បន្ន​នេះ ប្រព័ន្ធ​គំរូ​មើល​ទៅ​ហាក់​ដូច​ជា​នឹង​ផ្តល់​ក្តីសង្ឃឹម​ច្រើន។


«យើង​គិត​ថា គំរូ​ដែលពួក​យើង​ធ្លាប់​បាន​ឃើញ​កន្លង​មក ជា​ទូទៅ​វា​មាន​លក្ខណៈ​ត្រឹ​ម​ត្រូវជាង​ការ​ធ្វើតេស្ត​ដែល​ពួក​យើង​កំពុង​ធ្វើ​។ ហេតុផល​គឺ​ថា​ បើ​ទោះ​បី​ជា​វា​គ្រាន់​តែ​ជា​គំរូ​មួយ​ និង​ការព្យាករណ៍​អំពី​គុណ​ភាព​ទឹក​ក៏​ដោយ​ ក៏​វាមាន​ភាព​ជាក់លាក់​ជាង​មុន​តាម​ពេលវេលា​ដែរ»។


ទី​ក្រុង​ហុងកុង​ និង​រដ្ឋ​ Ohio​ របស់​សហ​រដ្ឋ​អាមេរិច​ មាន​វិធីសាស្ត្រ​ស្រដៀងគ្នា​ក្នុង​ការ​ព្យាករណ៍​ គុណភាព​ទឹក។​ ​ក្រុម​អ្នក​ជំនាញ​មក​ពី​ឆ្នេរ​ភាគ​ខាង​លិច​របស់​សហរដ្ឋ​អាមេរិច ​បាន​និយាយ​ថា​ គំរូ​សម្រាប់​ព្យាករណ៍​ប្រហែល​ជា​វិធី​ដ៏​ល្អបំផុត​មួយ​ មុន​ពេល​ដែល​បច្ចេក​វិទ្យាមាន​ភាព​ប្រសើរជាង​នេះ​ហើយ​អាច​ផ្តល់​នូវ​វិធីសាស្ត្រ​លឿន​ជាង​នេះ​ ក្នុង​ការ​ធ្វើ​តេស្ត​គុណភាព​ទឹក​ក្នុង​បន្ទប់​ពិសោធន៍៕

ប្រែសម្រួលដោយ ឡេង ស្រីនិច

XS
SM
MD
LG