ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រ​ភព​អង់គ្លេស​សរសើរ​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយ​សារធាតុ​ធ្វើ​ឲ្យ​ខូច​សសៃ​ប្រសាទ


លោកស្រី Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន នៅ​ពេល​លោកស្រី​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​ នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។
លោកស្រី Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន នៅ​ពេល​លោកស្រី​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​ នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។

​លោកស្រី​នាយករដ្ឋ​មន្រ្តីចក្រ​ភព​អង់គ្លេស Theresa May ​បាន​សរសើរ​ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំង​ដោយ​សហរដ្ឋ​អាមេរិក​ដែល​បាន​បញ្ជា​ឲ្យ​បណ្តេញ​អ្នក​ការទូត​រុស្ស៊ី​ចំនួន៦០​នាក់​បន្ទាប់​ពីរដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ទទួល​រង​ការ​ស្តីបន្ទោស​ចំពោះ​ការ​វាយ​ប្រហារដោយ​ប្រើ​សារធាតុ​ធ្វើ​ឲ្យ​ខូច​សសៃ​ប្រសាទ​ប្រឆាំង​នឹង​អតីត​ចារ​បុរសរុស្ស៊ី​ក្នុង​ចក្រ​ភព​អង់គ្លេស។

​សេចក្តី​ថ្លែងការណ៍​ពី​ការិយាល័យ​នាយករដ្ឋ​មន្រ្តី​បាន​ប្រាប់​ឲ្យ​ដឹងថា ​លោកស្រី​នាយករដ្ឋ​មន្រ្តី May ​បាន​និយាយ​ជាមួយ​ប្រធានា​ធិបតី ដូណាល់ ត្រាំ​តាម​ទូរស័ព្ទ​ហើយ​បាន​ប្រាប់​ប្រធានា​ធិបតី​ត្រាំ​ថា ចក្រ​ភព​អង់​គ្លេស​ស្វាគមន៍​ការ​ឆ្លើយ​តប​របស់​សហរដ្ឋ​អាមេរិក​ដល់​ការ​បំពុល​លោក Sergei Skripal ​ហើយ​និង​កូន​ស្រី​របស់​លោក​ក្នុងទីក្រុង Salisbury ​ចក្រ​ភព​អង់គ្លេស​កាល​ពី​ដើម​ខែ​នេះ។

​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹងថា ​«មេដឹកនាំ​ទាំង​២​បាន​ព្រម​ព្រៀងគ្នា​ពី​សារៈ​សំខាន់​នៃការ​រំលាយ​បណ្តាញ​ចារកម្ម​របស់​រុស្ស៊ី​នៅ​ក្នុង​ចក្រ​ភព​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិកដើម្បី​ទប់​ស្កាត់​សកម្មភាព​លួចលាក់​របស់​រុស្ស៊ី​ហើយ​នឹង​រារាំង​ការវាយ​ប្រហារ​ដោយ​ប្រើ​អាវុធ​គីមី​នៅ​ពេល​អនាគត​នៅ​លើ​ទឹក​ដី​របស់​ប្រទេស​ទាំង​២។

ប្រទេស​ជាង២០​បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិកដើម្បី​បណ្តេញ​ពួក​អ្នកការ ទូត​រុស្ស៊ី។​ លោកស្រី​នាយករដ្ឋ​មន្ត្រី May បាន​មាន​ប្រសាសន៍​ថា ​លោកស្រី​ស្វាគមន៍​ចំណាត់​ការ​របស់​អន្តរជាតិ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​អាកប្បកិរិយា​ដ៏​ឥត​អៀន​ខ្មាស​របស់​រុស្ស៊ី​នេះ។

លោក​រដ្ឋ​មន្រ្តីការ​បរទេសរុស្ស៊ី Sergei Lavrov ​បាន​និយាយថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ​នឹង​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​ចំណាត់​ការ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ក្នុង ​រយៈ​ពេល​មួយ​សប្តាហ៍។ ​លោក​បាន​ពណ៌​នា​ថា ​ការ​បណ្តេញ​អ្នក​ការ​ទូត​របស់​ប្រទេស​លោកចេញពី​ប្រទេស​លោក​ខាង​លិច​ជា​អាកប្បកិរិយា​ប្រឆាំង​នឹង​រុស្ស៊ី៕

XS
SM
MD
LG