មន្ត្រីក្នុងខេត្ត Baluchistan ប៉ែកនិរតីនៃប្រទេសប៉ាគីស្ថានបាននិយាយថា គ្រាប់បែកខ្លាំងមួយគ្រាប់បានផ្ទុះត្រូវចំឡានក្រុងដឹកអ្នកដំណើរមួយគ្រឿងកាលពីល្ងាចថ្ងៃច័ន្ទ បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១១នាក់ស្លាប់ និងបានធ្វើឱ្យមនុស្សច្រើននាក់ទៀតត្រូវរបួស។
ប៉ូលីសបាននិយាយថាមានមនុស្សជាង៤០នាក់ បានស្ថិតនៅក្នុងឡានក្រុងនៅតំបន់ជាយក្រុង Quetta ដែលជាទីរួមខេត្ត Baluchistan។
គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះអំពើហិង្សានេះទេ។ កុ្រមអ្នកជួយសង្គ្រោះព្រួយបារម្ភថា ចំនួនមនុស្សស្លាប់ទំនងជានឹងកើនឡើងថែមទៀត។
មានការបះបោរទាមទារបំបែករដ្ឋកម្រិតទាបមួយនៅក្នុងខេត្ត Baluchistan ជាច្រើនឆ្នាំមកហើយ ហើយជាធម្មតាក្រុមនានាដែលមានទាក់ទិននឹងការបះបោរនេះបានអះអាងទាមទារការទទួលខុសត្រូវដល់សកម្មភាពហិង្សាបែបនេះ។
កិច្ចប្រតិបត្តិការប្រឆាំងនឹងការបះបោរនៅក្នុងស្រុកនានាដែលមានអំពើហិង្សា បាននាំឱ្យមានការចុះថយអំពើហិង្សាបណ្តាលមកពីការទាមទារបំបែករដ្ឋ។
ខេត្ត Baluchistan មានព្រំដែនជាប់ជាមួយប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសអ៊ីរ៉ង់។ ខេត្តនេះក៏ជាកន្លែងស្នាក់អាស្រ័យរបស់ក្រុមជនសកម្មប្រយុទ្ធមានចំណងទាក់ទងជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន និងក្រុម al-Qaida ហើយក្រុមនិកាយសាសនាផ្សេងៗក៏ធ្វើកិច្ចប្រតិបត្តិការនៅទីនោះដែរ៕