ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​រដ្ឋ​ឥស្លាម​​វាយ​ប្រហារ​លើ​កង​កម្លាំង​អាហ្វហ្គានីស្ថាន


រូប​ភាព​ឯកសារ ៖ កង​កម្លាំង​ទាហាន​អាហ្វហ្គានីស្ថាន​ឈរ​ល្បាត​ក្នុង​ខេត្ត​ Nangarhar ខេត្ត​​ភាគ​ខាង​កើត​នៃ​ក្រុង​កាប៊ុល កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៥។
រូប​ភាព​ឯកសារ ៖ កង​កម្លាំង​ទាហាន​អាហ្វហ្គានីស្ថាន​ឈរ​ល្បាត​ក្នុង​ខេត្ត​ Nangarhar ខេត្ត​​ភាគ​ខាង​កើត​នៃ​ក្រុង​កាប៊ុល កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៥។

អាជ្ញាធរ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា ​ជន សកម្ម ប្រយុទ្ធ​រដ្ឋ​ឥស្លាម​រាប់​រយ​នាក់​បាន​ធ្វើ​ការវាយ​ប្រហារ​មុន​ពេល​ថ្ងៃ​រះ ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​នឹង​ប៉ុស្តិ៍​សន្តិសុខ​ជួរ​មុខ​សំខាន់ៗ​ ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​ជាប់​ព្រំដែន។

អាជ្ញាធរ​បាន​និយាយ​ថា​ នេះ​ជា​ការវាយ​លុក​ដ៏​ធំ​មួ​យ ​ដែល​ក្រុម​បះបោរ​នេះ​បាន​ធ្វើ​ការប្រឆាំង​នឹង​កង​កម្លាំង​ជាតិ​អាហ្វហ្គានីស្ថាន​ ​ដែល​បានកើត​មាន​ឡើង​ជា​ច្រើន​ខែ​ក្រោយ​មាន​របាយការណ៍​ថា​ក្រុម​ជ្រុល​និយម​នេះ ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​មុន​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន។

ការ​ប្រយុទ្ធ​គ្នា​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ស្រុក​ Achin ​ក្នុង​តំបន់​ភ្នំ​ ក្នុង​ខេត្ត​Nangarhar ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​។ សេចក្តី​រាយការណ៍​មាន​ខុសៗ​គ្នា​អំពី​ចំនួន​មនុស្ស​ស្លាប់ ​ដោយ​អាជ្ញាធរ​បាន​និយាយ​ថា​មាន​ជន​សកម្ម​ប្រយុទ្ធ​៨៥​នាក់​ស្លាប់ ​ហើយ​មាន​ប៉ូលីស​បី​នាក់​បាត់បង់​ជីវិត។​លោក​ Haji Ghalib Mujahid អភិបាល​ស្រុក​ Achin ​បាន​និយាយ​ប្រាប់​ VOA ​ថា​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ដែល​មាន​អាវុធ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ប៉ាគីស្ថាន។​

អភិបាល​ស្រុក​រូប​នេះ​បាន​ថ្លែង​ថា «មាន​មនុស្ស​ស្លាប់​ច្រើន​ក្នុង​ចំណោម​ក្រុម​យុទ្ធជន​ Daesh ​ដែល​ជា​ឈ្មោះ​តាម​ភាសា​អារ៉ាប់​សម្រាប់​សម្គាល់​ក្រុម​រដ្ឋ​ឥស្លាម​ ហើយ​ការណ៍​នេះ​បាន​បង្ខិត​បង្ខំ​ឱ្យ​ក្រុម​នេះ​ដក​ថយ។​»

លោក​បាន​និយាយ​ដែរ​ថា​ កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​ចូល​ត្រួតត្រា​ជា​ថ្មី លើ​ប៉ុស្តិ៍​សន្តិសុខ​ដែល​ក្រុម​បះបោរ​បាន​វាយ​យក​បាន​នៅ​ក្នុងការ​វាយ​ប្រហារ​កាល​ពី​ព្រឹក​ព្រលឹម។ ​លោក​បាន​និយាយ​បន្ថែម​ថា​ ការប្រយុទ្ធ​គ្នា​នៅ​មាន​ធ្វើ​តទៅ​ទៀត​ក្នុង​កន្លែង​ខ្លះ៕

XS
SM
MD
LG