ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​របស់ Brittney Griner ប្តឹង​ឧទ្ធរណ៍​ចំពោះ​ទោស​ជាប់​ពន្ធនាគារ​របស់​នាង


រូបឯកសារ៖ តារា​បាល់បោះ​អាមេរិកាំង Brittney Griner ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៩ឆ្នាំ​នៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​របស់​រុស្ស៊ី​ពី​បទ​រត់​ពន្ធ​គ្រឿង​ញៀន ចូល​រួម​សវនាការ​មួយ​នៅ​ទី​ក្រុង​មូស្គូ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២។
រូបឯកសារ៖ តារា​បាល់បោះ​អាមេរិកាំង Brittney Griner ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៩ឆ្នាំ​នៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​របស់​រុស្ស៊ី​ពី​បទ​រត់​ពន្ធ​គ្រឿង​ញៀន ចូល​រួម​សវនាការ​មួយ​នៅ​ទី​ក្រុង​មូស្គូ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២។

មេធាវី​ការពារ​ក្តី​របស់​តារា​បាល់​បោះ​អាមេរិកាំង Brittney Griner ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៩ឆ្នាំ​នៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​របស់​រុស្ស៊ី​ពី​បទ​រត់​ពន្ធ​គ្រឿង​ញៀន​បាន​និយាយ​ថា ពួកគេ​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​កាត់​ទោស​នេះ។

គេ​មិន​ដឹង​ថា​ការ​ប្តឹង​ឧទ្ធរណ៍​នេះ នឹង​ត្រូវ​បាន​ចូល​ក្នុង​សវនាការ​នៅ​ពេល​ណា​នោះទេ។

អ្នកនាង Brittney Griner ត្រូវ​បាន​កាត់​ទោស​នៅ​ថ្ងៃទី៤ ខែសីហា ប្រហែល ៦ខែ​បន្ទាប់​ពី​នាង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ពី​បទ​យក​ឧបករណ៍​ជក់​ផ្សែង VAPE ដែល​មាន​ផ្ទុក​ប្រេង​កញ្ឆា នៅ​ក្នុង​វ៉ាលី​របស់​នាង។ អ្នកនាង Brittney Griner បាន​សារភាព​ថា​បាន​យក​ឧបករណ៍​នោះ​មក ប៉ុន្តែ​បាន​និយាយ​ថា​នាង​មិន​មាន​ចេតនា​ឧក្រិដ្ឋកម្ម​ទេ។

សហរដ្ឋ​អាមេរិក​និយាយ​ថា ម្ចាស់​មេដាយ​មាស​អូឡាំពិក​ពីរ​លើក​រូប​នេះ ដែល​បាន​ប្រកួត​នៅ ប្រទេស​រុស្ស៊ី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ត្រូវ​បាន​ឃុំ​ខ្លួន​ខុស​ច្បាប់។

មាន​ការ​រំពឹង​ទុក​យ៉ាង​ទូលំទូលាយ​ថា អ្នកនាង Brittney Griner រួម​ជាមួយ​នឹង​លោក Paul Whelan អតីត​ទាហាន​ជើង​ទឹក​អាមេរិកាំង​ដែល​ត្រូវ​បាន​កាត់​ទោស​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ពី​បទ​ចារកម្ម​ អាច​នឹង​ត្រូវ​បាន​ដោះលែង​ជា​ថ្នូរ​នឹង លោក Viktor Bout ដែល​ជា​ឈ្មួញ​អាវុធ​រុស្ស៊ី​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

កាល​ពី​ចុង​ខែ​កក្កដា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក លោក Antony Blinken បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី លោក Sergey Lavrov ដោយ​ជំរុញ​ឱ្យ​លោក​ទទួល​យក​សំណើរ​របស់​សហរដ្ឋ​អាមេរិក​ ឱ្យ​មាន​ការ​ដោះលែង អ្នកនាង Brittney Griner និង​លោក Paul Whelan។

រុស្ស៊ី​បដិសេធ​ថា ការ​ចាប់​ខ្លួន​និង​កាត់​ទោស អ្នកនាង Brittney Griner គឺ​មិន​មាន​ហេតុផល​នយោបាយ​នោះ​ទេ។

ការ​ចរចា​នេះ​កើត​ឡើង​ចំពេល​មាន​ភាព​តានតឹង​ជុំវិញ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ៕

ប្រែ​សម្រួល​ដោយ អ៊ុន សុដាវី

XS
SM
MD
LG