ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អង់គ្លេស​នឹង​ចាក់​វ៉ាក់សាំង​កូវីដ១៩ដើម្បី​បង្កើន​ភាព​ស៊ាំ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ


រូបឯកសារ៖ គិលានុបដ្ឋាយិកា​ម្នាក់​ត្រៀម​ចាក់​វ៉ាក់សាំង Pfizer-BioNTech សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ Guy's Hospital ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

កាសែត ​The Telegraph ​បាន​រាយ​ការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា​ ចក្រភព​អង់គ្លេស​នឹង​ចាប់​ផ្តើម​ផ្តល់​វ៉ាក់សាំង​កូវីដ១៩​ដល់​ជនជាតិ​អង់គ្លេស​ចំនួន​៣២​លាន​នាក់​នៅ​ដើម​ខែ​កញ្ញា​នេះ។​ ការ​ចាក់​ថ្នាំ​បង្ការ​នេះ​នឹង​មាន​នៅ​តាម​ឱសថស្ថាន​ចំនួន​២០០០​ កន្លែង​ដោយ​មាន​គោល​ដៅ​ចាក់​នៅ​ដើម​ខែ​ធ្នូ។​

រដ្ឋាភិបាល​អង់គ្លេស​បាន​ត្រៀម​យ៉ាង​ហោច​ណាស់​តាំងពី​ខែ​មិថុនា​នៅ​ពេល​គណៈកម្មាធិការ​ចម្រុះ​ស្តី​ពី​វ៉ាក់សាំង​និង​ភាពស៊ាំ ​(JCVI) ​បាន​អំពាវនាវ​ឱ្យ​ផ្តល់​វ៉ាក់សាំង​ដូស​ទី​៣ ​ដល់​មនុស្ស​អាយុ ​៧០​ ឆ្នាំ​ឡើង​ អ្នក​ថែទាំ​សុខភាព​តាម​ផ្ទះ និង​អ្នក​ងាយ​រង​គ្រោះ​ផ្នែក​សុខភាព។​

តួលេខ​របស់​រដ្ឋាភិបាល​អង់គ្លេស​បង្ហាញ​ថា​ យ៉ាង​ហោច​ណាស់​៩០%​នៃ​ជនជាតិ​អង់គ្លេសពេញវ័យ​បាន​ចាក់​វ៉ាក់សាំង​មួយ​ដូស​ ប៉ុន្តែ​ក្មេង​អាយុ​ពី​១៨​ទៅ​៣០​ឆ្នាំ​បាន​ចាក់​ត្រឹម​តែ​៦០% ​ប៉ុណ្ណោះ។

មជ្ឈមណ្ឌល​ធនធានJohns Hopkinsបាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ថា មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ចំនួន​១៩៨​លាន​ករណីនិង​មាន​អ្នក​ស្លាប់​ចំនួន ​៤លាន ២សែន​នាក់​នៅ​ទូទាំង​ពិភពលោក។ សហ​រដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​គឺ​ចំនួន​៣៥​លាន​នាក់​និង​អ្នក​ស្លាប់​ចំនួន​ ៦១៣.១៧៤ នាក់។

ដើម្បី​លើក​ទឹកចិត្ត​មនុស្ស​ពេញ​វ័យ​នៅ​ក្មេង​ឱ្យ​ចាក់​វ៉ាក់សាំង​មុន​អាកាសធាតុ​ត្រជាក់​ជំរុញ​ឱ្យ​មនុស្ស​ចំណាយ​ពេល​ច្រើន​ក្នុង​ផ្ទះ​នោះ ក្រសួង​សុខភាព​និង​ថែទាំ​សង្គម​បាន​និយាយ​ថា ភោជនីយដ្ឋាន​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូប​អាហារ និង​កម្ម​វិធី​ហៅ​សេវា​រថយន្ត​កំពុង​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​ប្រជាជន​ទៅ​ចាក់​វ៉ាក់សាំង។​

លោក​ Sajid Javid រដ្ឋមន្ត្រី​សុខាភិបាល​បាន​និយាយ​ថា​ «វ៉ាក់សាំង​ការពារ​ជីវិត​មិន​ត្រឹម​តែ​ការពារ​អ្នក​ ការពារ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​ និង​សហគមន៍​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​កំពុង​ជួយ​ឱ្យ​យើង​ទាំងអស់​គ្នា​ត្រឡប់ទៅ​ធ្វើអ្វី​ដែល​យើង​ខកខាន​មិន​បាន​ធ្វើ»។ ​នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press៕​

(សេចក្តី​រាយ​ការណ៍​នេះ​មាន​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AP និង​ AFP)

XS
SM
MD
LG