នៅថ្ងៃច័ន្ទនេះ ជនរងគ្រោះបានទាមទារឲ្យមានវិធានការដ៏ម៉ឹងម៉ាត់ជាបន្ទាន់មួយដើម្បីលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព និងកសាងសង្គមខ្មែរគ្មានការជួញដូរមនុស្ស។
ការកត់សម្គាល់នេះបានធ្វើឡើងនៅក្នុងការប្រារព្វទិវាជាតិប្រឆាំងការជួញដូរមនុស្សដោយផ្តោតលើការរួមគ្នាប្រឆាំងការជួញដូរមនុស្សគ្រប់រូបភាព និងជួយជនរងគ្រោះ។
នាង ជ. ល. យ អាយុ១៩ឆ្នាំ រស់នៅក្នុងមណ្ឌល AFESIP ខេត្តកំពង់ចាម និងរៀននៅថ្នាក់ទី១១ បាននិយាយថា នៅពេលនាងបានឮអំពីការជួញដូរមនុស្ស នាងមានការឈឺចាប់យ៉ាងខ្លាំង ពីព្រោះនាងគឺជាជនរងគ្រោះនៃអំពើការជួញដូរមនុស្សនេះ។
«ខ្ញុំសូមអំពាវនាវដល់អ្នកប្រព្រឹត្តបទល្មើសទាំងអស់ សូមឲ្យគិតពីតម្លៃស្ត្រី និងកុមារផង។ អ្នកប្រព្រឹត្តបទល្មើសសូមឲ្យកាត់ទោសទៅតាមច្បាប់ និងកុំឲ្យអ្នកប្រព្រឹត្តបទល្មើសបែបហ្នឹងរួចខ្លួនឲ្យសោះ។ ជាពិសេសបំផុតនោះ ពួកខ្ញុំចង់ឲ្យបញ្ឈប់អំពើជួញដូរមនុស្សគ្រប់សកម្មភាពទាំងអស់»។
នាងជ. ល. យ បានរំលឹកទុក្ខសោករបស់នាងថា នាងមានដើមកំណើតនៅខេត្តសៀមរាប។ នាងត្រូវបានយកទៅលក់ឲ្យផ្ទះបនក្រោមដីមួយកន្លែងក្នុងថៃពេលនាងអាយុ៨ឆ្នាំ បន្ទាប់ពីឪពុកម្តាយនាងបានស្លាប់ ហើយញ្ញាតិសន្តានរបស់នាងបានបោះបង់នាងចោល។
នាងបានបន្ថែមថា ដោយគ្មានអ្នកទីពឹង និងការទទួលរងការធ្វើបាបនៅក្នុងភូមិ នាងបានសម្រេចចិត្តតាមមនុស្សប្រុសម្នាក់ភ្លាមៗដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ នាងត្រូវបានរំដោះចេញពីផ្ទះបននោះដោយអាជ្ញាធរថៃនៅពេលនាងមានអាយុ១១ឆ្នាំ។
«ខ្ញុំត្រូវគេយកខ្ញុំទៅលក់នៅកន្លែងបនមួយដែលនៅក្រោមដី។ គេឲ្យខ្ញុំទទួលភ្ញៀវ ហើយគេធ្វើបាបខ្ញុំគ្រប់បែបយ៉ាង»។
លោកស្រី ម៉ម សុម៉ាលី នាយិកាអង្គការអាហ្វេស៊ីបកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយពីការប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្សថា ជនល្មើសចំនួន២០២នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររវាងពី៣ឆ្នាំទៅ២០ឆ្នាំអំពីបទជួញដូរមនុស្សនៅក្នុងឆ្នាំ២០១១នេះ ហើយអង្គការអាហ្វេស៊ីប ក៏ប្រមូលបានពាក្យបណ្តឹងចំនួន១៤៤អំពីករណីជួញដូរមនុស្សផងដែរ។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងនៅក្នុងទិវានេះថា កម្ពុជាត្រូវតែបញ្ចប់សោកនាដកម្មគ្រប់រូបភាពនៃការជួញដូរមនុស្ស និងរាល់ទម្រង់នៃអំពើហិង្សា និងពង្រឹងការអនុវត្តច្បាប់សម្រាប់ការផ្តន្ទាទោសដល់ជនប្រព្រឹត្តបទល្មើស ដើម្បីជួយដល់ជនរងគ្រោះ។
«ការខ្វះសីលធម៌ សុជីវធម៌ គុណធម៌រវាងមនុស្សនៅក្នុងគ្រួសារ និងក្នុងសង្គម និងការយល់ច្រឡំលើតម្លៃពិតនៃវប្បធម៌នានាជាកត្តារួមចំណែកបណ្តាលឲ្យមានកើតឡើងអំពើហិង្សាផ្សេងៗ ដូចជា អំពើរំលោភសេពសន្ថវៈ ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារជាដើមដែលទាំងនេះមិនត្រឹមតែជាឧបសគ្គដល់ការអភិវឌ្ឍធនធានមនុស្សប៉ុណ្ណោះទេគឺថែមទាំងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល»។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីកិច្ចការនារី បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយពីការបញ្ចប់ទិវាជាតិប្រឆាំងការជួញដូរមនុស្សនេះថា ក្រសួងរបស់លោកស្រីមិនអាចទទួលយកបាននូវអំពើជួញដូរស្ត្រី និងកុមារនេះទេ ហើយប្រឹងប្រែងលុបបំបាត់អំពើនេះ។
លោកស្រីរដ្ឋមន្ត្រីបានបន្ថែមថា ភាពងាយរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើហិង្សា គឺមានមូលហេតុមកពីវិសមភាពយេនឌ័រ ការចម្លងវប្បធម៌មិនល្អពីខាងក្រៅ ភាពក្រីក្រ ការកេងប្រវ័ញ្ចមនុស្សដូចគ្នា ការគ្មានការទទួលខុសត្រូវ កង្វះជម្រើសការងារនៅមូលដ្ឋាន កម្រិតយល់ដឹងអំពីច្បាប់នៅទាប ឬកង្វះការយល់ដឹងអំពីការជួញដូរ និងទេសន្តប្រវេសន៍ដោយសុវត្ថិភាព៕