លោក Nayib Bukele អតីតអភិបាលក្រុង San Salvador នៃប្រទេសអែលសាល់វ៉ាឌ័រ បានប្រកាសទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យម្សិលមិញ។
ដោយសន្លឹកឆ្នោតជិត ៩០ ភាគរយត្រូវបានរាប់ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសអែលសាល់វ៉ាឌ័របានបញ្ជាក់ថា លោក Bukele ឈ្នះបានសំឡេងឆ្នោតជិត ៥៤ ភាគរយ ដែលជាសំឡេងគ្រប់គ្រាន់សម្រាប់បេក្ខជនប្រធានាធិបតីគេចផុតពីការប្រកួតនៅវគ្គបន្តដែលគ្រោងធ្វើនៅខែមិនាខាងមុខនេះ។
លោក Bukele បាននិយាយថា៖ «នៅពេលនេះ យើងអាចប្រកាសដោយជាក់ច្បាស់ថា យើងបានឈ្នះការបោះឆ្នោតប្រធានាធិបតីនេះ»។
អតីតរដ្ឋមន្ត្រីការបរទេសលោក Hugo Martinez នៃគណបក្សកាន់អំណាច FMLN និងលោក Carlos Calleja នៃគណបក្ស ARENA ខាងស្ដាំនិយម បានទទួលស្គាល់ថា ពួកគេទទួលបរាជ័យនៅក្នុងការបោះឆ្នោតនេះ។
អ្នកចេញមកបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញ ត្រូវគេរាយការណ៍មានចំនួនច្រើន។
បេក្ខជនប្រធានាធិបតីទាំងអស់បានសន្យាជាមួយនឹងអ្នកបោះឆ្នោតដូចៗគ្នា ដែលក្នុងនោះមានដូចជាឱកាសសេដ្ឋកិច្ច និងកិច្ចប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាជនពាល និងឧក្រិដ្ឋកម្ម។ ប្រទេសអែលសាល់វ៉ាឌ័រគឺជាប្រទេសមួយដែលមានអត្រាឃាតកម្មខ្ពស់បំផុតមួយនៅលើពិភពលោក។
ប៉ុន្តែ លោក Bukele ដែលតែងតែចាត់ទុកខ្លួនឯងថាជាអ្នកសេរីនិយម ជាអ្នករិះគន់លើក្រុមអ្នកឆ្វេងនិយមនៃគណបក្សកាន់អំណាច។ លោកបានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៃគណបក្សមហាសម្ព័ន្ធដើម្បីឯកភាពជាតិ ដែលជាគណបក្សអភិរក្សនិយមដែលទើបបង្កើតថ្មី៕