យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Algerie ដែលមានដឹកមនុស្ស១១៦នាក់ បានបាត់ខ្លួន នៅក្នុងដំណើរពីប្រទេសបួគីណាហ្វាសូ (Burkina Faso) ឆ្ពោះទៅប្រទេសអាល់ហ្សេរីនៅទ្វីបអាហ្វ្រិក។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អាល់ហ្សេរីនិយាយថា ប៉មត្រួតត្រាចរាចរណ៍ផ្លូវអាកាសបានដាច់គមនាគមន៍ជាមួយយន្តហោះនេះ នៅពេលប្រហែល៥០នាទីក្រោយការហោះឡើងចេញពីក្រុង Ouagadougou ប្រទេសបួគីណាហ្វាសូក្នុងការធ្វើដំណើរជាប្រក្រតីក្នុររយៈពេល៤ម៉ោង។
ប្រភពប្រទេសអាល់ហ្សេរីបានឲ្យដឹងថា គមនាគមន៍ចុងក្រោយជាមួយយន្តហោះនេះបានធ្វើនៅពេលយន្តហោះនេះកំពុងហោះពីលើប្រទេសម៉ាលី (Mali) ភាគខាងជើង។
យន្តហោះនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនប្រទេសអេស្ប៉ាញឈ្មោះ Swiftair ដែលបានប្រកាសថា គេបានដាក់រាយសម្ភារៈនិងបុគ្គលិកសម្រាប់គ្រាមានអាសន្ន ដើម្បីឲ្យដឹងអំពីឧបទ្វវហេតុនៃយន្តហោះនេះ៕