ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភូមា​បោះ​ឆ្នោត​រើស​ប្រធានា​ធិបតីទី​មួយ​


រូបភាព​​នៃ​រ​ដ្ឋ​​សភា​​ភូមា។​
រូបភាព​​នៃ​រ​ដ្ឋ​​សភា​​ភូមា។​

ទីក្រុង​បាងកក៖ រដ្ឋ​សភា​ភូមាដែល​នៅ​ក្រោម​ឥទ្ធិពលពួក​យោធា​បាន​បោះឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​ទី​មួយ​របស់​ប្រទេស ដោយ​បាន​ជ្រើស​រើស​លោក ថេន សេន (Thein Sein) ដែល​ជា​អ្នក​ស្មោះ​ត្រង់​នឹង​យោធា។ ទោះបី​ជា​នៅ​ពេល​នេះ ជន​ស៊ីវិល​ម្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ក៏​ដោយ ក៏​ពួក​អ្នក​ជំនាញ​ការ​ខាង​កិច្ចការ​ប្រទេស​ភូមា​និយាយ​ថា ពួក​យោធា​នៅ​តែ​ក្តាប់​អំណាច​ត​ទៅ​ទៀត ក៏​ប៉ុន្តែ​វា​ជា​ឱកាស​សម្រាប់ការ​កែ​ប្រែ​ជា​បន្ត​បន្ទាប់។

កាល​ពី​ថ្ងៃ​សុក្រ រដ្ឋ​សភា​នៃ​ប្រទេស​ភូមា​បាន​បោះ​ឆ្នោត​ជ្រើស​រើស​អតីតឧត្តម​សេនីយ​ម្នាក់​គឺ​នាយក​រដ្ឋមន្ត្រី ថេន សេន ធ្វើ​ជា​ប្រធានាធិបតី​ក្នុង​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​មួយ។ លោក​បាន​ត្រូវ​ជ្រើស​រើស​ដោយ​ឈ្នះ​អ្នក​ស្មោះ​ត្រង់​នឹង​ពួក​យោធា​ពីរ​នាក់​ទៀត​ដែល​នឹង​បម្រើ​ការ​ជា​អនុប្រធានាធិបតី។

ក្នុង​ឋានៈ​លោក​ជា​នាយក​រដ្ឋ​មន្ត្រី លោក​ជា​មុខ​មាត់​របស់​រដ្ឋាភិបាល​យោធា​ភូមា​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​លោក​បាន​ត្រូវ​ចាត់​ទុក​ថា ជា​មន្ត្រី​ដែល​ទទួល​បាន​ការ​ចូល​ចិត្ត​ជាង​គេ​សម្រាប់​កាន់​តំណែង​ប្រធានាធិបតី។ លោក​បាន​លា​លែង​ចេញ​ពី​តំណែង​យោធា​ដើម្បី​ដឹក​នាំ​គណៈបក្ស​សហភាព​សាមគ្គីភាព និង​អភិវឌ្ឍន៍ ដែល​ត្រូវ​បាន​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា USDP ទៅ​កាន់​ជ័យ​ជំនៈ​នៅ​ក្នុង​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ខែ វិច្ឆិកា។

រដ្ឋាភិបាលឲ្យ​ដឹងថា ការ​បោះឆ្នោត​នេះ​ជា​គន្លឹះ​សម្រាប់​ជំរុញ​ប្រទេស​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ដឹក​នាំ​ដោយ​ពួកជន​ស៊ីវិល។

គណបក្សUSDP ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ពួក​យោធា បាន​ឈ្នះ​ឆ្នោត​ទទួល​បាន​៨០​ភាគរយ​នៃ​អាសនៈ​ដែល​ត្រូវ​ដាក់​ឱ្យ​បោះ​ឆ្នោត។​ ក្រុម​ការពារ​សិទ្ធិមនុស្ស​ហៅ​ការ​បោះឆ្នោត​នេះ​ថា ជា​ការ​បោះឆ្នោត​ក្លែង​បន្លំ​មួយ ហើយ​គណបក្ស​ប្រឆាំង​បាន​ត្អូញត្អែរ​អំពី​ការ​បន្លំ​សន្លឹក​ឆ្នោត និង​ការ​បំភិត​បំភ័យ។

លោក ខាល ថេយ័រ (Carl Thayer) ជា​សាស្ត្រាចារ្យ​ម្នាក់​ជំនាញ​ខាង​កិច្ចការ​អាស៊ី​អាគ្នេយ៍​នៅ​ឯ​បណ្ឌិត​សភា​កង​កម្លាំង​ការពារ​ប្រទេស​អូស្ត្រាលី។ លោក​និយាយ​ថា​ ទោះ​បី​ជា​មាន​ពួក​មេដឹកនាំ​ស៊ីវិល​ថ្មី​ក៏​ដោយ​ក៏​ពួក​យោធា​នៅ​តែ​ជា​កម្លាំងដ៏​មាន​ឥទ្ធិពល​ដដែល​ក្នុង​ប្រទេស​ភូមា​ដែល​គេ​ស្គាល់​ថា ​មីយ៉ាន់ម៉ា​ ដែរ​នោះ ក៏​ប៉ុន្តែ​លោក​សង្ឃឹម​ថា នឹង​មាន​ការ​កែ​ប្រែ។ លោក​ ថេយ័រ មាន​ប្រសាសន៍​ថា៖

«ប្រសិន​បើ​យើង​យក​ឧទាហរណ៍​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​មក​ប្រៀប​ធៀប នៅ​ពេល​ណា​លោក​អ្នក​បង្កើត​ផល​ប្រយោជន៍​ផ្សេៗ​សម្រាប់​ពួក​យោធា​ដែល​ក្លាយ​ទៅ​ជា​ពួកជន​ស៊ីវិល​ ឲ្យ​ខុសពី​យោធា​អាជីព ហើយ​ព្រោះ​តែ​ភូមា​បើក​ចំហរ អ្វី​ដែល​យើង​ឃើញ​ក្នុង​របៀប​រៀប​រយ​ថ្មី​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ការ​បែកបាក់​គ្នារ​វាង​ពួក​យោធា​ និង​របប​គ្រប់​គ្រង ស៊ូហាតូ និង​ពួក​មិត្ត​ភ័ក្តិ​របស់​លោក។ ការណ៍​នេះ​ក៏​អាចកើត​មាន​ទ្បើង​ក្នុង​ប្រទេស​ភូមា​ដែរ»។

រដ្ឋសភា​នៃ​ប្រទេស​ភូមា​បាន​បើក​សម័យ​ប្រជុំ​ក្នុង​សប្តាហ៍​នេះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​ដើម្បី​ជ្រើស​រើស​ប្រធានា​ធិបតី ដែល​នឹង​តែង​តាំង​រដ្ឋាភិបាល​ថ្មី​មួយ។

គេ​ដឹង​មិន​ច្បាស់​លាស់​ទេ​ថា​ តើ​ឧត្តម​សេនីយ​ជាន់​ខ្ពស់ ថាន់ ស្វេ នឹង​នៅ​តែ​កាន់តំណែង​ជា​ប្រមុខ​យោធា​តទៅ​ទៀត​ ឬ​បែប​ណា។ ក៏​ប៉ុន្តែ​លោក ថេយ័យ ថ្លែង​ថាលោក​ទំនង​ជា​នឹង​រក្សា​ទុក​អំណាច​ខ្លះ​យ៉ាង​ហោច​ណាស់​នៅ​ពេល​ឥទ្បូវ​នេះ។ លោក​ថេយ័រ​ ថ្លែង​ថា៖

«ដើម្បី​បំពេញ​មុខ​នាទី​មួយ​ នៅ​ក្រោយ​ឆាក ដោយ​ខិត​ខំ​ព្យាយាម​ការពារ​ចក្រ​ភព​របស់​លោក ផល​ប្រយោជន៍​របស់​គ្រួសារ​លោក​ និង​ប្រើ​កលល្បិច​ដ៍​ប៉ិន​ប្រសប់។​ ក៏ប៉ុន្តែ​ដោយ​លោក​មាន​អាយុ​៧៧​ឆ្នាំ​ លោក​នឹង​ទៅ​តាមគន្លង​នៃ​អ្នក​កាន់​អំណាច​ផ្តាច់​ការ​ឯទៀតៗ​ ដែល​ប្រជារាស្ត្រ​នឹង​មើលរំលង​លោក​ពី​ព្រោះ​លោក​នឹង​ស្លាប់។ ដូច្នេះ​ហើយ ​អ្នក​ធ្វើ​ការ​ក្រោម​បង្គាប់​លោក​ដែល​ស្វាមីភ័ក្តិ​ជា​មួយ​លោក និង​ពួក​ភូឈួយ​លោក​នឹង​ចាប់​ផ្តើម​ចាត់​ចែង​ដោយ​ខ្លួន​ឯង»។

ពួក​យោធា​បាន​បិទ​ទម្រង់​ការ​រដ្ឋ​សភា​មិន​ឱ្យ​សាធារណជន​ដឹង​ទេ​ ហើយ​បាន​ប្រកាស​បទ​បញ្ញត្តិ​រឹត​បន្តឹង​ការ​សួរ​ដើម្បី​ជៀស​វាងការ​មិន​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​អំពី​បញ្ហា​នានា ដែល​ពួក​គេ​មិន​ចង់​ឱ្យ​មាន​ការ​ពិភាក្សា​គ្នា។

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG