ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កំណត់​ត្រា​ថ្មី៖ អ្នក​វិទ្យាសាស្ត្រ​ថា ខែមីនា​ជា​ខែ​ទី​១០​ជាប់ៗ​គ្នា​ដែល​ក្តៅ​ខ្លាំង​ក្នុង​កំណត់​ត្រា


រូបឯកសារ៖ អ្នកស្ម័គ្រចិត្ត​ចែក​ចាយ​ទឹក​ដល់​អ្នក​ធ្វើដំណើរ​នៅ​ក្នុង​រដូវក្តៅ​ក្នុង​តំបន់ Hyderabad ប្រទេស​ឥណ្ឌា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ អ្នកស្ម័គ្រចិត្ត​ចែក​ចាយ​ទឹក​ដល់​អ្នក​ធ្វើដំណើរ​នៅ​ក្នុង​រដូវក្តៅ​ក្នុង​តំបន់ Hyderabad ប្រទេស​ឥណ្ឌា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

ទីភ្នាក់ងារ Copernicus ដែល​ជា​ទីភ្នាក់ងារ​អាកាសធាតុ​សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា ក្នុង​រយៈពេល ១០ ខែ​ជាប់ៗ​គ្នា​នេះ នៅ​ក្នុង​ខែមីនា​ កម្តៅ​ក្នុង​ពិភពលោក​បាន​ឡើង​ដល់​កំណត់ត្រា​ប្រចាំ​ខែ​ថ្មី​មួយ ដោយ​ទាំង​សីតុណ្ហភាព​ខ្យល់ និង​មហាសមុទ្រ​ក្នុង​ពិភពលោក​ឡើង​ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់​សម្រាប់​ខែមីនា។

ខែមីនា ឆ្នាំ២០២៤ ជា​មធ្យម​មាន​សីតុណ្ហភាព ១៤,១៤ អង្សាសេ ដែល​នេះ​លើស​ពី​កំណត់ត្រា​មុនៗ​ចាប់​ពី​ឆ្នាំ២០១៦ ប្រមាណ ០,១​អង្សា នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ទីភ្នាក់ងារ Copernicus។ សីតុណ្ហភាពនេះ​ក្តៅ​ជាង​កាលពី​ចុង​សវត្សរ៍​ឆ្នាំ​១៨០០ រហូត​១,៦៨​អង្សា​សេ ដែល​ជា​សីតុណ្ហភាព​មូលដ្ឋាន​មុន​ពេលមាន​ការ​ដុត​ឥន្ធនៈ​ហ្វូស៊ីល​ចាប់ផ្តើម​កើន​ឡើង​យ៉ាង​លឿន។

ចាប់​តាំង​ពី​ខែមិថុនា​ឆ្នាំ​មុន​មក ពិភពលោក​បាន​បំបែក​កំណត់ត្រា​កម្តៅ​ជា​រៀងរាល់​ខែ ដោយ​រលក​កម្តៅ​សមុទ្រ​នៃ​មហាសមុទ្រ​ធំៗ​ក្នុង​ពិភពលោក​ក៏​រួម​ចំណែក​ផង​ដែរ។

អ្នក​វិទ្យាសាស្ត្រ​ថ្លែង​ថា កម្តៅ​កំណត់ត្រា​ថ្មី​ក្នុង​អំឡុងពេល​នេះ​មិន​គួរឱ្យ​ភ្ញាក់ផ្អើល​ទាំង​ស្រុង​នោះ​ទេ ​ដោយសារ​តែមាន​បាតុភូត El Nino ។ បាតុភូត​នេះ​ជា​លក្ខខណ្ឌ​អាកាសធាតុ​ដែល​ធ្វើ​ឱ្យ​ក្តៅ​នៅ​តំបន់​ប៉ាស៊ីហ្វិក​កណ្តាល និង​ផ្លាស់ប្តូរ​គំរូ​អាកាសធាតុ​សាកល។

អ្នកស្រី Jennifer Francis អ្នក​វិទ្យាសាស្ត្រ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាកាសធាតុ Woodwell បាន​ថ្លែង​ថា៖ «ប៉ុន្តែ​ការ​រួមបញ្ចូល​គ្នា​របស់​វា​ជាមួយ​នឹង​រលក​កម្តៅ​សមុទ្រ​ដែល​មិនមែន​ធម្មជាតិ​បាន​ធ្វើ​ឱ្យ​កំណត់ត្រា​ទាំង​នេះ​គួរ​ឱ្យ​ភ្ញាក់ផ្អើល»។

អ្នកស្រី Francis បាន​ថ្លែង​ថា ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​នៃ​បាតុភូត El Nino កម្រិត​សីតុណ្ហភាព​ជា​មធ្យម​ក្នុង​សាកល​លោក​ជា​រៀងរាល់​ខែ​គួរ​តែ​ធ្លាក់​ចុះ។

អ្នក​វិទ្យាសាស្ត្រ​អាកាសធាតុ​ថា ​កម្តៅ​ដែល​មាន​កំណត់ត្រា​ថ្មី​នេះ​ភាគច្រើន​គឺ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុដោយ​សារ​មនុស្ស​គឺ​ពី​ការ​បំភាយ​កាបូនឌីអុកស៊ីត និង​មេតាន​ចេញ​ពី​ការ​ដុត​ធ្យូង​ថ្ម ប្រេង និង​ឧស្ម័ន​ធម្មជាតិ។

អ្នកស្រី Francis បាន​ថ្លែង​ថា៖ «បញ្ហា​នេះ​នឹង​មិន​ផ្លាស់ប្តូរ​ទេ រហូត​ទាល់​តែ​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ក្នុង​បរិយាកាស​ឈប់​កើន​ឡើង ដែល​មាន​ន័យ​ថា យើង​ត្រូវ​តែ​បញ្ឈប់​ការ​ដុត​ឥន្ធនៈ​ហ្វូស៊ីល បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ដាំដុះ​ចំណី​អាហារ​របស់​យើង​ឱ្យ​មាន​ចិរភាព​ជាង​មុន​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

អ្នកស្រី​បាន​ថ្លែង​ថា ​រហូត​មក​ដល់​ពេល​នោះ​ យើង​គួរ​រំពឹង​ថា ​នឹង​មាន​កំណត់ត្រា​ថ្មីៗ​បន្ថែម​ទៀត។

នៅ​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ២០១៥ ពិភពលោក​បាន​កំណត់​គោលដៅ​រក្សា​កម្តៅ​ត្រឹម ឬ​ក្រោម ១,៥ អង្សាសេ ធៀប​នឹង​កម្រិត​ចាប់​តាំង​ពី​សម័យ​មុន​ឧស្សាហកម្ម។ ទិន្នន័យ​សីតុណ្ហភាព​របស់​ទីភ្នាក់ងារ Copernicus ធ្វើ​ឡើង​ប្រចាំ​ខែ និង​ប្រើ​ប្រព័ន្ធ​វាស់ស្ទង់​ខុស​គ្នា​តិចតួច​ជាង​កម្រិត​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ធ្វើ​ការ​វាស់ស្ទង់​ជា​មធ្យម​ដោយ​យក​រយៈពេល​លើស​ពី​ ២ ឬ​ ៣ ​ទសវត្សរ៍។

អ្នកស្រី Samantha Burgess ​នាយក​រង​នៃ​ទីភ្នាក់ងារ Copernicus បាន​ថ្លែង​ថា សីតុណ្ហភាព​បំបែក​កំណត់ត្រា​ក្នុង​ខែមីនា មិន​ខុស​ពី​ខែ​ផ្សេង​ទៀត​ក្នុង​ឆ្នាំ​មុន ដែល​បំបែក​កំណត់ត្រា​ដោយ​ភាគរយ​ធំ​ជាង​មុន​នោះ​ទេ។

ដោយ​សំដៅ​ដល់​ខែកុម្ភៈ ឆ្នាំ២០២៤ និង​ខែកញ្ញា ឆ្នាំ២០២៣ អ្នកស្រី Burgess បាន​ថ្លែង​ថា «យើង​មាន​ខែ​ជាច្រើន​ដែល​មាន​កំណត់ត្រា​មិន​ធម្មតា​ជាង​នេះ​ទៅ​ទៀត»។ អ្នកស្រី​បាន​បន្ថែម​ថា ប៉ុន្តែ «រឿង​នេះ​មិន​ស្ថិត​នៅ​ក្នុង​ទិសដៅ​ត្រឹមត្រូវ​នោះ​ទេ»។

ឥឡូវ​នេះ ពិភពលោក​ប្រឈម​នឹង​រយៈពេល ១២ ខែ​ដែល​មាន​សីតុណ្ហភាព​ប្រចាំ​ខែ​ជា​មធ្យម ១,៥៨ អង្សាសេ​លើស​ពី​កម្រិត​កំណត់​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ទីភ្នាក់ងារ Copernicus។

នៅ​ក្នុង​ខែមីនា សីតុណ្ហភាព​លើ​ផ្ទៃ​សមុទ្រ​ក្នុង​ពិភពលោក​ជា​មធ្យម​មាន​កម្រិត ២១,០៧ អង្សាសេ​ដែល​នេះ​ជា​តួលេខ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ក្នុង​កំណត់ត្រា និង​ខ្ពស់​ជាង​កំណត់ត្រា​ក្នុង​ខែកុម្ភៈ​បន្តិច។

អ្នកស្រី Burgess បាន​ថ្លែង​ថា៖ «យើង​ត្រូវការ​សកម្មភាព​ជា​សាកល​ដែល​មាន​មហិច្ឆតា​ជាង​នេះ​បន្ថែម​ទៀត​ដើម្បី​ធានា​ថា ​យើង​អាច​ឈាន​ដល់​តុល្យភាព​ឧស្ម័ន​ស្រូប​កម្តៅ​ក្នុង​បរិយាកាស​ (net zero) លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG