ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

«ស្ពាន​ហាល‍» ច្រក​សំខាន់​ចូល​ប្រាសាទ​អង្គរវត្តនឹង​ត្រូវ​បិទ​ចាប់​ពី​ឧសភា​​ដើម្បី​ជួសជុល


រូបឯកសារ៖ ក្រុម​អ្នក​ទេសចរណ៍​អន្តរជាតិ​រង់ចាំ​ផ្តិត​យក​រូបភាព​នៃ​ព្រះអាទិត្យ​រះ​នៅ​ពេល​ព្រឹក​ព្រលឹម​នៅ​ប្រាសាទ​ អង្គរវត្ត កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែមករា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី​/VOA)

អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​ដឹង​ថា ស្ពាន​ហាលដែល​ជា​ច្រក​សំខាន់​​ចូលទៅ​កាន់​ប្រាង្គ​​ប្រាសាទ​អង្គរវត្ត​​នឹង​ត្រូវ​បិទ​ជា​បណ្តោះ​អាសន្ន​រយៈពេល​៤​ឆ្នាំ ​ចាប់ពី​ខែ​ឧសភា​ខាង​មុខនេះតទៅ ​ដើម្បី​ធ្វើការ​ជួសជុល​ ដោយអាជ្ញាធរ​កំពុង​សាងសង់​ស្ពាន​បណ្ណោះ​អាសន្ន​មួយ​សម្រាប់​​ឱ្យ​ភ្ញៀវទេសចរ​ដើរ​ឆ្លង។

បន្ទាប់​ពី​បើកការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ចូល​ទៅ​កាន់​ប្រាសាទ​អង្គរ​វត្ត​កាល​ពី​ខែ​សភា ​ឆ្នាំ​២០១៦ អាជ្ញាធរ​អប្សរា​បាន​ប្រកាស​ថា​នឹង​បិទ​ស្ពានហាល​នេះ​ទាំងស្រុង​ចាប់​ពី​ខែ​ឧសភាខាងមុខទៅ​ រយៈពេល​៤​ឆ្នាំ។ អំឡុង​ពេលនៃ​ការ​បិទស្ពាន​ហាល​នេះ​ អ្នកទេសចរ​នឹង​ត្រូវប្រើប្រាស់​ស្ពាន​បណ្ដែត​ទឹក​ថ្មី​មួយ​ដែល​កំពុង​ត្រូវ​បាន​សាងសង់​ ហើយ​នឹង​រួចរាល់​ក្នុង​ខែ​ឧសភា។

អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​ដឹង​ថា ស្ពាន​ហាលដែល​ជា​ច្រក​សំខាន់ចូលទៅ​កាន់​ប្រាង្គប្រាសាទ​អង្គរវត្តនឹង​ត្រូវ​បិទ​ជា​បណ្តោះ​អាសន្ន​រយៈពេល​៤​ឆ្នាំ ​ចាប់ពី​ខែ​ឧសភា​ខាង​មុខនេះតទៅ ​ដើម្បី​ធ្វើការ​ជួសជុល​ ដោយអាជ្ញាធរ​កំពុង​សាងសង់​ស្ពាន​បណ្ណោះ​អាសន្ន​មួយ​សម្រាប់ឱ្យ​ភ្ញៀវទេសចរ​ដើរ​ឆ្លង។

កម្ពុជា​បាន​បើកការដ្ឋាន​ជួសជុល​ស្ពានរានហាល​ចូល​ទៅប្រាសាទ​អង្គរ​វត្ត​កាល​ពីខែ​ឧសភា ​ឆ្នាំ​២០១៦​កន្លង ទៅ​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​និងសាកល​វិទ្យាល័យ​សូហ្វីយ៉ាប្រទេស​ជប៉ុន។

លោកស្រី​ ចៅ ស៊ុនកិរិយា ​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​VOA នៅថ្ងៃ​សុក្រ​នេះ​ថា ​ចាប់​ពី​ខែឧសភាទៅ ក្រុម​ការងារ​ជួសជុល​ស្ពានហាលនឹង​ចាប់​ផ្ដើម​បើក​ការដ្ឋាន​ទ្រង់ទ្រាយធំ​ដើម្បី​ជួសជុល​ ដោយ​តម្រូវ​ឱ្យ​ក្រុម​ការងារ​ត្រូវ​បិទ​ស្ពាន​រានហាល​នេះ​ទាំងស្រុង។

លោកស្រី​បន្ត​ថា ស្ពាន​អណ្ដែត​ទឹក​មួយ​នៅ​ខាង​ត្បូង​ស្ពាន​រានហាល​នេះ​កំពុង​ត្រូវ​បាន​សាងសង់​ឡើង​ ហើយ​គ្រោង​នឹង​បញ្ចប់ក្នុង​ខែ​ឧសភា ​ដើម្បី​ប្រើ​សម្រាប់បង្វែរ​ចរាចរណ៍​ និង​រក្សា​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍។

«យើងជួសជុល​រានហាន​ឱ្យ​ហើយ​ទៅ កុំឱ្យ​មាន​គ្រោះថ្នាក់ ដោយសារ​នៅ​កន្លែង​ហ្នឹង​មាន​ការ​លើក​ថ្ម​ធំៗ។ យើង​ចង់​ឱ្យ​សន្តិសុខ​ភ្ញៀវ​មែនទែន​ណា​អូន​ណា៎!»។

យោង​តាមព័ត៌មាននៅលើទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់​អាជ្ញាធរ​ជាតិអប្សរា ស្ពានអណ្តែតទឹកបណ្តោះ​អាសន្ន​ ​ធ្វើ​ពី​ជ័រ​ ​Polye thylene​ ដែល​ធន់នឹង​អាកាស​ធាតុ ហើយ​អាច​មានអាយុកាលប្រើការបាន​ដល់​២០​ឆ្នាំ។

ប្រធាន​នាយកដ្ឋានផ្សព្វផ្សាយនៃ​អាជ្ញាធរជាតិអប្សរាលោក​ ឡុង កុសល ​ប្រាប់VOAបន្ថែម​ថា ស្ពានអណ្ដែតទឹក​នេះនឹង​អាចធានាសុវត្ថិភាព និង​មិនធ្វើ​ឱ្យប៉ះពាល់ដល់​ភ្ញៀវទេសចរនោះ​ទេ​។ លោក​ថា​ ស្ពាន​នេះអាច​ផ្ទុកមនុស្ស​បានច្រើនជាង៦០០០​នាក់ក្នុងពេលតែ​មួយ ដែលស្ពាន​នេះមាន​ទំហំ១០​ម៉ែត្រ និង​មានប្រវែង​១៩៧​ម៉ែត្រ។

«​ទី​២​ ស្ពាន​នោះ​យើង​មាន​បង្កាន់​ដៃ​ដែល​មាន​កម្ពស់​១​ម៉ែត្រ​២​តឹក​នៅ​អម​សងខាង​ស្ពាន ដែល​បង្កាន់​ដៃ​នោះជា​ទី​កន្លែង​មួយ​ដែល​គេ​ហៅ​ថា មិន​អាច​ឱ្យ​ភ្ញៀវ​ហ្នឹង​រអិល​ដួល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​បាន​ទេ​ដោយសារ​មាន​បង្កាន់​ដៃ​ទប់​។ ទី​៣​ ផ្ទៃ​លើ​របស់​ស្ពាន​នោះ​មាន​លក្ខណៈ​គ្រើម​ដែល​ទោះបី​ក្នុង​រដូវ​ភ្លៀង​ក៏​ដោយ​ ក៏​មិន​ឱ្យ​មនុស្ស​រអិល​ដួល​ឬ​ក៏​ដើរ​ឬ​ក៏​រត់​ក៏​មិន​គ្រោះ​ថ្នាក់​ដែរ»។

លោក ​ឡុង កុសល​ អះអាង​ទៀត​ថា ​ស្ពាន​អណ្ដែត​ទឹក​នេះ​ជា​ប្រភេទ​ស្ពាន​សម្រាប់​ប្រើ​នៅ​លើលំហផ្ទៃ​ទឹក​ធំ និង​មានខ្យល់​និងរលក​ច្រើន​ ដូច្នេះ​ ស្ពាន​នេះ​នឹង​អាច​ធានា​លំនឹង​មិន​ឱ្យ​មាន​រំញ័រ​បាន​ ដោយសារ​នៅ​ក្នុង​តំបន់​អង្គរ​មិន​មាន​ខ្យល់​ដែល​អាច​នាំ​ឱ្យ​មាន​រលក​ធំៗ​នោះ​ទេ។

លោក ឡុង កុសល ឱ្យ​ដឹង​ដែរ​ថា ការ​ជួសជុល​ស្ពាន​ហាល​នឹងត្រូវចំណាយ​ពេល​៤​ឆ្នាំ ហើយ​ពេល​ដែល​ស្ពាន​ហាល​នេះ​ជួសជុល​រួចរាល់​និង​បើក​ដំណើរការ​ឡើង​វិញ ស្ពាន​អណ្ដែតទឹក​នេះ​ត្រូវ​រុះរើ​ចេញ​វិញ ​ដើម្បី​រក្សា​សោភណភាព​ដើម ទោះបី​ស្ពានអណ្ដែត​ទឹកនេះ​អាច​មាន​អាយុកាល​ដល់​២០​ឆ្នាំ​ក៏​ដោយ។

«ចឹង​ដើម្បី​ឱ្យ​វា​ដូច​ទៅ​នឹង​សភាព​ដើម​របស់​វា​គឺ​យើង​ចាំ​បាច់​ត្រូវ​តែ​ដកចេញ។ អាហ្នឹង​គឺ​ជា​គោលការណ៍​តែ​ម្ដង​បាទ!»។

លោក ​ធួន ស៊ីណាន ​ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា ​និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិក (Pacific Asia ​Travel Association) ​នៅ​ប្រទេស​កម្ពុជា ​មាន​ប្រសាសន៍​ថា​ ការ​ផ្លាស់​ប្ដូរ​ស្ពាននេះ​អាច​ប៉ះ​ពាល់​ដល់​ភ្ញៀវ​ទេសចរណ៍​មួយ​ចំនួន ក៏​ប៉ុន្តែ​វា​នឹង​មិន​ប៉ះពាល់​ដល់​ចំនួន​ភ្ញៀវទេសចរណ៍​ទៅទស្សនា​ប្រាសាទ​អង្ករ​នោះ​ទេ​។

«​ដូចខ្ញុំ​និយាយ​អម្បាញ់​មិញ​ចឹង វា​អាច​ប៉ះពាល់អារម្មណ៍​ ភ្ញៀវ​អ្នក​ខ្លះ​ OK គាត់​ខ្លាច​គាត់​អី​ចឹង​ណា។ ប៉ុន្តែ ដូច​ខ្ញុំនិយាយ​ចឹង​ថា តំបន់​ហ្នឹង​វា​គ្រប់គ្រង​ទៅ​ដោយ អាជ្ញាធរ​អប្សរា​និង​អង្គការ​យូនិស្កូ (UNESCO) អីចឹង​អាជ្ញាធរ​មិន​អាច​ធ្វើ​អ្វី​មួយ​ដែល​ខ្វះស្ដង់ដា​បានទេ​នៅ​កន្លែង​ហ្នឹង​នោះ ហើយ​ក៏​មិន​អាច​ធ្វើ​អ្វី​មួយ​ដោយ​មិនការ​យល់ព្រមនិងការត្រួតពិនិត្យ​ពី​អង្គការ​យូនីស្កូ​នោះ​ទេ​»​។

ស្ពាន​ហាលមាន​ប្រវែង​១៩០​ម៉ែត្រ​ ទទឹង​ជាង​១១​ម៉ែត្រ​ និង​កម្ពស់​ជាង​៤​ម៉ែត្រ។ ​ស្ពាន​នេះ​សាង​ពី​ថ្ម​បាយ​ក្រៀម​ ក្រាល​ដោយ​កម្រាល​ថ្ម​ភក់​ និង​លម្អ​ដោយ​បង្កាន់​ដៃ​នាគ​ទាំង​សងខាង​។ ​ស្ពាន​បុរាណ​នេះ​គឺ​ជា​ច្រក​ចូល​ដ៏​សំខាន់​ទៅ​កាន់​ប្រាសាទ​អង្គរវត្ត ​ដែល​ទទួល​ភ្ញៀវ​ទេសចរ​ទាំងជាតិ​និង​អន្តរជាតិ​យ៉ាង​តិច​៥លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

ក្នុង​អំឡុង​ទសវត្ស​ទី​៦០​ សាលា​បារាំង​ចុង​បូព៌ា​ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិរក្ស​តំបន់​អង្គរនាសម័យ​នោះ​ បាន​ជួស​ជុល​ស្ពាន​នេះ​មួយ​ចំហៀង​ខាង​ត្បូង​ប៉ុណ្ណោះ។ ​ការ​ជួសជុល​ការ​ខូច​ខាត​ចំហៀង​ភាគ​ខាង​ជើង​ប្រវែង​១៩០​ម៉ែត្រ ​ទទឹង​៥,៥​ម៉ែត្រ​បន្ត​ទៀត ​ត្រូវ​រំខាន​ដោយ​សារ​សង្គ្រាម។​

កាល​ពី​ឆ្នាំ​១៩៩៦​ អាជ្ញាធរ​ជាតិ​អប្សរា​ ដោយ​សហការ​ជាមួយ​សាកល​វិទ្យាល័យ​សូហ្វីយ៉ា​នៃ​ប្រទេស​ជប៉ុន​ បាន​ជួសជុល​ស្ពានហាល​ភាគ​ខាង​ជើង បាន​ប្រវែង​៩០​ម៉ែត្រ ដោយ​ចំណាយ​ពេល​១២​ឆ្នាំ។​ អាជ្ញាធរ​អប្សរា​បាន​ឱ្យដឹង​ថា ការ​ជួសជុល​ដំណាក់កាល​ទី៣​នេះចំណាយ​តិច​ជាង​ បើ​ប្រៀប​ធៀប​នឹង​ដំណាក់កាល​មុន ​ដោយសារ​តែ​បទ​ពិសោធន៍​កន្លង​មក។​

ក្នុង​ការ​ជួសជុល​ស្ពាន​ហាល​នៅ​ដំណាក់កាល​ថ្មី​នេះ ​ប្រទេស​កម្ពុជា​នឹង​ចំណាយ​ថវិកា​បដិភាគ​ចំនួន​៨២០.០០០​ដុល្លារ​សម្រាប់​ការងារ​បច្ចេកទេស ​ពលកម្ម ​និង​សម្ភារ​បន្ថែម។ ​ចំណែក​ជប៉ុន​នឹង​ចំណាយ​៧៦៧.០០០​ដុល្លារ ​ជា​គ្រឿងចក្រ​ស្ទូច​ទំនើបៗ៕

XS
SM
MD
LG