ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​នៃ​ប្រទេស​បួគីណាហ្វាសូ​និង​សហគមន៍​អន្តរជាតិ​​ អំពាវនាវ​កុំ​ឲ្យ​ពួក​យោ​ធា​ជ្រៀត​ជ្រែក


បាតុករ​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​យោធា​នៅ​​ទី​លាន​ Place de la Nation ក្នុង​ក្រុង​ Ouagadougou រដ្ឋធានី​នៃ​ប្រទេស​ Burkina Faso កាល​ពី​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
បាតុករ​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​យោធា​នៅ​​ទី​លាន​ Place de la Nation ក្នុង​ក្រុង​ Ouagadougou រដ្ឋធានី​នៃ​ប្រទេស​ Burkina Faso កាល​ពី​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

ពលរដ្ឋ​បួគីណាហ្វាសូ (Burkina Faso) ​កំពុង​ចេញ​មក​តាម​ផ្លូវ​នានា​ម្តង​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យ ​នៅ​ពេល​នេះដើម្បី​តវ៉ា​ប្រឆាំង​កង​យោធា ​ដែល​គណបក្សប្រឆាំង​និយាយ​ថា ​កំពុង​ព្យាយាម​ដណ្តើម​យក​ការ​ទម្លាក់​ប្រធានាធិបតី Blaise Campaore ចេញ​ពីតំណែង​ ដែល​ធ្វើ​ឡើង​ដោយ​ប្រជាពលរដ្ឋ។ ​ពួក​យោ​ធា​បាន​ប្រកាសថា​ ខ្លួន​ដឹក​នាំ​ប្រទេស​កាល​ពី​ថ្ងៃ​សុក្របន្ទាប់ពី​មាន​ការ​តវ៉ា​ប្រឆាំង​ពោរពេញ​ដោយ​ហិង្សា​៤​ថ្ងៃ​ជាប់ៗ​គ្នា​និង​យ៉ាង​ខ្លាំងដែល​បណ្តាល​ឲ្យ​លោក Campaore ចុះ​ចេញ​ពី​តំណែង។

គណបក្ស​ប្រឆាំងនៃ​ប្រទេស​បួគីណាហ្វាសូ ​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​ជាសាធារណៈ​រយៈ​ពេល​ខ្លី​ក្នុង​រដ្ឋ​ធានី​ Ouagadougou ​មុន​ពេល​ឆ្ពោះ​ទៅ​កាន់ការ​ចរចា​សម្ងាត់​ជាមួយ​ពួក​មេដឹកនាំ​យោធា​របស់​ប្រទេស​នេះ។

​គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​ពួក​កងទ័ព​ពី​ការ​ប្លន់​បដិវត្តន៍​របស់​ប្រជាជន​ហើយ​បាន​សន្យា​តវ៉ា​ប្រឆាំង​កាន់​តែ​ច្រើន​ឡើង។ ​លោក Jean Hubert Bazie ​សមាជិក​គណបក្ស​ប្រឆាំង ​បាន​អានសេចក្តី​ប្រកាស​កាល​ពីយប់​ថ្ងៃ​អាទិត្យ។

លោក​និយាយ​ថា ​គណបក្ស​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​ ​បាន​បញ្ជាក់​ថា ​ជ័យ​ជម្នះ​ដែល​បាន​មក​ពី​ការ​បះបោរ​របស់​ប្រជាជន ​ជា​របស់ប្រជា​ជន​ ហេតុ​ដូច្នេះ​ហើយ​ទើប​ការ​ដឹកនាំ​ក្នុង​អំឡុង​ពេល​ផ្លាស់​ប្តូរ​របប​គ្រប់គ្រង​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រជាពល​រដ្ឋ។ ពួក​យោធា​មិន​ត្រូវ​ដណ្តើម​យក​ទេ ​ទោះ​ជានៅ​ក្រោម​កាលៈទេសៈ​ណា​ក៏ដោយ។

​សេចក្តី​ថ្លែងការណ៍ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​អន្តរកាល​នេះ ​ត្រូវ​តែមាន​លក្ខណៈ​ប្រជាធិបតេយ្យ​និងស៊ីវិល។

​បន្ទាប់​ពី​ការ​លា​ចេញ​ពី​តំណែង​របស់​លោកCompaore ​មន្រ្តី​យោធា​២នាក់ ​បានធ្វើ​សេចក្តី​ថ្លែងការណ៍រៀងៗ​ខ្លួន​ទាម​ទារថា ខ្លួន​ជាអ្នក​ដឹកនាំ​ប្រទេស។ ​ពួក​កងទ័ព​សម្រុះ​សម្រួល​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បាន​ជ្រើសរើស​តែង​តាំង​មន្រ្តី​យោធា​ម្នាក់​ក្នុង​ចំណោម​មន្រ្តី​ទាំង​២​នោះ គឺ​វរសេនីយ៍​ទោ Yacouba Zida ​ជា​ប្រធាន​អន្តរកាល។

​លោក Zida ​មាន​លំដាប់​ថ្នាក់​លេខ២​នៅ​ក្នុង​ឆ្មាំ​ឆ្នើម​ការពារ​ប្រធានាធិបតី។ លោក​បាន​សន្យា​ធ្វើ​ការ​បោះឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យឲ្យ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ ក៏ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថ្ងៃ​ខែជាក់​លាក់​ទេ។

លោក​បានព្យួរ​រដ្ឋធម្មនុញ្ញ ​ហើយ​បាន​ប្រកាស​បម្រាម​គោចរណ៍​នៅ​ពេល​យប់​ហើយ​បានបិទ​ព្រំ​ដែនទាំងអស់។

​អង្គការ​សហ​ប្រជាជាតិ ​សហភាព​អាហ្វ្រិក​និង​សហគមន៍​សេដ្ឋកិច្ចរបស់​រដ្ឋ​អាហ្វ្រិក​ខាង​លិច ​បាន​បញ្ជូន​គណៈប្រតិភូ​មួយ​ទៅ​កាន់​ប្រទេស​បួគីណាហ្វាសូ។

លោក Mohamed Ibn Chambas ​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ​បាន​អំពាវនាវ​ឲ្យ​មានការ​សន្ទនា​គ្នា​ហើយ ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា ​យើង​សង្ឃឹម​ចង់​បាន​អន្តរកាល​មួយដែល​ដឹកនាំ​ដោយជន​ស៊ីវិល​ម្នាក់និង​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ។ ​លោក​និយាយ​ទៀត​ថា ​ប្រសិន​បើ ​គេ​មិន​ធ្វើ​តាម​ទេ​ ផល​វិបាក​នឹង​មាន​យ៉ាង​ច្បាស់​ក្រឡែត។ ​លោក​និយាយ​ទៀត​ថា​ ​អង្គការ​ ECOWAS និង​សហភាព​អាហ្វ្រិក​ ​មាន​ច្បាប់​ស្រាប់។ ​លោក​និយាយ​ទៀត​ថា ​ពួកគេ​ត្រូវ​តែ ​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​ពួក​គេ​អាច​ដើម្បី​បញ្ចៀស​ការ​គាំង​ដំណើរ​របស់​បួគីណាហ្វាសូ ​ហើយ​នឹង​ការ​បញ្ជា​ឲ្យ​ដាក់​ទណ្ឌកម្ម»។

រដ្ឋ​ធម្មនុញ្ញចែង​ថា ប្រធាន​រដ្ឋសភា ​កាន់​ដំណែ​ង​ជា​ប្រមុខ​រដ្ឋ​នៅ​ពេល​អវត្តមាន​របស់ប្រធានា​ធិបតី។

​ទោះ​ជាយ៉ាង​ណាក៏ដោយ ​មាន​សេចក្តី​រាយការណ៍​ថា ​លោក​ប្រធានាធិបតី​ ​បាន​រត់​គេច​ចេញពី​ប្រទេសហើយ​កងទ័ព​បាន​រំលាយ​សភា។ ​នៅ​ក្នុង​ករណី​បែប​នេះ​ តុលាការ​ធម្មនុញ្ញ ​អាច​តែង​តាំង​មេដឹកនាំ​ថ្មី។

​គណៈ​ប្រតិភូ ​និយាយ​ថា ​ការ​រាល​ដាល​ជំងឺ​អ៊ីបូឡា​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​អន្តរកាលមាន​សារៈ​សំខាន់​បំផុត​ដើម្បី​ធ្វើ​ឲ្យ​មាន​រដ្ឋាភិបាល​និង​សេវាកម្ម​សាធារណៈ​ឡើង​វិញ​ឲ្យ​បាន​ឆាប់​រហ័សតាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​បាន។ ប្រទេស Burkina Faso ​មិន​មាន​ករណី​នៃ​ជំងឺ​អ៊ីបូឡា​ទេ។ ​ប្រទេស​ម៉ាលី​ដែល​ជា​ប្រទេស​ជិត​ខាង​ ​បាន​ប្រកាសករណី​មុន​ដំបូង​នៃ​ជំងឺអ៊ីបូឡានៅ​ក្នុង​ខែ​តុលា៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG