បុរសឈ្មោះ Thomas Mair ដែលបានត្រូវចោទប្រកាន់ថាបានសម្លាប់លោកស្រី Jo Cox សមាជិកាសភាអង់គ្លេសកាលពីកន្លងទៅក្នុងសប្តាហ៍នេះ បានចេញបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតុលាការកាលពីព្រឹកថ្ងៃសៅរ៍ ក្រោយពីបានត្រូវចោទប្រកាន់ពីបទមនុស្សឃាតនិងប្រព្រឹត្តបទឧក្រិដ្ឋកម្មមួយចំនូនទៀត។
នៅពេលត្រូវសួរឱ្យប្រាប់ឈ្មោះគាត់ក្នុងពេលដំណើរការជំរះក្តីចាប់ផ្តើមដែលធ្វើឡើងនៅឯតុលាការ Westminster Magistrates ក្នុងក្រុង Londres ឈ្មោះ Mair បាននិយាយថា«ឈ្មោះខ្ញុំគឺងាប់ទៅពួកក្បត់ជាតិ! សេរីភាពសម្រាប់ប្រទេសអង់គ្លេស» ដែលជាការនិយាយបញ្ឆៀងដល់ការបោះឆ្នោតប្រជាមតិនៅពេលខាងមុខនេះរបស់ប្រទេសអង់គ្លេស ដើម្បីចូលជាសមាជិកភាពនៅក្នុងសហភាពអឺរ៉ុប។ ការបញ្ចេញកំហឹងយ៉ាងខ្លាំងនេះ ជាសម្តីតែមួយគត់របស់គាត់នៅក្នុងតុលាការកាលពីថ្ងៃសៅរ៍។
លោកស្រី Cox ជាអ្នកគាំទ្រម្នាក់ដល់ការរក្សាទុកប្រទេសអង់គ្លេសឲ្យនៅក្នុងសហភាពអឺរ៉ុប។
ពួកប៉ូលិសស៊ើបអង្កេតនៅក្នុងស្រុក Yorkshire របស់លោកស្រី Cox ស្ថិតនៅក្នុងផ្នែកខាងជើងនៃប្រទេសអង់គ្លេសបានប្រកែកមិនព្រមបញ្ជាក់និងមិនបដិសេធថា តើជនសង្ស័យរូបនេះ ពិតជាបានធ្វើឃាតសមាជិកានៃសភាអង់គ្លេសអាយុ៤១ឆ្នាំរូបនេះដោយដោយសារមានជំនឿជាតិនិយមស្តាំជ្រុលឬយ៉ាងណាទេ។
ពួកអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកនៃការវាយប្រហារដោយឈ្មោះ Mair មានអាយុ៥២ឆ្នាំដែលជាបុរសមា្នក់ក្នុងមូលដ្ឋាន បាននិយាយថា បុរសនេះបានស្រែកជាភាសាអង់គ្លេសថា«Britain First»ដែលប្រែថា«ប្រទេសអង់គ្លេសមុនគេ»នៅពេលដែលគាត់បាញ់សមាជិកាសភារូបនេះបីគ្រាប់ ចាក់លោកស្រី ហើយបន្ទាប់មកបានបោចសក់អូសទាញស្ត្រីមានកូនពីរនាក់រូបនេះដែលមានឈាមហូរសស្រាក់។
គណបក្ស Britain First ឬ«ប្រទេសអង់គ្លេសមុនគេ»ដែលជាគណបក្សនយោបាយនិយមនយោបាយស្តាំជ្រុលតូចមួយដែលបានធ្វើយុទ្ធនាការច្រើនឆ្នាំមកហើយបានទាមទារឱ្យប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ ប៉ុន្តែពួកគេនិយាយថាពួកគេ«គ្មានការទាក់ទិនអ្វី»ជាមួយការវាយប្រហារលើសមាជិកាសភាលម្អៀងទៅខាងសហភាពអឺរ៉ុបរូបនេះទេ ហើយពួកមេដឹកនាំនៃគណបក្សនេះបានថ្កោលទោសការវាយប្រហារនេះហើយ៕