ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ជំនួយ​កូវីដ១៩ ចំនួន ១,៩ លាន​លាន​ដុល្លារ


ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្ដី​ព្រាងច្បាប់​កញ្ចប់​ថវិកា​ចំនួន ១,៩ លាន​លាន​ដុល្លារ​សម្រាប់​សង្គ្រោះ​វិបត្តិ​កូវីដ១៩ កាល​ពី​ថ្ងៃ​សៅរ៍។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្ដី​ព្រាងច្បាប់​កញ្ចប់​ថវិកា​ចំនួន ១,៩ លាន​លាន​ដុល្លារ​សម្រាប់​សង្គ្រោះ​វិបត្តិ​កូវីដ១៩ កាល​ពី​ថ្ងៃ​សៅរ៍។ ការ​អនុម័ត​នេះ​បាន​ផ្ដល់​នូវ​ជ័យជម្នះ​ធំធេង​លើក​ទី មួយ​ដល់​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​លោក​ប្រធានាធិបតី Joe Biden ចាប់​តាំង​ពី​លោក​បាន​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី ២០ ខែ​មករា​មក។

លោក Biden បាន​ថ្លែង​ពី​សេតវិមាន​ក្នុង​ពេល​ប៉ុន្មាន​នាទី​ក្រោយ​មក បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ព្រឹទ្ធសភា​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​អាច​និយាយ​បាន​ថា យើង​បាន​បោះ​ជំហាន​ដ៏​ធំ​មួយ​ទៀត​ស្រប​តាម​ការ​សន្យា​របស់​យើង​ដែល​ថា ជំនួយ​កំពុង​ត្រូវ​បាន​ផ្ដល់​ជូន​ទៅ​ហើយ»។

លោក​បាន​ថ្លែង​ទៀត​ថា៖ «ជា​ការពិត វា​មិន​មែន​ជា​ការ​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​រឿង​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ជា​បន្ទាន់»។

ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​កិច្ច​ប្រជុំ​រយៈពេល​យូរ​មួយ​ដើម្បី​កែប្រែ​ចំណុច​មួយ​ចំនួន​ឲ្យ​មាន​ការ​គាំទ្រ​ពី​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ។

សេចក្ដីព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ ៥០ ទល់​នឹង ៤៩ នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​មាន​សមាជិក​សរុប​ចំនួន ១០០ នាក់ ដោយ​ពុំ​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​ណា​ម្នាក់​នៃ​គណបក្ស​សាធារណរដ្ឋ​នោះ​ឡើយ។

ឥឡូវ​នេះ​ច្បាប់​កញ្ចប់​ថវិកា​ជំនួយ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋសភា​វិញ​ដើម្បី​ពិនិត្យ​ពិច័យ មុន​នឹង​បញ្ជូន​ទៅ​ឲ្យ​លោក​ប្រធានាធិបតី Biden ចុះ​ហត្ថលេខា​លើ​សេចក្ដី​ព្រាង​ច្បាប់​ចុងក្រោយ​ដើម្បី​ក្លាយទៅ​ជា​ច្បាប់​ពេញលេញ។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បាន​កាត់​បន្ថយ​សំណើ​ថវិកា​ជំនួយ​សម្រាប់​អ្នក​បាត់បង់​ការងារ​ពី ៤០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ មក​នៅ​ត្រឹម ៣០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​វិញ និង​ផ្ដល់​ការ​លើកលែង​ពន្ធ​លើ​ប្រាក់​ជំនួយ​ពេល​គ្មាន​ការងារ​ធ្វើ​នេះ​សម្រាប់​មនុស្ស​ភាគ​ច្រើន ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​លោក Joe Manchin សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ West Virginia ដែល​ប្រកាន់​ទស្សនៈ​កណ្ដាល​និយម។

កាល​ពី​ដើម​សប្ដាហ៍ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Biden បាន​ព្រមព្រៀង​គ្នា​ទៅ​លើ​ការ​រឹត​បន្ដឹង​លក្ខខណ្ឌ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដែល​នឹង​ត្រូវ​ទទួល​បាន​ថវិកា​ចំនួន ១.៤០០ ដុល្លារ។

នៅ​ក្នុង​សំណើ​ច្បាប់​ថ្មី​នេះ អ្នក​ដែល​មាន​ប្រាក់​បៀវត្សរ៍​លើស​ពី ៨០.០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬ​ប្ដីប្រពន្ធ​ដែល​មាន​ប្រាក់​បៀវត្សរ៍​រួម​គ្នា​លើស​ពី ១៦០.០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ នឹង​មិន​ទទួល​បាន​ប្រាក់​ជំនួយ​ឧបត្ថម្ភ ១.៤០០ ដុល្លារ​នេះ​នោះ​ទេ៕

XS
SM
MD
LG