ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អ៊ូ វីរៈ៖ ការ​រុះរើ​គណៈរដ្ឋ​មន្ត្រី​ជា​សញ្ញា​វិជ្ជមាន​ តែ​ក្រសួង​ត្រូវ​ដូរ​បែរ​ជា​រួច​ខ្លួន


រូបឯកសារ៖ ព្រះបាទ​នរោត្តម សីហមុន្នី អម​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី និង​ប្រធាន និង​សមាជិក​រដ្ឋសភាជាតិ​ទាំង​មូល​។
រូបឯកសារ៖ ព្រះបាទ​នរោត្តម សីហមុន្នី អម​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី និង​ប្រធាន និង​សមាជិក​រដ្ឋសភាជាតិ​ទាំង​មូល​។

ក្រសួង​ដែល​បាន​ផ្លាស់​ប្តូរ​អ្នក​គ្រប់គ្រង​មាន​ក្រសួង​ការបរទេស ​ក្រសួង​ដែនដី​នគរូបនីយកម្ម ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ​ក្រសួង​ពាណិជ្ជកម្ម ​ក្រសួង​កសិកម្ម ​និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍។

ការរុះរើ​គណៈរដ្ឋ​មន្ត្រី​ទ្រង់ទ្រាយ​តូច​មួយ​បាន​ធ្វើឡើង​តាម​ផែនការ បើ​ទោះបី​ជា​មាន​ការ​រិះគន់​ថា​ វា​គ្រាន់តែ​ជា​ការ​ប្តូរ​ក្រសួង​គ្នា​គ្រប់គ្រង ​ឬ​ការ​យក​«ស្រា​ខូច​ដាក់​ដបថ្មី‍»​ក៏ដោយ។

អ្នក​តំណាងរាស្រ្ត​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​មាន​ការចូលរួម​ពី​អ្នក​តំណាងរាស្រ្ត​ពីរ​នាក់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ផងនោះ ​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ច័ន្ទ ដោយ​យល់ព្រម​ផ្តល់​ការ​ដោះដូរ ​និង​ដំឡើង​តំណែង​សម្រាប់​មន្ត្រី​គណបក្ស​កាន់​អំណាច​តាម​ការ​ស្នើ​សុំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។

លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ជាក់​ក្នុង​កម្មវិធីHello VOA ​ថា​ ការ​ផ្លាស់​ប្តូរ​គណៈរដ្ឋ​មន្ត្រី​នេះ​មាន​លក្ខណៈ​«វិជ្ជមាន​‍» ហើយ​មាន​កិច្ច​ការ​ជាច្រើន​ដែល​រដ្ឋមន្ត្រី​ថ្មី​ទាំងនោះ​ត្រូវ​ដោះស្រាយ​ ក្នុង​នោះ​រួមមាន​ទំនាស់​ដីធ្លី​ដ៏​ធ្ងន់​ធ្ងរ​ ការ​អភិវឌ្ឍ​ផ្លូវ ​និង​សេវា​មិន​ល្អ​ដែល​ស្ថានទូត​ក្រៅ​ប្រទេស​ផ្តល់​ឱ្យ​ពលករ​ចំណាក​ស្រុក​ ក៏ដូច​ជា​នយោបាយ​ការបរទេស​ដែល​កម្ពុជា​កំពុងតែ​ទប់​ជំហរ​រវាង​ចិន ​និង​សហរដ្ឋ​អាមេរិក។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ មាន​ក្រសួង​មួយ​ចំនួន​ដែល​ជាដើម​ចម​នៃ​បញ្ហា​ដែល​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជា​ពលរដ្ឋ ​បែរ​ជា​មិន​មាន​ការ​រុះរើ​អ្វីទេ ​ដូច​ជា​ក្រសួង​សុខាភិបាល ​ក្រសួង​យុត្តិធម៌ ​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​ការពារជាតិ​ជាដើម៖

«អ្នក​ដែល​មិន​ត្រូវ​បាន​ដោះដូរ​ឆ្លុះបញ្ចាំង​ពី​ភាព​រឹងមាំ ​ការឈរ​ជើង​រឹងមាំ​នៅក្នុង​គណៈរដ្ឋ​មន្ត្រី ​ឬ​មួយ​ក៏​ក្នុង​កែវភ្នែក​សម្តេច​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន‍»។

ក្រសួង​ដែល​បាន​ផ្លាស់​ប្តូរ​អ្នក​គ្រប់គ្រង​មាន​ក្រសួង​ការបរទេស ​ក្រសួង​ដែនដី​នគរូបនីយកម្ម ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ​ក្រសួង​ពាណិជ្ជកម្ម ​ក្រសួង​កសិកម្ម ​និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍។ ក្រសួង​កសិកម្ម ​និង​ក្រសួង​ពាណិជ្ជកម្ម​ ទទួល​បាន​រដ្ឋមន្ត្រី​ដែល​ជា​អតីត​រដ្ឋ​លេខាធិការ​នៅ​ក្នុង​ក្រសួង​នោះ​ស្រាប់។

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ទំនាក់ទំនង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុងបន្ទប់ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ផន បុប្ផា/VOA)
រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ទំនាក់ទំនង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុងបន្ទប់ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ផន បុប្ផា/VOA)

លោក វីរៈ​ បាន​បន្ថែម​ថា ​សមាសភាព​ថ្នាក់​ដឹកនាំ​គឺ​សុទ្ធ​តែ​អ្នក​មាន​អាយុ​ច្រើន​ហើយ​ថា គណបក្ស​កាន់​អំណាច​មាន​ធនធាន​ជា​អ្នក​ដឹកនាំ​វ័យក្មេង​ជាច្រើន​ដែល​អាច​គ្រប់គ្រង​ក្រសួង​មួយ​ចំនួន​ប្រកប​ដោយ​ប្រសិទ្ធភាព​ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​ហាក់​នៅ​មិន​ទាន់​ដាច់​ស្រេច​ក្នុង​ការ​ដាក់​អ្នក​ជំនាន់​ក្រោយ​នៅ​ឡើយ។

«ការ​អោប​ក្រសោប​នេះ​ គឺ​ជា​ប្រភព​នៃ​បញ្ហា ​ធ្វើ​ឱ្យ​មាន​អំពើ​ពុករលួយ​ ធ្វើ​ឱ្យ​មាន​បញ្ហា​ប្រសិទ្ធភាព​នៃ​ការងារ​។ យើង​មើល​ពី​ការ​ដោះដូរ​នេះ​ឆ្លុះបញ្ចាំង​អញ្ចឹង​ដែរ​ ឆ្លុះ​បញ្ចាំង​ថា​ មិន​ហ៊ាន​អារកាត់ ​មិន​ហ៊ាន​រៀបចំ​គណៈរដ្ឋ​មន្ត្រី​មួយ​ដែល​អាច​មាន​ប្រសិទ្ធភាព​ជាង​ហ្នឹង​‍»។

ក្នុង​ចំណោម​រដ្ឋមន្ត្រី​ដែល​សភា​បាន​អនុម័ត​យល់ព្រម ​គឺ​មាន​រដ្ឋមន្ត្រី​ពីររូប​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​ស្តីបន្ទោស​ជា​សាធារណៈ​ថា​ បំពេញ​ការងារ​មិន​បាន​ល្អ​ គឺ​លោក​អ៊ុក រ៉ាប៊ុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ដែល​ត្រូវ​ទៅកាន់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​វិញ​ និង​លោក​ ត្រាំ អ៊ីវតឹក​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ដែល​ទៅ​កាន់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​វិញ។​

លោក​ អ៊ូ វីរៈ​ បាន​បន្ថែម​ថា៖​«ចំពោះ​ខ្ញុំ​ នេះ​មិន​មែន​ជា​ការ​កែទម្រង់​ទេ។ ការ​កែទម្រង់​គឺ​ត្រូវ​ហ៊ាន​កាត់​ចោល​ក្រសួង​មួយ​ចំនួន​ ដែល​អត់​មាន​ប្រសិទ្ធភាព​ ដោះដូរ​បុគ្គល​ដែល​សម្តេច​បាន​ចាត់​ទុក​ថា​ជា​ស្ពឹក​ មិន​គួរ​ដោះដូរ​ពី​ក្រសួង​មួយ​ឱ្យ​ទៅស្ពឹក​នៅ​ក្រសួង​មួយ​ទៀតទេ។ គួរតែ​មាន​ចាត់​វិធានការ​ដាក់​មនុស្ស​ថ្មី​ទាំង​ស្រុង​តែម្តង‍»។

ក្រសួង​ដែល​គួរ​តែ​រង​ការ​រុះរើ​ដែរ​ គឺ​ក្រសួង​សុខាភិបាល ​ក្រសួង​យុត្តិធម៌ ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​ការពារ​ជាតិ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក អ៊ូ វីរៈ។

«រឿងដីធ្លី​ជាច្រើន​ គឺ​ចេញ​មក​ពីយោធា ​ប៉ុន្តែ​អត់​មាន​អ្នក​ណាគេ​លើក​ឡើង​ទាល់​តែ​សោះ។ កំណែ​ទម្រង់​វិស័យ​ប្រដាប់​អាវុធហ្នឹង​ក៏ជា​កន្លែង​មួយ​ ដែល​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ចោរ​ប្លន់​ ឬ​មួយ​លទ្ធភាព​ក្នុង​ការ​ការពារ​ប្រសិទ្ធភាព​មិន​ឱ្យ​មាន​ចោរប្លន់។ ដូច្នេះ​កន្លែង​ប្រដាប់​អាវុធ​នេះ​ គឺជា​កន្លែង​មួយ​ដ៏​រសើប​មែនទែន​ ហើយ​មាន​សារៈសំខាន់​ ហើយ​ក្រសួង​យុត្តិធម៌​ក៏​ជា​កន្លែង​មួយ​ដ៏​សំខាន់​ផង​ដែរ‍»។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ការ​រិះគន់​នានា​ក៏​មាន​លើ​តួនាទី​អនុរដ្ឋ​លេខាធិការ​នៅតាម​ក្រសួង​នានា​ថា​ ជា​តំណែង​មិន​ចាំបាច់​ ព្រោះ​វា​រារាំង​ការងារ​រវាង​អគ្គនាយក​ជាមួយ​នឹង​រដ្ឋ​មន្ត្រី។ រីឯ​ក្រសួង​មួយ​ចំនួន​មាន​លក្ខណៈ​ជាន់​គ្នា​ ក្នុងនោះ​រួមមាន​ដូច​ជា​ក្រសួង​ធនធាន​ទឹក​ កសិកម្ម​ អភិវឌ្ឍន៍​ជនបទ និង​បរិស្ថាន​ជាដើម។​ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក ​អ៊ូ វីរៈ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG