ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូ​បង្រៀន​ថា ឳពុក​ម្តាយ​របស់​យុវជន​ប៊ូរុនឌី​មិន​បារម្ភ​អំពី​ការ​បាត់ខ្លួន​របស់​កូនៗ​នៅ​វ៉ាស៊ីនតោន​ឡើយ


នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ក្រុម​ការងារ​អាហ្វហ្គានីស្ថាន​ដើរ​កាត់​សមាជិក​ពីរ​នាក់​របស់​ប្រទេស​ប៊ូរុនឌី ដែល​នៅ​ខាង​ស្តាំ និង​ពាក់​អាវ​ពណ៌​ខ្មៅ ក្នុង​ពេល​​ប្រកួតប្រជែង​បញ្ជា​មនុស្ស​យន្ត​លំដាប់​អន្តរជាតិ​ឈ្មោះ​ FIRST Global Robotics Challenge នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ក្រុម​ការងារ​អាហ្វហ្គានីស្ថាន​ដើរ​កាត់​សមាជិក​ពីរ​នាក់​របស់​ប្រទេស​ប៊ូរុនឌី ដែល​នៅ​ខាង​ស្តាំ និង​ពាក់​អាវ​ពណ៌​ខ្មៅ ក្នុង​ពេល​​ប្រកួតប្រជែង​បញ្ជា​មនុស្ស​យន្ត​លំដាប់​អន្តរជាតិ​ឈ្មោះ​ FIRST Global Robotics Challenge នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

គ្រូបង្រៀន​របស់​សិស្ស​វិទ្យាល័យ​ប៊ូរុនឌី​៦​នាក់​ដែល​បាន​បាត់​ខ្លួន​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន និយាយ​ថា ​ឳពុក​ម្តាយ​របស់​ក្មេងៗ​ទាំងនោះ​ហាក់​ដូចជា​មិន​បារម្ភ​អំពី​ការ​បាត់ខ្លួន​របស់​កូនៗ​ពួកគេ​នោះ​ទេ ហើយ​ហាក់​ដូចជា​ដឹង​ថា យុវជន​ទាំង​នោះ​នឹង​មិន​ត្រឡប់​មក​ប្រទេស​ប៊ូរុនឌី​វិញ​នោះ​ឡើយ។ ​

ឳពុក​ម្តាយ​របស់​យុវជន​ទាំង​នោះ​មិន​បាន​និយាយ​អ្វី​ជា​សាធារណៈ​អំពី​សិស្ស​ទាំង​នោះ​នោះ​ទេ។ សិស្ស​ទាំង​នោះ​បាន​រត់​គេចខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​កក្កដា នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ក្រោយ​ពី​ពួកគេ​ចូលរួម​ការ​ប្រកួតប្រជែង​បញ្ជា​មនុស្ស​យន្ត​លំដាប់​អន្តរជាតិ​មួយ។ យុវជន​ពីរ​នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ ថា​បាន​ចូល​ទៅ​កាន់​ទឹកដី​កាណាដា ខណៈ​ដែល​យុវជន​ផ្សេង​ទៀត​គេ​នៅ​មិន​ទាន់​ដឹង​ថា​ទៅ​ណា​នៅឡើយ។

នាយក​វិទ្យាល័យ Iteletique ដែល​ជា​សាលា​ដែល​យុវជន​ពីរ​នាក់​ក្នុង​ចំណោម​នោះ​រៀន និយាយ​ថា យុវជន​ទាំង​នោះ​បាន​ប្រាប់​ដល់​ឳពុក​ម្តាយ​របស់​ពួកគេ​ឲ្យ​ដឹង​ជា​មុន​អំពី​ផែនការ​របស់​ខ្លួន។

លោកស្រី Esperence Niyonzimaបាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​សេវា​អាហ្វ្រិក​កណ្តាល​របស់​ VOA ​នៅ​រដ្ឋធានី Bujumbura ថា «ដោយ​បាន​និយាយ​ជាមួយ​នឹង​ឳពុក​ម្តាយ​របស់​យុវជន​ទាំង​នោះ ពួកគេ​បាន​ប្រាប់​យើង​ថា នៅ​ពេល​ដែល​កូនៗ​របស់​ពួកគេ​បាន​ទៅ​ដល់​ទីនោះ ពួកគេ​នឹង​មិន​ត្រឡប់​មក​វិញ​ឡើយ»។ ​

លោកស្រី​បាន​បន្ថែម​ទៀត​ថា «ឳពុក​ម្តាយ​របស់​ក្មេងៗ​ទាំង​នោះ​ហាក់​មិន​បារម្ភ​អំពី​កូនៗ​របស់​ខ្លួន​ទេ ពួកគេ​មិន​បារម្ភ​ថា កូនៗ​របស់​ខ្លួន​នៅ​កន្លែង​នោះ​ឡើយ»។

នៅ​ពេល​សួរ​ថា ហេតុអ្វី​បាន​ជា​ក្មេងៗ​ទាំង​នោះ​រត់​គេច​ខ្លួន​នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន លោកស្រី​បាន​ឆ្លើយ​ថា «ខ្ញុំ​គិត​ថា ពួកគេ​ចង់​បាន​ឱកាស​ដែល​ល្អ​ជាង​នៅ​ប៊ូរុនឌី»៕

XS
SM
MD
LG