បុរសម្នាក់ដែលត្រូវបានរាយការណ៍ច្រើនថា ជាជនជាប់សង្ស័យខ្លាំងជាងគេនៅក្នុងការវាយប្រហារភេរវកម្មដ៏ប្រល័យកាលពីសប្តាហ៍មុននៅក្នុងក្រុងប្រ៊ុចសែលត្រូវបានដោះលែងហើយដោយសារការខ្វះភស្តុតាង។
រាជអាជ្ញាសហព័ន្ធនៃប្រទេសប៊ែលហ្ស៊ិកបាននិយាយកាលពីថ្ងៃច័ន្ទថា អាជ្ញាធរគ្មានការបង្ហាញឲ្យឃើញថាត្រូវឃុំឃាំងបុរសនេះដែល ត្រូវបានប្រាប់អត្តសញ្ញាណថាឈ្មោះ Faycal C.។
នៅមុនការដោះលែងគាត់ Faycal C. បានប្រឈមមុខនឹងការចោទប្រកាន់ដំបូងៗពីបទ «ចូលរួមក្នុងក្រុមភេរវជនមួយ ចូលរួមក្នុងការសម្លាប់បែបភេរវកម្មនិងប៉ុនប៉ងធ្វើការសម្លាប់បែបភេរវកម្ម»។
របាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឲ្យដឹងថា គាត់មានឈ្មោះថា Faycal Cheffou ហើយថាគេមានជំនឿថាគាត់ជាបុគ្គលទីបីដែលត្រូវបានឃើញតាមកាមេរ៉ាសន្តិសុខមួយនៅឯចំណតយន្តហោះជាមួយបុរសពីរនាក់ ដែលបានបំផ្ទុះខ្លួនឯងនៅទីនោះ។
គេដឹងមិនច្បាស់់លាស់ទេថា តើក្រុមអ្នកស៊ើបអង្កេតមានជំនឿថាគាត់ជាបុរសដែលត្រូវបានឃើញនៅក្នុងកាមេរ៉ា CCTV ដែលត្រូវបានថតក្នុងរយៈពេលខ្លីមុនមានការផ្ទុះគ្រាប់បែកនៅក្នុងអាកាសយានដ្ឋាននោះ។
កាលពីព្រឹកថ្ងៃច័ន្ទ ក្រុមប៉ូលិសបានផ្សព្វផ្សាយរូបថតថែមទៀតនៃកាមេរ៉ាឃ្លាំមើលនៅឯចំណតយន្តហោះនោះ ហើយបានសុំឲ្យសាធារណជនជួយកំណត់អត្តសញ្ញាណឈ្មោះជននោះ ដែលមានពាក់មួកនិងអាវរងាពណ៌ស។
បុរសទាំងបីនាក់នោះដែលគេឃើញនៅក្នុងរូបថតកាមេរ៉ាឃ្លាំមើល បានរុញហិបដែលគេមានជំនឿថាមានផ្ទុកដោយគ្រឿងផ្ទុះកាត់តាមសាលសម្រាប់ចាកចេញដំណើរ។
បុរសពីរនេះក្នុងបណ្តាបុរសទាំងបីនាក់នេះបានស្លាប់ហើយនៅក្នុងការផ្ទុះគ្រាប់បែកទាំងនោះ។ បុរសទីបីដែលគ្រាប់បែកទីបីមិនបានផ្ទុះជាមនុស្សដែលគេតាមប្រមាញ់ខ្លាំងបំផុត។
ការវាយប្រហារទាំងនោះបានកើតមានឡើងនៅសឹងតែពេលជាមួយគ្នា ជាមួយការវាយប្រហារមួយនៅឯស្ថានីយ៍រទេះភ្លើងក្រោមដីមួយនៅក្នុងក្រុងប្រ៊ុចសែលបានបណ្តាលឲ្យមនុស្ស៣៥នាក់ស្លាប់និងធ្វើឲ្យមនុស្សប្រមាណ៣០០នាក់ទៀតត្រូវរបួស។
អាជ្ញាធរបានឆ្មក់ចូលលុកច្រើនដងនៅខាងក្នុងនិងនៅជុំវិញរាជធានីនៃប្រទេសប៊ែលហ្ស៊ិក នៅក្នុងការប៉ុនប៉ងមួយដើម្បីបង្អាក់អ្វីដែលហាក់ដូចជាបណ្តាញភេរវជនមួយ ដែលមានសមាជិកជិតស្និទ្ធនឹងគ្នាណាស់ហើយដែលកំពុងរាលដាលធំថែមទៀតផង។
កាលពីថ្ងៃច័ន្ទ ក្រុមរាជអាជ្ញានៅក្នុងក្រុងប្រ៊ុចសែលបានចោទប្រកាន់មនុស្សបីនាក់ថាមានទាក់ទិននឹងក្រុមភេរវជនមួយ។ ពួកបុរសដែលត្រូវបានចោទប្រកាន់ទាំងនោះមានឈ្មោះ Yassine A., Mohamed B. និងឈ្មោះ Aboubaker O.៕